ចលនាខ្មែរនៅក្រៅស្រុក សហការជាមួយបក្សប្រឆាំង កំណត់យកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រារព្ធពិធីសមាជពលរដ្ឋខ្មែរ-អាមេរិកាំងស្ដីពីបញ្ហាកោះគុត នៅរដ្ឋម៉ាហ្សាឈូសិត ដើម្បីប្រមូលកម្លាំងអ្នកចូលរួមឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ។
គណៈកម្មាធិការសមាជនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីទាមទារយកទឹកដីរបស់ខ្លួនដែលថៃ បានរំលោភបំពានយកមកគ្រប់គ្រងវិញ។
ក្រុមនេះអះអាងថា ការការពារកោះគុត គឺដើម្បីរក្សាអធិបតេយ្យភាពជាតិរបស់កម្ពុជា ហើយការចូលរួមសមាជនេះ គឺក្នុងបំណងប្រមូលកម្លាំងអ្នកគាំទ្រឱ្យជួយតវ៉ាទៅកាន់របបក្រុងភ្នំពេញ ដើម្បីឱ្យលើកយកករណីកោះគុតនេះទៅតាំងជាមួយថៃ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ មករា នេះថា លោក ហ៊ុន ម៉ាណែត ត្រូវតែបញ្ជាក់ថា មួយផ្នែកនៃកោះគុត គឺជារបស់កម្ពុជា ហើយរដ្ឋាភិបាលត្រូវតែប្តឹងករណីកោះគុតនេះទៅតុលាការអន្តរជាតិ ដើម្បីការពារកោះគុតរបស់ខ្មែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ចូលរួមសមាជពលរដ្ឋខ្មែរ-អាមេរិកាំងស្ដីពីកោះគុតនេះឱ្យបានច្រើនកុះករ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ។
ឯកសារប្រវត្តិសាស្ត្រជាច្រើនបង្ហាញថា រដ្ឋាភិបាលខ្មែរជំនាន់មុនៗបានចេញក្រឹត្យទាមទារកោះគុតពីប្រទេសថៃ ជាបន្តបន្ទាប់ ដូចជា ផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ (សម័យបារាំង) ផែនទីសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៧០ (សម័យសម្តេច សីហនុ) ផែនទីសម័យ លន់ នល់ ឆ្នាំ១៩៧២ ផែនទីសម័យខ្មែរក្រហមឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងផែនទីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យលោក ហេង សំរិន ឆ្នាំ១៩៨២ ផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

