31 C
Phnom Penh

ក្រុម​អ្នកវិភាគ​ថា​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ស្រុក​ខ្មែរ គឺ​ត្រូវតែ​មាន ហ៊ុន សែន សម រង្ស៊ី កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ​នេះ គឺ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ និង​ទុក​ការងារ​ឱ្យ​អ្នក​បន្ត​វេន ឬ​កូនៗ​របស់​ពួកគេ​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ថា វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា គឺ​មាន​តែ​អ្នក​នយោបាយ​ចាស់ៗ​ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ និង​ទុក​ការងារ​ឱ្យ​អ្នក​បន្ត​វេន ឬ​កូនៗ​របស់​ពួកគេ​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ ព្រោះ​ការ​ធ្វើ​ដូច្នេះ គ្មាន​ភាគី​ណា​មួយ​ខាត​ទេ សុទ្ធតែ​បាន​ចំណេញ​ដល់​ប្រទេស​ជាតិ​ដូច​គ្នា។

លោក គឹម សុខ លើកឡើង​ថា សេណារីយ៉ូ​ទី​១ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ត្រូវ​ប្រកាស​ចូល​និវត្តន៍​ពី​តំណែង និង​នាទី​នយោបាយ​ទាំងអស់ ដើម្បី​ទៅ​កាន់​តំណែង​សមរម្យ​ណា​មួយ​ជាមួយ​គ្នា​ជា​មុន​សិន ដូចជា តំណែង​ជា​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ ជាដើម។

ចំណែក​សេណារីយ៉ូ​ទី​២ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​មាន​សេរីភាព​ពេញលេញ ដូច្នេះ​គាត់​ក៏​ត្រូវ​ផ្ដល់​សេរីភាព​ពេញលេញ​ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​គ្នា​ដែរ​ក្នុង​ឋានៈ​ដែល​ពួកគាត់​ជា​អ្នក​ចូល​និវត្តន៍​ពី​នយោបាយ​ដែរ​នោះ។

ខណៈ​សេណារីយ៉ូ​ទី​៣ លោក ហ៊ុន សែន មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​រៀបចំ​អ្នក​បន្ត​វេន ដូច្នេះ​គាត់​ក៏​ត្រូវ​ផ្ដល់​សេរីភាព​ពេញលេញ​ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា រៀបចំ​ក្រុម​អ្នក​បន្ត​វេន​របស់​ពួកគាត់​ដែរ មុន​នឹង​ចូល​និវត្តន៍​តាម​កិច្ចព្រមព្រៀង​នយោបាយ​របស់​មេដឹកនាំ​ទាំង​បី​នាក់​នេះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ដោយឡែក​សេណារីយ៉ូ​ចុងក្រោយ គឺ​បញ្ហា​ដែល​នៅ​សេសសល់​ដូចជា​ការ​ពិភាក្សា​គ្នា​ទាក់ទង​នឹង​ការ​បោះឆ្នោត ឬ​លំហ​សេរីភាព​នយោបាយ ជាដើម សាមី​ខ្លួន​ទាំង ៣​នាក់ ត្រូវ​ប្រគល់​ទៅ​ឱ្យ​ក្រុម​អ្នក​បន្ត​វេន​របស់​ពួកគេ​ជា​អ្នក​ជជែក​គ្នា និង​សម្រេច​លើ​រឿង​នេះ​វិញ។

លោក គឹម សុខ គូស​បញ្ជាក់​ថា វិធី​នេះ​គេ​ហៅ​ការ​បំភ្លេច​រឿង​ចាស់ ផ្លាស់​ចិត្ត​គិត​រឿង​ថ្មី កសាង​វិថី​អនាគត​ជាតិ​រួម​គ្នា ដូច្នេះ ក្នុង​នាម​ជា​ឥស្សរជន​នយោបាយ​ចាស់ៗ គួរតែ​ផ្ដល់​ទំនុកចិត្ត និង​តម្លៃ​ដល់​អ្នក​បន្ត​វេន​របស់​ពួកគាត់ ឱ្យ​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​ដោយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​កិច្ចការ​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។

នៅ​ចុង​ឆ្នាំ​១៩៩១ គឺ​នៅ​ថ្ងៃទី​២៣ ខែ​តុលា កម្ពុជា​ទទួល​បាន​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​របស់​ខ្លួន គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្រោយ​កិច្ចសន្យា​នេះ​ចាប់​បដិសន្ធិ​ឡើង ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែរ​ដោយ​ការ​ប្រើ​អាវុធ ក៏​បាន​បញ្ចប់​ដែរ ប៉ុន្តែ​សង្គ្រាម​ប្រើ​អំណាច​គាបសង្កត់ គឺ​នៅតែ​បន្ត​កើត​មាន ហើយ​វិបត្តិ​នេះ​ក៏​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ប្រទេស​អន់ថយ​ជា​បន្តបន្ទាប់​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ដែល​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​ស្ដារ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត ដែល​មិនមែន​ជា​ការ​ហែកហួរ​គ្នា​នោះ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា បេសកកម្ម​របស់​អ្នក​នយោបាយ​ដើម្បី​ជាតិ និង​ប្រជាជន គឺ​ត្រូវតែ​លើក​យក​បញ្ហា​សង្គម​ជាតិ​មក​ជជែក​វែកញែក​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ក្រមសីលធម៌ ចៀសវាង​ការ​វាយប្រហារ​រឿង​បុគ្គល​ផ្ទាល់ខ្លួន​គ្រាន់តែ​ដើម្បី​ឈ្នះ​ចាញ់​គ្នា ដែល​ជា​ការ​បង្ក​វិបត្តិ​ដល់​ប្រទេស​ជាតិ​កាន់តែ​ធ្ងន់​បន្ថែម​ទៀត។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ ត្រូវតែ​ដឹង​ខ្លួនឯង​ច្បាស់ ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ និង​ធ្វើ​យ៉ាង​ដូចម្តេច ដើម្បើ​ដោះស្រាយ​បញ្ហា​ជាតិ​កំពុង​ជាប់​គាំង​ជូន​ប្រទេស​ជាតិ។ ជាង​នេះ​ទៀត ពួកគេ​ក៏​ត្រូវ​រក​វិធី​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​កសាង​រៀបចំ​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​អាច​បង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ។

វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ដោះស្រាយ​មិន​ចេញ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​មិន​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​វិបត្តិ​ជាតិ ដែល​កំពុងតែ​ញាំញី​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ ទោះបីជា​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន​ក៏ដោយ។ សេណារីយ៉ូ​ទាំង​ប៉ុន្មាន​យ៉ាង​នេះ អ្នក​សង្កេត​ស្ថានការណ៍​នយោបាយ​ស្រុក​ខ្មែរ មើល​ឃើញ​មុន​ថា លោក ហ៊ុន សែន នឹង​ច្បាស់​ជា​ឆ្លើយ​ថា៖ ខ្ញុំ​មិន​សុខចិត្ត​ទេ!!៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស