30 C
Phnom Penh

ក្រុម​អ្នកវិភាគ​ថា​ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប​គឺ​ដើម្បី​គំរាម​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប កាលពី​ជាង ២០​ឆ្នាំ​មុន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ភូត​កុហក និង​ដើម្បី​គំរាម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ដែល​មិន​ពេញចិត្ត​នឹង​ការ​រៀបចំ​អំណាច​គ្រួសារ​របស់​គាត់​នៅ​ពេលនេះ​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប គឺ​ដើម្បី​គំរាម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត ឲ្យ​យល់ព្រម​ទទួលស្គាល់​គាត់​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេលនេះ​ផង និង​ដើម្បី​ប្រាប់​អ្នក​ទាំងនោះ​ផង​ថា គាត់​ធ្លាប់​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកដទៃ​កន្លង​មក ដូច្នេះ​គាត់​ក៏​អាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដើម្បី​ទម្លាក់​កំហុស​លើ​មន្ត្រី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​បាន​ដែរ ដើម្បី​កម្ចាត់​អ្នក​ទាំងនោះ ប្រសិនបើ​ពួកគេ​នៅតែ​ចិញ្ចឹម​ចិត្ត​ជំទាស់​ទៅ​នឹង​ការ​រៀបចំ​អំណាច​គ្រួសារ​របស់​គាត់​បន្ត​ទៀត។

ប្រភព​ដដែល​បាន​អះអាង​ថា លើស​ពី​នេះ ក៏​ដើម្បី​បង្ហាញ​នូវ​សញ្ញា​ភ័យ​ព្រួយ​របស់​លោក ហ៊ុន សែន ដែរ​ថា អ្វីៗ​គាត់​ធ្លាប់​ប្រព្រឹត្ត​លើ​អ្នកដទៃ​កន្លង​មក ជាពិសេស​មន្ត្រី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​ក៏​អាច​នឹង​ធ្វើ​រឿង​បែប​នេះ​ដាក់​កូនៗ​របស់​គាត់​នៅ​ថ្ងៃ​ណា​មួយ​ដែរ។

លោក គឹម សុខ លើកឡើង​ថា តាម​ការ​វិភាគ​របស់​អ្នកជំនាញ​យោធា​បស្ចិម​ប្រទេស​បង្ហាញ​ថា គ្រាប់​រ៉ុក្កែត ៤​គ្រាប់​ដែល​លោក ហ៊ុន សែន អះអាង​ថា​គេ​រៀបចំ​ប៉ុនប៉ង​សម្លាប់​គាត់​នៅ​ខេត្ត​សៀមរាប និង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៨ នោះ គឺជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ទាំងអស់។

លោក​បន្ត​ថា គ្រាប់​រ៉ុក្កែត​ទាំងនោះ​មិនមែន​បាញ់​ពី​ចម្ងាយ​ទេ គឺ​យក​ទៅ​ដាក់​នៅ​ទីនោះ និង​កំណត់​ម៉ោង​ឲ្យ​ផ្ទុះ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ទីតាំង​ដាក់​គ្រាប់​រ៉ុក្កែត​នោះ គ្មាន​អ្នក​ណា​អាច​យក​ទៅ​ដាក់​នៅ​ទីនោះ​បាន​ទេ ក្រៅតែ​ពី​មនុស្ស​របស់​លោក ហ៊ុន សែន ខ្លួនឯង​នោះ ព្រោះ​ថា​កន្លែង​នោះ​គឺជា​ទីតាំង​យាមកាម​ដ៏​តឹងរ៉ឹង​បំផុត​ពី​សំណាក់​អង្គរក្ស​របស់​គាត់។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា រីឯ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​បរិវេណ​របង​ផ្ទុះ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ​វិញ អ្នកជំនាញ​យោធា​បស្ចិម​ប្រទេស​លើក​ជា​សំណួរ​ថា តើ​អ្នក​ណា​អាច​យក​គ្រាប់បែក​ទៅ​ដាក់​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់​បាន ក្រៅតែ​ពី​មនុស្ស​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ទុក​នោះ។

