30 C
Phnom Penh

អង្គការ​អន្តរជាតិ​ពីរ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​៩៤​នាក់​ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​រិះគន់ CLV

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ជាបន្ទាន់​ដែល​មិន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៩៤​នាក់ តាម​អំពើ​ចិត្ត​ចាប់តាំងពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​ពួកគេ​ទាំងនោះ​ជាបន្ទាន់។

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា យ៉ាងហោចណាស់​មនុស្ស ៥៩​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែល​រួម​មាន​សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស និង​សកម្មជន​ផ្សេង​ទៀត ព្រមទាំង​កុមារ​មួយ​ចំនួន​ទៀត នៅតែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ហាញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សន្តិវិធី។ អង្គការ​ទាំងនេះ​អះអាង​ថា អាជ្ញាធរ​គួរតែ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ភ្លាមៗ ដែល​មិន​មាន​ការ​ចោទប្រកាន់​ពី​អន្តរជាតិ។

អ្នកស្រី Bryony Lau នាយិកា​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​ពាក់ព័ន្ធ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) យ៉ាង​ច្រើន គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ចេតនា និង​សម្របសម្រួល​ដោយ​អាជ្ញាធរ​កម្ពុជា ដើម្បី​បំភិត​បំភ័យ​អ្នក​រិះគន់ និង​រារាំង​ពួកគេ​មិន​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​ចែករំលែក​ទស្សនៈ​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ការ​ឃុំ​ខ្លួន និង​ការ​ចោទប្រកាន់​ខុស​ទាំងនេះ​បង្ហាញ​ពី​ការ​មិន​គោរព​សិទ្ធិ​ពលរដ្ឋ​កម្ពុជា និង​កាតព្វកិច្ច​អន្តរជាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ក្នុង​ព្រឹត្តិការណ៍​ទប់ស្កាត់​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​យុវជន​បី​នាក់​ចំពោះ​ការ​សង្ស័យ​ថា បាន​ប៉ុនប៉ង​វាយប្រហារ​មក​លើ​គេហទំព័រ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល និង​បាន​ចូលរួម​សកម្មភាព​គាំទ្រ​បច្ចេកទេស​ក្នុង​ចលនា​បំផុសបំផុល​ប្រឆាំង​គម្រោង​ដ៏​ចម្រូងចម្រាស​នេះ។

ពលរដ្ឋ​ជាង ៦០​នាក់​ផ្សេង​ទៀត​ដែល​ជា​សកម្មជន​សង្គម បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ តែ​មាន​មួយ​ចំនួន​ត្រូវ​ដោះលែង​ក្រោយ​ធ្វើការ​សុំទោស និង​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ។ នេះ​បើ​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស