អភិបាលខេត្តកែប បញ្ជាឱ្យកងទ័ពជើងទឹក អាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចុះតាមដាន និងហាមឃាត់ឱ្យបានដាច់ខាតចំពោះការនាំចូល «ប្រេងឥន្ធនៈ ឧស្ម័ន បន្លែផ្លែឈើ និងផលនេសាទ» ពីប្រទេសថៃ តាមផ្លូវសមុទ្រ។
លោក សោម ពិសិដ្ឋ បានថ្លែងនៅថ្ងៃទី៣០ ខែមិថុនា ថា ហាមឃាត់ជាដាច់ខាតចំពោះការនាំចូលប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើពីប្រទេសថៃ តាមច្រកសមុទ្រ ដោយបញ្ជាឱ្យកងទ័ពជើងទឹក កងរាជអាវុធហត្ថ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចុះតាមដានទូកនេសាទ និងអូប័រតូចៗដែលអាចបង្កប់ទំនិញគ្រប់រូបភាពចូលមកកម្ពុជា។
លោកបន្តថា ត្រូវទប់ស្កាត់ការនាំចូលផលនេសាទ ឬគ្រឿងសមុទ្រនានាពីប្រទេសថៃ។ លោកថា ការបិទខ្ទប់ទំនិញថៃ តាមផ្លូវសមុទ្រនៅពេលនេះ នឹងរួមចំណែកទៅកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនបន្លែ និងផ្លែឈើរបស់ថៃ ដែលលក់ទៅទីផ្សារវៀតណាម ថែមទៀត។
លោក សោម ពិសិដ្ឋ ឲ្យដឹងថា ត្រូវយកស្មារតីជាតិនិយមដាក់ក្នុងខ្លួន កុំធ្វើការងារដោយបើកភ្នែកម្ខាងបិទភ្នែកម្ខាង។ លោកថា ក្នុងករណីលេចចេញនូវមុខទំនិញហាមឃាត់ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈការបើកដៃពីអង្គភាពណាមួយ លោកនឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំស្ថាប័ននោះ ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្មដោយគ្មានការលើកលែង។
លោកបន្តថា សម័យកាលនេះ គឺជាពេលដែលយើងប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ដូច្នេះត្រូវតែធ្វើ មិនត្រូវចុះញ៉មបរទេសនោះទេ។ លោកថា មិនមែនបិទផ្លូវគោកហើយ ចេញផ្លូវទឹកទេ គឺត្រូវតែបិទឱ្យជាប់។
ស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីមានការផ្ទុះអាវុធនៅថ្ងៃទី២៨ ខែឧសភា បណ្ដាលឱ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិតដោយសារភាគីថៃ ជាអ្នកចាប់ផ្ដើមបាញ់មុន។ បញ្ហាព្រំដែនកាន់តែក្ដៅ រហូតដល់បង្រួមម៉ោងចេញចូលតាមច្រកព្រំដែន ហើយបច្ចុប្បន្ន ឈានដល់ការបិទទាំងស្រុង។
លោក ហ៊ុន ម៉ាណែត បានផ្ញើសារបញ្ជាក់ទៅពលរដ្ឋទាំងពីរប្រទេសចំនួន ៤ចំណុច ដោយលើកឡើងថា កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ពលរដ្ឋទាំងខាងកម្ពុជា និងទាំងខាងភាគីថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែននេះ។
លោកថា កម្ពុជាមិនបានប្រើប្រាស់នូវវិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបី កាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះកម្ពុជាមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហានាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃ និងខ្មែរតាមបណ្ដោយព្រំដែនទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយណាស់ ប្រសិនបើភាគីថៃ បើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីឡើងវិញ នោះកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងបន្ទាប់ពីថៃ បើកច្រក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