លោក​បន្ត​ថា ក្នុង​បរិវេណ​ផ្ទះ​របស់​លោក ហ៊ុន សែន គឺជា​ទីតាំង​យាមកាម​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ច្រើន​ណាស់ ហើយ​គ្រាប់បែក​នោះ​ផ្ទុះ គឺ​ចំ​ពេល​ដែល​គ្មាន​សមាជិក​គ្រួសារ​របស់​លោក ហ៊ុន សែន នៅ​ផ្ទះ​ថែម​ទៀត ដូច្នេះ​ទាំង​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត និង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់ សុទ្ធសឹងតែ​ជា​ការ​បង្ក​ចលាចល​នយោបាយ ដើម្បី​គាប​សង្កត់​ឲ្យ​គណបក្ស​ផ្សេង​ឲ្យ​សម្របសម្រួល​នយោបាយ ទទួល​យក​គាត់​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រំលឹក​ពី​ប្រវត្តិ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូបលោក​កាលពី​ជាង ២០​ឆ្នាំ​មុន ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​លើកដំបូង បន្ទាប់ពី​លោក​ត្រូវ​បាន​បោះឆ្នោត​ឱ្យ​ធ្វើជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ថ្មី​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​៥ នេះ បាន​រំលឹក​អំពី​ប្រវត្តិ​បង្កើត​រដ្ឋសភា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​លើកដំបូង​កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា បើ​លោក​ស្លាប់​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​១៩៩៨ នោះ​ខេត្ត​សៀមរាប នឹង​ក្លាយ​ជា​វាល​ពិឃាត ប៉ុន្តែ​សំណាង​ល្អ លោក​មិន​អស់​ជីវិត​នៅ​ពេល​នោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​រំលឹក​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ ការ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​ទោះបីជា​មាន​ការ​ព្រមព្រៀង​ថា ការ​ប្រជុំ​សភា​លើកដំបូង​ត្រូវ​ធ្វើ​នៅ​ក្នុង​ព្រះបរមរាជវាំង​ក៏ដោយ ព្រោះ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ សព្វ​ព្រះ​ហឫទ័យ​កោះ​ប្រជុំ​សភា​នៅ​ឯ​ខេត្ត​សៀមរាប វិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូបលោក​ត្រូវ​បាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​អំឡុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប នៅ​ពេល​នោះ។

លោក ហ៊ុន សែន ព្រមាន​ថា ជា​ភ័ព្វសំណាង​សម្រាប់​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់ ហើយ​ក៏​ជា​ភ័ព្វសំណាង​សម្រាប់​រូបលោក​ដែរ ដែល​លោក​មិន​ស្លាប់​នៅ​ពេល​នោះ ព្រោះ​ថា​បើ​លោក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ ខេត្ត​សៀមរាប​ទាំងមូល នឹង​ក្លាយ​ជា​ថ្លុក​ឈាម ហើយ​ក៏​នឹង​ក្លាយ​ជា​វាល​ពិឃាត​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ករណី​បាញ់​រថយន្ត​របស់​លោក ហ៊ុន សែន កាលពី​ខែ​កញ្ញា ឆ្នាំ​១៩៩៨ គឺជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ខ្លួនឯង ដើម្បី​កម្ចាត់​គណបក្ស សម រង្ស៊ី និង​ដើម្បី​ទម្លាក់​កំហុស​លើ​រូបលោក​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​មាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​គាត់ សុទ្ធតែ​ជា​ឆាកល្ខោន​ដែល​គាត់​រៀបចំ ដើម្បី​ទម្លាក់​កំហុស​មក​លើ​គណបក្ស សម រង្ស៊ី ទាំងអស់ ព្រោះ​ថា​លោក សុខ យឿង ដែល​លោក ហ៊ុន សែន អះអាង​ថា​ជា​សកម្មជន​គណបក្ស សម រង្ស៊ី ហើយ​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នោះ គឺ​លោក​មិន​ដែល​ស្គាល់​ពី​មុន​មក​នោះ​ទេ។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​២ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត លទ្ធផល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទទួល​បាន​អាសនៈ​ចំនួន ៦៤ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​អាសនៈ​ចំនួន ៤៣ ខណៈ​គណបក្ស សម រង្ស៊ី ទទួល​បាន​អាសនៈ​ចំនួន​១៥។

យ៉ាងណាក៏ដោយ ក្រោយ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ក៏​ផ្ទុះ​ឡើង​នូវ​ការ​តវ៉ា​ពី​ពលរដ្ឋ​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​បោះ​តង់​ស្នាក់នៅ​មុខ​រដ្ឋសភា​ជាតិ​តែម្តង ដោយ​ចោទ​ថា​លោក ហ៊ុន សែន លួច​បន្លំ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នោះ ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ថា​លោក ហ៊ុន សែន ត្រូវ​គេ​ប៉ុនប៉ង​សម្លាប់​នៅ​ខេត្ត​សៀមរាប និង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ក៏​ចាប់ផ្តើម​មាន​លេស​បង្ក្រាប​ហ្វូង​បាតុករ​តែម្តង ខណៈ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន សែន ក៏​បាន​ចាប់​ដំណើរការ​ផ្លូវការ​ក្រោយ​ការ​បង្ក្រាប​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស