31 C
Phnom Penh

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា ពីព្រោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។

អង្គការ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ម្ចាស់​ជំនួយ​កម្ពុជា​ទាំងអស់ រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង និង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ត​ទៅ​ទៀត។

កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា អំពើពុករលួយ​ស៊ីសំណូក​សូកប៉ាន់ និង​ប្រព័ន្ធ​ច្បាប់​ដ៏​លម្អៀង​របស់​កម្ពុជា បាន​រារាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​គាំទ្រ​តំណាង​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ នេះ។

ទោះជា​បែប​នេះ​ក្តី ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា វា​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន និង​គ្មាន​តម្លៃ​អ្វី​ទាំងអស់​ដែល​អង្គការ Human Rights Watch មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា។ លោក​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​រាល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដឹកនាំ​ជា​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លទ្ធផល​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥៥​អាសនៈ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួល​បាន ៣​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំង ៦២ ដែល​មាន​នៅ​ក្នុង​ព្រឹទ្ធសភា។

នា​សម័យ​ប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​វិមាន​ព្រឹទ្ធសភា​ដែល​មាន​វត្តមាន​ពី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ថា លោក​នឹង​ការពារ​យ៉ាង​មុតមាំ​នូវ​រដ្ឋធម្មនុញ្ញ របប​រាជា​និយម និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ។

លោក​ថា ការងារ​អាទិភាព​របស់​ព្រឹទ្ធសភា រួម​មាន​ការ​លើកកម្ពស់​ការទូត​សភា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដៃគូ​អន្តរជាតិ និង​ធ្វើការ​រួម​គ្នា​តាមរយៈ​កិច្ចសន្ទនា និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សកល ដូចជា បញ្ហា​សង្គ្រាម ការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​មហាអំណាច និង​បញ្ហា​ផ្សេង​ទៀត ជាដើម។

លោក ហ៊ុន សែន ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត ៤​ទសវត្សរ៍ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា លោក​នឹង​នៅតែ​បន្ត​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​ការ​ចាកចេញ​ពី​ស្ថាប័ន​រដ្ឋសភា ទៅ​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា​នោះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​នៃ​ការ​កាន់​អំណាច​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​បាន និង​កំពុង​ស្ថិត​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាង ៧​ខែ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ដើរ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ពី​សមាជិក​សភា​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា មិនមែន​ជា​ការ​ដើរ​ចេញពី​អំណាច​ទេ ប៉ុន្តែ​គឺជា​ល្បែង​ពង្រឹង​គ្រឹះ​អំណាច​គ្រួសារ ដោយ​ប្រើ​ស្ថាប័ន​ព្រឹទ្ធសភា​ជា​ឧបករណ៍​សម្រាប់​ប្រថាប់​ត្រា និង​គាបសង្កត់​ជា​ចំហ ដោយ​ការ​ប្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់ ទាំង​ភ្លឺ ទាំង​ងងឹត កាន់តែ​ងាយស្រួល​ជាង​មុន​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស