36 C
Phnom Penh

លោក ហ៊ុន សែន ដែល​ទើប​តែ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ពីរ​ថ្ងៃ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​តែ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ទើប​តែ​បាន​ពីរ​ថ្ងៃ​ដែល​ស្ទើរតែ​រៀប​ឫក​មិន​ទាន់​ផង​នោះ បាន​ទទួល​ភារៈ​បំពេញ​មុខនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី បន្ទាប់ពី​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​មាន​ព្រះរាជ​ចំណារ​អំពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​៥ ខែ​មេសា។ នៅ​ក្នុង​ព្រះរាជ​ចំណារ​នោះ ព្រះអង្គ​ពុំ​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការ​យាង​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ពេលណា​នោះ​ឡើយ។

ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ជប៉ុន នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ព្រះវិហារ Homyo-in ស្ថិត​លើ​ភ្នំ Muryoju និង​ជា​ភ្ញៀវ​កិត្តិយស​អបអរ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅ The Royal Grand Hall of Buddhism នា​ក្រុង​អូសាកា។

នៅ​ក្នុង​ព្រះរាជសារ​ជូន​ជន​រួម​ជាតិ​កាលពី​ថ្ងៃទី​៤ មេសា ព្រះករុណា​ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ដែល​ព្រះអង្គ​អវត្តមាន​ពី​មាតុប្រទេស​ពេល​នេះ គឺ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ទើប​តែ​ជ្រើសតាំង​កាលពី​ថ្ងៃទី​៣ មេសា នឹង​ទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋ​ស្តីទី លោក ហ៊ុន សែន អាច​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ តែងតាំង និង​ដក​តំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូលៗ ជាពិសេស​នៅ​ក្នុង​រាជរដ្ឋាភិបាល។ នៅ​ប្រទេស​កម្ពុជា ការ​ដោះដូរ ការ​ដក​តំណែង និង​ការ​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​គ្រប់​ជាន់​ថ្នាក់ គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ផ្តួល​រំលំ​របប​ខ្មែរក្រហម​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​ទល់​នឹង​សព្វថ្ងៃ។

ក្នុង​កិច្ចប្រជុំ​លើកដំបូង​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ សមាជិក​ព្រឹទ្ធសភា​ទាំងអស់​សរុប​ចំនួន ៦២​រូប បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ​លោក ហ៊ុន សែន ឡើង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា។ តាម​ច្បាប់ លោក ហ៊ុន សែន នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​ព្រះករុណា ព្រះមហាក្សត្រ យាង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស