32 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​រក្សា​បន្ត​ការ​អនុវត្ត​អភិក្រម ៥​ប្រការ​ពី​ឪពុក តើ​អាច​ធ្វើ​បាន​ប៉ុនណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អភិក្រម​ទាំង ៥ ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​ជា​ឪពុក នៅតែ​មាន​តម្លៃ​ក្នុង​ការ​ដាស់តឿន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គ្រប់​កម្រិត ឱ្យ​ពិនិត្យ និង​កែលម្អ​ខ្លួន​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ។

កូនប្រុស​ស្នង​អំណាច​ពី​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​មុខងារ​សាធារណៈ កាលពី​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២៤ ថា ប្រសិនបើ​មន្ត្រី​រដ្ឋាភិបាល​បោះបង់​ចោល​អភិក្រម​ទាំង ៥ នេះ នោះ​មាន​ន័យ​ថា មន្ត្រី​រដ្ឋាភិបាល​នឹង​មិន​បាន​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​នៅ​កន្លែង​ណា​នោះ​ទេ ហើយ​ការ​បោះ​ចោល​អភិក្រម​នេះ គឺ​ស្មើ​នឹង​ការ​បរាជ័យ​ដែល​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រលំរលាយ​បាន​ដែរ។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ប្រកាន់​យក​អភិក្រម​នេះ​ឲ្យ​ខ្ជាប់ខ្ជួន ដោយ​ធ្វើ​សម្រាប់​ទាំង​ខ្លួនឯង​ផង ទាំង​ស្ថាប័ន​របស់​ខ្លួន​ផង ដើម្បី​ស្វ័យ​ទិតៀន ឬ​ដាក់​ខ្លួន​ឱ្យ​មហាជន​រិះគន់​រាល់​ចំណុច​អវិជ្ជមាន​នានា ដើម្បី​សម្អាត​កាយ វាចា និង​ចិត្ត​ឱ្យ​ស័ក្ដិសម​ជា​មន្ត្រី​រាជការ ដើម្បី​លុប​បំបាត់​នូវ​ទង្វើ​អសកម្ម ដូចជា អំពើពុករលួយ បក្សពួក​និយម ដើម្បី​ដាក់​វិន័យ​រាល់​កំហុស​ឆ្គង និង​ដើម្បី​វះកាត់ គឺ​ការ​ដក​តំណែង​លើ​អ្នក​ប្រព្រឹត្ត​ខុស​ជា​កំហិត​ផង​ដែរ។

គួរ​កត់​សម្គាល់​ថា ពាក្យ ស្វ័យ​ទិតៀន ធ្លាប់​តែ​ឮ​ញឹកញាប់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​បន្ទាប់ពី​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ ត្រូវ​គេ​មើល​ឃើញ​ថា គណបក្ស​នេះ​ដឹកនាំ​ប្រទេស​តាម​របៀប​ឧទ្ទាម​ទ័ព​ព្រៃ ជាជាង​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់​អន្តរជាតិ និង​ច្បាប់​ផ្សេងៗ​ជាច្រើន​ដទៃ​ទៀត ក្នុង​នោះ​គេ​ក៏​រក​ឃើញ​ដែរ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សុទ្ធសឹងតែ​ទទួល​បាន​ការ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច និង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​កន្លង​មក។

ឧទាហរណ៍​ជាក់ស្តែង គេ​ឃើញ​មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​ប្រធាន និង​ជា​អនុប្រធាន​កង​អង្គរក្ស​ពិសេស​របស់​លោក ហ៊ុន សែន ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ជាន់ខ្ពស់​ក្នុង​ជួរ​គ្នីគ្នា​គាត់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

លើស​ពី​នេះ​ទៀត ក្រុម​ឧកញ៉ា​ដែល​ជា​ឧក្រិដ្ឋជន​ព្រៃឈើ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ឱ្យ​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ដែរ ដូចជា ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា ឧកញ៉ា ទ្រី ភាព ហៅ​ស្តេច​គ្រញូង ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពង់ធំ ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា​ជ័យ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ជាដើម។

ក្រៅពី​នោះ ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន លោក ចាប សារ៉ន ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃឡង់ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី។ បន្ថែម​លើ​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​តែងតាំង​អ្នកស្រី ជា រដ្ឋា ដែល​ជា​ទណ្ឌិត​កំពុង​ស្ពាយ​ទោស ជា​ទីប្រឹក្សា​កាលពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត ខណៈ​មហាសេដ្ឋី​ដើមកំណើត​ចិន​ចូល​សញ្ជាតិ​ខ្មែរ​ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ដែល​រដ្ឋ​អំណាច​ចិន តាម​ចាប់​ខ្លួន ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ​ដែល​មក​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ ដែល​កំពុង​គ្រប់គ្រង និង​កាច់​ចង្កូត​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត រួម​មាន ភូមា ចិន និង​រុស្សី ជាដើម ដែល​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ខណៈ​ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ ក៏​ស្ថិត​នៅ​ក្បែរ​បាត​តារាង​ដែរ គឺ​ជាប់​លេខ​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដោយសារតែ​គេ​រក​ឃើញ​ថា កម្ពុជា​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ធ្ងន់ធ្ងរ​កន្លង​មក។

ដំណើរការ​ប្រព្រឹត្ត​ទៅ​តាម​មុខងារ​ក្នុង​ស្ថាប័ន​ជាតិ​នៃ​រាជរដ្ឋាភិបាល​ពី​ការ​តែងតាំង ជ្រើសតាំង​មុខតំណែង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នា​បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ងឿងឆ្ងល់ ហើយ​សាកសួរ​តាម​បណ្ដាញ​សង្គម​ថា តើ​ស្តេច​សោយរាជ្យ​ដើម្បី​អ្វី? អ្នក​ខ្លះ​ឆ្លើយ​ថា ស្តេច​សោយរាជ្យ​ដើម្បី​រស់!

ចំណែកឯ​រឿង​គំនិត​បង្កើត​អភិក្រម​ប្រាំ​ប្រការ​ដែល​ចែង​ថា ឆ្លុះកញ្ចក់ ងូត ឬ​មុជទឹក ដុស​ក្អែល ព្យាបាល វះកាត់ នោះ ជា​គំនិត​ល្អ​ហើយ ប៉ុន្តែ​សាធារណជន​ខ្មែរ​សួរ​ថា នាហ្មឺន មន្ត្រី អ្នក​រាជការ​ខ្មែរ​សុទ្ធ ឬ​ខ្មែរ​កាត់​ក្នុង​ស្ថាប័ន​រដ្ឋ​ទាំងអស់​សព្វថ្ងៃ​នេះ ធ្វើ​បាន ឬ​មិន​បាន បើ​អ្នក​ទាំងនោះ​សុទ្ធតែ​សមាជិក​បក្ស ដែល​មេ​បក្ស​តម្រូវ​ឲ្យ​ពួកគេ​ស្មោះត្រង់ គោរព បម្រើ ការពារ​តែ​បក្ស​នោះ? តើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដក ដេញ​អ្នក​ស្អាតស្អំ ស្មោះត្រង់ គោរព បម្រើ ការពារ​ពលរដ្ឋ​ខ្មែរ ឬ​អ្នក​ស្មោះត្រង់ គោរព បម្រើ ការពារ​លោក? បើ​លោក ហ៊ុន សែន ធ្វើ​មិន​បាន​ផង តើ​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​បាន​ឬ?

ការ​កត់សម្គាល់៖ អភិក្រម​ជា​នាម មាន​ន័យ​ថា ការ​ឈាន​ចូល, ការ​រុករាន​ចូល, ការ​បុក​រុក​ចូល, ដំណើរ​រឹត​ឡើងៗ ឧទាហរណ៍ ដូចជា ជំងឺ​អភិក្រម គឺ​ជំងឺ​កាន់តែ​ធ្ងន់​ឡើងៗ។ បើ​ចង់​បំបែក​ពាក្យ​ទាំង​ពីរ​ម៉ាត់ ឬ​ពីរ​ព្យាង្គ អភិ+ក្រម ឲ្យ​និយម​ន័យ​ថា ក្បួន​ល្អ​ក្រៃលែង Codes of Ethics នោះ ក៏​មិន​ទំនង​ដែរ ប្រៀប​បាន​ដូចជា​ឧបកិច្ច​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស