29 C
Phnom Penh

ប្រធាន​ព្រឹទ្ធសភា​ថ្មី​លោក ហ៊ុន សែន តែងតាំង​ទីប្រឹក្សា​ច្រើន​មិន​ខុស​ពី​កូន​ជា​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្រេច​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​សម្រាប់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ចំនួន ៧៣​នាក់ តាម​សំណើ​ទូល​ថ្វាយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​អ្នក​ខ្លះ​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ដែល​មាន​ចំនួន​លើស​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ទ្វេដង។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ក្រៅពី​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​ចំនួន ៧៣​នាក់ ព្រះអង្គ​តែងតាំង​នាយក និង​នាយករង​ខុទ្ទកាល័យ​ចំនួន ៦​នាក់ និង​ជំនួយការ​ម្នាក់​សម្រាប់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី តាម​សំណើ​របស់​លោក ហ៊ុន សែន ខណៈ​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា ក៏​ទទួល​បាន​ការ​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា នាយក និង​នាយករង​ខុទ្ទកាល័យ ព្រមទាំង​ជំនួយការ​តាម​សំណើ​របស់​លោក ហ៊ុន សែន ដែរ។

ការ​តែងតាំង​ទីប្រឹក្សា ជំនួយការ នាយក និង​នាយករង​ខុទ្ទកាល័យ​សម្រាប់​អនុប្រធាន និង​ប្រធាន​ព្រឹទ្ធសភា នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ព្រឹទ្ធសភា​ត្រូវ​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​សម្រាប់​អាណត្តិ​ថ្មី​កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា កន្លង​ទៅ​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​លើកដំបូង​សម្រាប់​អាណត្តិ​ទី​៥ ក្នុង​នោះ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ថ្មី​នេះ​ជំនួស​លោក សាយ ឈុំ ស្រប​ពេល​ដែល​លោក ប្រាក់ សុខុន និង​លោក អ៊ុច បូរិទ្ធិ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើជា​អនុប្រធាន​ទី​១ និង​ទី​២ ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា នាយក និង​នាយករង​ខុទ្ទកាល័យ ព្រមទាំង​ជំនួយការ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ កាលពី​អាណត្តិ​ទី​៤ សរុប​ត្រឹមតែ ៣១​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ទីប្រឹក្សា នាយក និង​នាយករង​ខុទ្ទកាល័យ ព្រមទាំង​ជំនួយការ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ គឺ​មាន​ចំនួន​ច្រើន​ជាង​មុន​ទ្វេដង ដែល​គិត​ជា​សរុប​គឺ​មាន​ចំនួន​ដល់​ទៅ ៨០​នាក់​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ទាំង​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​ថ្មី​លោក ហ៊ុន សែន សុទ្ធតែ​បាន​តែងតាំង​ទីប្រឹក្សា ជំនួយការ​កាន់តែ​ច្រើន​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន ក្នុង​នោះ​គ្រាន់តែ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ត្រឹមតែ​ជាង ២០​ថ្ងៃ ចំនួន​ទីប្រឹក្សា និង​សមាជិក​រដ្ឋាភិបាល ត្រូវ​បាន​តែងតាំង​រហូត​ដល់​ទៅ​ជិត ៤​ពាន់​នាក់ (៣៨០៩​នាក់) ឯណោះ។ ទង្វើ​នេះ​រង​នូវ​ការ​រិះគន់​ថា ជា​ការ​តែងតាំង​បក្ខពួក​ខ្លួន​បែប​នេះ​កំពុង​នាំ​ទៅ​រក​ការ​បំផ្លាញ​ថវិកា​ជាតិ​ធ្ងន់ធ្ងរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មេសា នេះ​ថា ការ​តែងតាំង​ទីប្រឹក្សា​ច្រើន​បែប​នេះ មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិនមែន​ជា​រឿង​ថ្មី​ដែរ ត្បិត​ការ​តែងតាំង​តួនាទី​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដល់​សមាជិក​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​នូវ​សេដ្ឋកិច្ច​ទន់ជ្រាយ​ដូច​សព្វថ្ងៃ​នេះ ការ​តែងតាំង​ទីប្រឹក្សា​ហួស​មាឌ គឺជា​រឿង​ដែល​មិន​សម​ទំនង​នោះ​ទេ។ ជាង​នេះ​ទៀត តំណែង​ទីប្រឹក្សា​ទាំងនោះ​ក៏​គេ​នៅ​មិន​ដឹង​ថា តើ​នឹង​មាន​ប្រសិទ្ធភាព​បែប​ណា​នោះ​ដែរ ព្រោះ​បើ​តាម​បទពិសោធន៍​កន្លង​មក មន្ត្រី​ទីប្រឹក្សា​ខ្លះ​ប្រើ​តំណែង​នេះ​ដើម្បី​តែ​ស្វែងរក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា ការ​ផ្តល់​តំណែង​ទីប្រឹក្សា​របស់​មន្ត្រី​រដ្ឋាភិបាល​កន្លង​មក ទាំង​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ជិត ៣០ និង​ស្ថាប័ន​រដ្ឋសភា ព្រមទាំង​ស្ថាប័ន​ព្រឹទ្ធសភា ជាដើម គឺ​ដើម្បី​តែ​បំពេញ​បំណង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​បាន​តំណែង​នោះ​តែប៉ុណ្ណោះ ខណៈ​ប្រសិទ្ធភាព​ការងារ​ពី​មុខនាទី​របស់​ពួកគេ គឺ​ពិបាក​នឹង​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​ក្តី​សង្ឃឹម​លើ​មន្ត្រី​ទាំងនោះ​ខ្លាំង​ណាស់​រយៈពេល​កន្លង​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​រដ្ឋាភិបាល​ពុក​ផុយ​មួយ​ប៉ុណ្ណោះ ទោះបីជា​គណបក្ស​នេះ​មាន​សមាជិក​ច្រើន​ដាច់​លើស​គណបក្ស​នយោបាយ​ដទៃ​ទៀត​ក៏ដោយ ព្រោះ​ថា​អ្នក​ទាំងនោះ​មិនមែន​ប្រមូលផ្ដុំ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ទេ គឺ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ហែកហួរ និង​ដណ្តើម​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ក្នុង​នោះ​គឺ​រាប់​ចាប់តាំងពី​គ្រួសារ​លោក ហ៊ុន សែន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស