32 C
Phnom Penh

ជនជាតិ​ឥណ្ឌា​រាប់​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់​មាន​ជនជាតិ​ឥណ្ឌា រាប់​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​រោងចក្រ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា កាលពី​ដើម​ខែ​មេសា។

សារព័ត៌មាន​អន្តរជាតិ BBC បាន​ចុះផ្សាយ​ក្នុង​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ឥណ្ឌា បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ​មាន​ចំនួន ២៥០​នាក់​ហើយ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ក្រសួង​ការបរទេស​ឥណ្ឌា បាន​អះអាង​ថា ពលរដ្ឋ​ឥណ្ឌា ទាំងនោះ ត្រូវ​បាន​សន្យា​ថា​នឹង​ផ្តល់​ឱ្យ​នូវ​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​ពួកគេ​បែរ​ជា​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​តាម​អ៊ីនធឺណិត​ដោយ​ខុស​ច្បាប់​ទៅវិញ។

សារព័ត៌មាន​មួយ​នេះ​បាន​រាយការណ៍​មក​ថា ជនជាតិ​ឥណ្ឌា ជាង ៥​ពាន់​នាក់​ដែល​ជាប់​គាំង​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​បោកប្រាស់​តាម​អ៊ីនធឺណិត ខណៈ​មនុស្ស​រាប់​សែន​នាក់​នៅ​ជុំវិញ​ពិភពលោក ក៏​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​បោកប្រាស់​ដោយ​ការ​សន្យា​ផ្តល់​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​ខ្ពស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ជនរងគ្រោះ​ពី​ការ​បោកប្រាស់​នេះ ភាគច្រើន​ជា​ក្មេងៗ​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​សន្យា​ផ្តល់​ការងារ​ឱ្យ​ធ្វើ ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​ទាក់ទាញ​ឱ្យ​ចូល​ទៅ​ធ្វើ​ការងារ​តាម​អនឡាញ​ខុស​ច្បាប់ ដូចជា​ការ​លាង​លុយ​កខ្វក់ ការ​ក្លែង​បន្លំ​រូបិយប័ណ្ណ​សម្ងាត់ និង​អ្វី​ដែល​គេ​ហៅថា​ការ​បោកប្រាស់​ស្នេហា ដែល​ពួកគេ​ធ្វើ​ជា​គូស្នេហ៍​តាម​អ៊ីនធឺណិត ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​សប្តាហ៍​មុន កាសែត Indian Express បាន​ចុះផ្សាយ​ថា ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ទទួល​ពាក្យបណ្ដឹង​ជាង ១០០​ពាក្យបណ្ដឹង (១៣០​ពាក្យបណ្ដឹង) របស់​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ប្រឆាំង​នឹង​ឆន្ទៈ​របស់​ពួកគេ​ដែល​មិន​ព្រម​ធ្វើ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​តាម​ការ​បញ្ចុះបញ្ចូល​របស់​ក្រុម​ឧក្រិដ្ឋជន​នោះ។

ប្រភព​ដដែល​អះអាង​ថា សព្វថ្ងៃ​នេះ ស្ថានទូត​ឥណ្ឌា ក៏​ទទួល​បាន​ពាក្យបណ្ដឹង​ពី ៤ ទៅ ៥​បណ្តឹង​ដែរ​ជា​រៀង​រាល់​ថ្ងៃ​ជា​មធ្យម​ពី​មនុស្ស​ដែល​កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​សន្យា​ផ្តល់​ការងារ​ពី​ក្រុម​ឧក្រិដ្ឋជន។

សារព័ត៌មាន​ដដែល​បញ្ជាក់​ថា ជនជាតិ​ឥណ្ឌា​ទាំងនោះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​បង្ខំ​ឱ្យ​បោកប្រាស់​ប្រជាជន​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ការ​ជំរិត​ទារ​ប្រាក់​ដែល​ក្លែង​ធ្វើជា​មន្ត្រី​អនុវត្ត​ច្បាប់ ខណៈ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​បោក​បញ្ឆោត​កន្លង​មក ត្រូវ​ខាតបង់​ទឹកប្រាក់​យ៉ាងហោចណាស់​ចាប់ពី ៥​ពាន់​លាន​រូពី ដែល​ស្មើ​នឹង ៥៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ សារព័ត៌មាន​អន្តរជាតិ REUTERs និង​សារព័ត៌មាន CNN បាន​ចុះផ្សាយ​អំពី​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា ដោយ​លើកឡើង​ពី​សម្ដី​របស់​អគ្គលេខាធិការ​ប៉ូលិស​អន្តរជាតិ Interpol លោក Jurgen Stock ដែល​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ស្ថាប័ន​សម្របសម្រួល​ប៉ូលិស​ពិភពលោក​របស់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត (Online Scam) ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ។

លោក Jurgen Stock អះអាង​ថា ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ បាន​ក្លាយ​ជា​វិបត្តិ​សកល​យ៉ាង​ធំធេង ខណៈ​កម្ពុជា​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី ហើយ​មនុស្ស​យ៉ាងហោចណាស់​ជាង ១​សែន​នាក់​ត្រូវ​បាន​ជួញដូរ​ទៅ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស