29 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ដល់​កងទ័ព​ចិន ជា​រឿង​ប្រឌិត​ដើម្បី​មួលបង្កាច់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៩ ខែ​មេសា នេះ បាន​ចេញ​មុខ​បដិសេធ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា ព្រែកជីក​ហ្វូណន​តេជោ នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម នោះ​ថា ជា​រឿង​ប្រតិដ្ឋ​ដើម្បី​មួលបង្កាច់​កម្ពុជា​ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ចុះផ្សាយ​មួលបង្កាច់​ជា​បន្តបន្ទាប់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រួច​មក ពេលនេះ​មាន​ការ​ប្រតិដ្ឋ​រឿង​ព្រែកជីក​ហ្វូណន​តេជោ ថា​ព្រែកជីក​នេះ​នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម បន្ថែម​ទៀត។ លោក​ថា ការ​ចោទប្រកាន់​នេះ​ធ្វើឡើង​ទាំង​ល្ងឹតល្ងង់។

ប្រមុខ​រដ្ឋ​ស្តីទី​លោក ហ៊ុន សែន បាន​លើកឡើង​ចំនួន ៦​ចំណុច​ថា៖

  1. តើ​កម្ពុជា​ត្រូវការ​កងទ័ព​ចិន មក​ធ្វើ​អ្វី និង​ដើម្បី​អ្វី?
  2. កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជិតខាង​ប្រកប​ដោយ​មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។
  3. ចិន និង​វៀតណាម មាន​ទំនាក់ទំនង​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។
  4. តើ​កម្ពុជា​ឆោតល្ងង់​រហូត​ដល់​យក​កងទ័ព​ចិន មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​វា​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ឬ​យ៉ាងណា? តើ​ចិន ឆោតល្ងង់​រហូត​យក​កងទ័ព​ខ្លួន​មក​នៅ​កម្ពុជា ដែល​វា​ផ្ទុយ​ជាមួយ​គោលការណ៍​គោរព​ឯករាជភាព​កម្ពុជា​ពី​សំណាក់​ចិន​ឬ?
  5. ក្រៅពី​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​ហាមឃាត់​មិន​ឲ្យ​កម្ពុជា មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​របស់​ខ្លួន នៅ​មាន​មាត្រា​ទី​៥៥ បាន​ចែង​យ៉ាង​ច្បាស់​ថា (សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុប​ចោល)។ ចំណុច​នេះ​បាន​បញ្ជាក់​ច្បាស់​ថា គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​អនុវត្ត​បាន​ទេ ប្រសិន​វា​មិន​ស្រប​ជាមួយ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​លុប​ចោល​រួច​ទៅ​ហើយ។
  6. ព្រែកជីក​ហ្វូណន​តេជោ គឺជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម​សុទ្ធសាធ ដែល​វា​ជួយ​ឲ្យ​ទិស​និរតី​របស់​កម្ពុជា មាន​ផ្លូវទឹក​ដឹកជញ្ជូន​ទៅ​កាន់​សមុទ្រ​បន្ថែម​លើ​ផ្លូវ​ដឹកជញ្ជូន​តាម​ដង​ទន្លេមេគង្គ​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា ផ្លូវ​ជីក​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មាន​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើនផល ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅ​តាម​ព្រែក​នេះ និង​បញ្ហា​ជាច្រើន​ទៀត។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន លើកឡើង​ថា ព្រែកជីក​នេះ​មិន​ប៉ះពាល់​ដល់​លំហូរ​ទឹក​នៃ​ទន្លេមេគង្គ​នោះ​ឡើយ ព្រោះ​ម្យ៉ាង​ព្រែកជីក​នេះ​មិន​ត​ភ្ជាប់​ពី​ទន្លេមេគង្គ​នោះ​ទេ តែ​ចេញពី​ទន្លេបាសាក់ និង​ម្យ៉ាង​ទៀត​មាន​ទ្វារ​ទឹក​មិន​ឲ្យ​ទឹកសាប​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នោះ​ឡើយ។

លោក ហ៊ុន សែន អះអាង​ថា បើ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ សូម​នាំគ្នា​សួរ​ទៅ​គណៈកម្មការ​ទន្លេមេគង្គ ព្រោះ​រដ្ឋាភិបាល​បាន​ជូនដំណឹង​តាម​កិច្ចព្រមព្រៀង​នេះ​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​រួច​ហើយ។

លោក ហ៊ុន សែន បាន​លើកឡើង​ថា សូម​កុំ​មួលបង្កាច់​កម្ពុជា​ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ។ កម្ពុជា​ក៏​ចេះ​គិត​ពី​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ស្ដីពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​ផ្លូវ​នាវាចរណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) នៃ​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ ដែល​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង។

គម្រោង​នាវាចរណ៍​នេះ នឹង​ត្រូវ​សាងសង់​សន្ទះ​ផ្លូវ​នាវា​ចំនួន ៣​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក ព្រមទាំង​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​លុយ​សាងសង់ ដូច្នេះ​គម្រោង​នាវាចរណ៍​នេះ​ត្រូវ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​គ្រប់គ្រង​មុន ទើប​រដ្ឋាភិបាល​គ្រប់គ្រង​តាម​ក្រោយ។

គម្រោង​ផ្លូវទឹក​ព្រែកជីក​ហ្វូណន​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំ​២០២៤ នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លង​ទៅ​ថា គម្រោង​ព្រែកជីក​ហ្វូណន​នេះ មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ការ​ទទួល​យក​គម្រោង​នេះ​មក​សាងសង់ គឺ​ដើម្បី​អាច​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ចិន​បាន​បន្ត​ទៀត​ប៉ុណ្ណោះ ព្រោះ​ថា​កម្ពុជា​បាន​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ហើយ​ថា គម្រោង​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ចិន មិនមែន​កម្ពុជា​មាន​សិទ្ធិ​កំណត់​បច្ចេកទេស​ក្នុង​ការ​សាងសង់​នោះ​ទេ។

ប្រភព​មន្ត្រី​ដដែល​លើកឡើង​ថា កម្ពុជា​គ្មាន​ទាំង​នាវា និង​ទំនិញ​ដល់​កម្រិត​សម្រាប់​ប្រើ​ព្រែកជីក​នេះ​សម្រាប់​នាំ​ចេញ​ទៅ​បរទេស​ទេ ប៉ុន្តែ​នាវា​ដែល​អាច​ប្រើប្រាស់​ព្រែកជីក​នេះ និង​ការ​នាំចូល​ទំនិញ​មក​កម្ពុជា គេ​រំពឹង​ថា​មាន​តែ​នាវា​ចិន ទំនិញ​ចិន ប៉ុណ្ណោះ។

កន្លង​មក លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើកឡើង​ថា គ្មាន​អី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែកជីក​ភ្ជាប់​ទន្លេ-សមុទ្រ​នេះ បូក​ជាមួយ​ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នេះ គ្មាន​អ្វី​អាថ៌កំបាំង​ទេ គឺ​ដើម្បី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា ជួយ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​រីកចម្រើន ជីវភាព​ធូរធារ។

យោង​តាម​សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃ​ប្រទេស​សិង្ហបុរី ផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​មេសា កន្លង​មក​បាន​ឲ្យ​ដឹង​ថា អត្ថបទ​ស្រាវជ្រាវ​មួយ​សរសេរ​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) នៃ​ប្រទេស​វៀតណាម វាយតម្លៃ​ថា ព្រែកជីក​ហ្វូណន​តេជោ មិន​ត្រឹមតែ​ជា​គម្រោង​មួយ​ដែល​បម្រើ​ឱ្យ​សេដ្ឋកិច្ច-សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន ផង​ដែរ។

ក្រុម​អ្នក​ស្រាវជ្រាវ​វៀតណាម សន្និដ្ឋាន​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំងមូល ស្រប​ពេល​ដែល​ចិន កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​កម្ពុជា​ស្រាប់។

ប្រភព​ដដែល​សរសេរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​វៀតណាម ព្រមាន​ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន គឺជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ពីរ​យ៉ាង។ ម្ខាង​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមកិច្ច និង​ម្ខាង​ទៀត​ជួយ​សម្រួល​ដល់​វត្តមាន​យោធា​ចិន នៅ​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ ក្បែរ​ផ្នែក​ខាងក្រោម​នៃ​ប្រទេស​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស