31 C
Phnom Penh

ក្រុម​បញ្ញវន្ត​នៃ​ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ហៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា​ជា​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រជាសាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណាល​ពេល​នឹង​ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ជាច្រើន​លើក​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ​នៃ​ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ មាន​លោក ស្រី ពុធសាវឌី ជា​ប្រធាន ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ហៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម ថា​ជា​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រជាសាស្ត្រ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ជាង​ពីរ​ទំព័រ កាលពី​ចុង​ខែ​សីហា សរសេរ​ថា៖ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា សញ្ជ័យ​ទឹកដី ឬ​ការ​ឈ្នះ​ស្រេចបាច់​មាន​ប្រៀប​ជា​ស្ថាពរ អាច​បាន​មកពី​សង្គ្រាម​ហិង្សា​ដោយ​កាប់​សម្លាប់​ជីវិត​មនុស្ស ឬ​ក៏​សង្គ្រាម​អហិង្សា​ដោយ​វិធី​បង្កើន​ចំនួន​ប្រជាជន​ឲ្យ​កើន​លឿន ឬ​សង្គ្រាម​ប្រជាសាស្ត្រ ដែល​គេ​ប្រើ​ជា​អាវុធ​វាតទី​និយម​ដ៏​ស័ក្តិសិទ្ធិ​បំផុត ដើម្បី​ធានា​ឲ្យ​សញ្ជ័យ​មួយ​ឋិតឋេរ និង​ស្ថាពរ។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀត​ថា ប្រតិបត្តិការ​នៃ​សង្គ្រាម​ប្រជាសាស្ត្រ​ប្រព្រឹត្ត​ទៅ​សន្សឹមៗ ពោល​គឺ​ផែនការ​យូរអង្វែង ហើយ​តាមរយៈ​នេះ ប្រទេស​ឈ្លានពាន​យក​ឱកាស​បោះ​ទីតាំង​រស់នៅ​លើ​ទឹកដី​ថ្មី ហើយ​បង្កើត​កូនចៅ​របស់​គេ​នៅ​ក្នុង​តំបន់ “សញ្ជ័យ” នេះ ព្រមទាំង​បញ្ចូល​ទំនៀមទម្លាប់​របស់​គេ​ឲ្យ​ជ្រួតជ្រាប​បន្តិច​ម្តងៗ ដូចជា​ភាសា សាលារៀន រូបិយប័ណ្ណ របៀប​រស់នៅ រដ្ឋបាល​សាធារណៈ រហូត​ដល់​ស្ថាប័ន​នយោបាយ និង​មូលដ្ឋាន​យោធា។

ដើម្បី​បាន​ចូល​បោះ​ទីតាំង​រស់នៅ​លើ​ទឹកដី​ដែល​គេ​ចង់​បាន គេ​អាង​លើ​អាទិភាព​សេដ្ឋកិច្ច​ដែល​គេ​យក​ទៅ​ធ្វើ​ជា​ទ្រឹស្ដី​យ៉ាង​ពេញ​និយម​តាម​មាគ៌ា​ពិភពលោកូបនីយកម្ម​សេដ្ឋកិច្ច ឬ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច។ ដូច្នេះ​ទោះ​ជា​មាន​របង ឬ​កំពែង​ហ៊ុមព័ទ្ធ​ព្រំដែន​ក៏ដោយ ក៏​គេ​មាន​សិទ្ធិ​នាំចូល​ពលករ​ជាតិ​គេ​ទៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ស្រប​តាម​ក្របខ័ណ្ឌ​នៃ​កម្លាំង​ផលិតកម្ម ដោយ​ធ្វើ​សហត្ថកម្ម​របប​អាយ៉ង​របស់​ខ្លួន​នៅ​ភ្នំពេញ​ឲ្យ​សម្រេច​ផែនការ។

សេចក្តី​ថ្លែងការណ៍​ដដែល​កត់សម្គាល់​ថា ប្រឈម​នឹង​ចរន្ត​ប្រឆាំង​យ៉ាង​ផុសផុល របប​អាយ៉ង​ភ្នំពេញ​ព្យាយាម​ប្រើ​វិធី​ក្តៅ​ផង ត្រជាក់​ផង ដូចជា​ការ​គំរាមកំហែង​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដែល​ភាគច្រើន​ជា​ទាហាន​យៀកណាម​នៃ​អង្គភាព​ពិសេស បង្កើត​ឡើង​ដើម្បី​ជួយ​ការពារ​មេដឹកនាំ​ខ្មែរ​គេ​លើក​បន្តុប ហើយ​និង​ប្រើ​វិធី​បោកប្រាស់ បំភ្លៃ​ការពិត កាឡៃ​ព័ត៌មាន កៀរគរ​មនុស្ស តាំងពី​គ្រហស្ថ​ដល់​បព្វជិត ឲ្យ​ជួយ​ឃោសនា​គាំទ្រ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ និង​ចោទ​អ្នក​ប្រឆាំង​ថា​ជា​ក្រុម​ជ្រុល​និយម។

ដោយ​ឈរ​លើ​គោលការណ៍ លើ​មូលដ្ឋាន និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ អំពាវនាវ​ដល់​ជន​រួម​ជាតិ​ទាំងអស់ ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស ជាពិសេស​យុវជន​ខ្មែរ​ដែល​ជា​បច្ឆាជន ឬ​អ្នក​ជំនាន់​ក្រោយ ចេញ​មុខ​ក្នុង​បុព្វហេតុ​ទឹកដី​ចាប់​យក​សម្បជញ្ញៈ​ជាតិ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ជាតិ​កំពុង​រងគ្រោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស