នៅក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ គេសង្កេតឃើញពិភពលោកបានធ្លាក់ក្នុងរបត់នយោបាយប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំង។ ប្រទេសធំប្រើឥទ្ធិពលទៅលើប្រទេសជិតខាងដែលទន់ខ្សោយ ហើយឈានដល់ការប្រមាថគំរាមឈ្លានពានទៀតផង។
យ៉ាងណាមិញ ក្នុងចន្លោះរយៈកាលនៃសង្គ្រាមត្រជាក់ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩១ ប្រទេសខ្លះក៏បានប្រើទ្រឹស្ដី “ឆក់ឱកាស” ប្រើកម្លាំងទ័ពវាយទន្ទ្រានលុកលុយប្រទេសជិតខាងទន់ខ្សោយ ដោយព្យាយាមយកលេសស្របច្បាប់មួយពិពណ៌នាពន្យល់ប្រាប់ពិភពលោកអំពីអំពើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិរបស់ខ្លួន។ គេមិនបានស្នើសុំការអនុញ្ញាតពីអង្គការសហប្រជាជាតិជាមុនទេ។
ជាមួយគ្នានេះ ប្រទេសទន់ខ្សោយផ្នែកវិស័យការពារជាតិ ច្រើនតែបង្ហាញក្ដីស្មោះត្រង់ ស្មោះស្ម័គ្រនឹងប្រទេសដែលមានអំណាចកងទ័ព ជាមួយនឹងការប្រើទ្រឹស្ដីនិយមមួយឃ្លាថា «មានតែមិត្តជិតខាងយើងទេ ទើបគេមកជួយយើងទាន់ពេលវេលា បើយើងមានអាសន្ន»។ បើគេដើរតាមទ្រឹស្ដីនេះ ប្រទេសតូចទន់ខ្សោយនោះត្រូវជាប់លក្ខខណ្ឌជាប្រទេសសួយ ក្លាយជាប្រទេសរស់ពឹងគេ ក្រោមខ្សែញាក់របស់គេ ចង់ធ្វើអ្វីដោយឯករាជ្យមិនបានរហូត ដើម្បីគ្រាន់តែឲ្យគេជួយការពារខ្លួន។ បើរស់ពឹងតែគេ គេនឹងដាក់លក្ខខណ្ឌលើយើង។
បើយើងប្រកាន់យកសន្តិភាពនិយម គេក៏ផ្ដល់សន្តិភាពឱ្យយើងដែរ។ យើងខំធ្វើខ្លួនល្អជាមួយគេ គេក៏គិតថាយើងមានផលប្រយោជន៍ឱ្យគេដែរ។ វាដូចជាមានន័យថា ផលប្រយោជន៍យើងក្នុងកណ្ដាប់ដៃគេ គឺយ៉ាងហោចណាស់ គេក៏ជួយការពារសន្តិសុខឱ្យយើងដែរ។
ដូច្នេះ ព្រំដែនដីរបស់យើង មិនបាត់ទៅខាងគេ ព្រោះព្រំដែនយើងគេមិនឈ្លានពានទេ ព្រោះយើងស្មោះត្រង់នឹងគេ គឺដូចបងប្អូននឹងគ្នាទៅហើយ។ យើងជាមិត្តដែកថែប ឬមិត្តម៉ឺនឆ្នាំនឹងគ្នា។ យើងនឹងគេមានចំណែកចែកផលប្រយោជន៍តាមព្រំដែនដូចៗគ្នា។ ម្ល៉ោះហើយទើបយើងហៅថាជាព្រំដែនសន្តិភាព មិត្តភាព។ ជាព្រំដែនរួមរស់ជាមួយគ្នាតកូនតចៅទៅមុខទៀត លុះត្រារលាយផែនដី។ ក្នុងស្ថានភាពនេះ ប្រទេសតូចហើយទន់ខ្សោយ បើមានធនធានធម្មជាតិច្រើន ត្រូវធ្វើសម្បទានដល់ប្រទេស “ជាបងធំ” ហើយរស់ជារដ្ឋសហព័ន្ធជាមួយគ្នា ឬធ្វើសម្ព័ន្ធភាពនឹងគ្នា ហៅថា alliance។
ម្ល៉ោះហើយ ការពង្រឹងអំណាចផ្ទៃក្នុងនៃបក្សពួកយើងឱ្យបានរឹងមាំទៅ វាល្អប្រសើរណាស់ទៅហើយ។ យើងមានអំណាចរឹងមាំ សត្រូវផ្ទៃក្នុងត្រូវតែបង្ក្រាប គឺពិតណាស់ សន្តិភាពផ្ទៃក្នុងរឹងមាំ ហើយអំណាចកាន់តែរឹងមាំក្នុងបក្សពួករបស់យើង គឺអ្នកជិតខាងយើងក៏គេខ្លាចយើងដែរ។
ទ្រឹស្ដីនេះហើយដែលប្រទេសមួយភ្លេចគិតពីការបង្រួបបង្រួមជាតិ សាមគ្គីជាតិផ្ទៃក្នុងខ្លួនឯង។ ការបែកបាក់ជាតិ បែកបាក់កម្លាំងការពារជាតិ វាច្បាស់ណាស់នឹងនាំឱ្យចុះខ្សោយធនធានមនុស្ស។ ពិតណាស់ដែលគេថាវាប្រហោងក្នុង។ បើប្រទេសមួយបាត់បង់កម្លាំងកសាងជាតិ កម្លាំងជួយដោះស្រាយបញ្ហាជាតិ ការពារជាតិ ហើយបើប្រទេសខ្វះឧបករណ៍ដើម្បីបង្ការការឈ្លានពាន ពោលគឺពុំមានសព្វាវុធទំនើបៗ គឺជាការមើលស្រាលសន្តិសុខសម្រាប់ខ្លួនឯងដែរ។
សន្តិភាពនិយមពេកភ្លេចគិតថាសន្តិសុខតាមព្រំដែន ភ្លេចគិតផ្ទៀងផ្ទាត់ខណ្ឌសីមាព្រំដែនជាមួយនឹងប្រទេសជិតខាង ក៏ធ្វើឱ្យប្រទេសជិតខាង គេអាចលូកលាន់បំពានព្រំដែនបានដែរ ព្រោះគេប្រមាថយើង។ គេថាយើងមិនហ៊ាននឹងគេ ដោយសារយើងពុំមានសព្វាវុធទំនើបៗដើម្បីការពារប្រទេស ហើយម្យ៉ាង គេមើលស្រាលយើងដោយសារកម្លាំងជាតិរួមរបស់យើងកំពុងតែបែកបាក់ គឺត្រង់នេះហើយ គេអាចសាកល្បងឈ្លានពានយើង។
តែវាមិនហួសពេលទេ បើយើងប្រមូលកម្លាំងជាតិឡើងវិញ។ យើងបង្រួបបង្រួមជាតិឡើង។ ក្រុមណាក៏ដោយ បក្សណាក៏ដោយ នៅពេលប្រទេសត្រូវគេឈ្លានពាន ត្រូវទុករឿងបក្សពួកមួយឡែក ហើយងាកមករួមរស់នឹងគ្នាឡើងវិញ។ ផ្ទៃក្នុងយើងមានការឯកភាពជាតិ រឹងមាំឡើងវិញ។ ធនធានបញ្ញាជនយើងជួបជុំគ្នាឡើងវិញ។ គំនិតយើង ទស្សនៈយើង រួមគ្នាដូចគ្នា។
យើងឱបក្រសោបគ្នាជាមហាគ្រួសារតែមួយឡើងវិញ គឺយើងពិតជាខ្លាំង គឺខ្លាំងទាំងស្មារតី ខ្លាំងទាំងប្រាជ្ញា ខ្លាំងទាំងគំនិត ខ្លាំងទាំងធនធានមនុស្ស ដែលយ៉ាងហោចណាស់ក៏គេគិតថាផ្ទៃក្នុងជាតិយើងរឹងមាំឡើងវិញហើយ។
ប្រទេសណាមួយដែលដាក់ផែនការឈ្លានពានយើង គេក៏បារម្ភដែរ បើទោះជាយើងនៅទន់ខ្សោយខាងវិស័យការពារជាតិ ខ្វះសព្វាវុធទំនើបៗ ក៏គេអាចបារម្ភដោយសារកម្លាំងជាតិយើងខ្លាំងរឹងមាំ។ នេះជាយន្តការមួយដែរ។
យន្តការមួយទៀត ប្រទេសណាក៏ដោយក៏នៅក្រោមឆត្រតែមួយដូចគ្នា គឺអង្គការសហប្រជាជាតិ។ ច្បាប់អន្តរជាតិនៅក្រោមការឃ្លាំមើលដោយស្ថាប័នអង្គការសហប្រជាជាតិ។ ស្ថាប័នអង្គការសហប្រជាជាតិដែលមានឥទ្ធិពល មានពីរស្ថាប័ន ដែលប្រទេសទន់ខ្សោយចាំបាច់ត្រូវរត់ទៅស្វែងរកអន្តរាគមន៍។ ទីមួយ គឺស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងទី២ គឺស្ថាប័ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
ដែនយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានកាតព្វកិច្ចជួយដោះស្រាយជម្លោះព្រំដែន ឬជម្លោះឈ្លានពានរវាងប្រទេសនឹងប្រទេសជិតខាងនឹងគ្នា ប៉ុន្តែការកាត់សេចក្ដីរបស់ ICJ ក៏ផ្អែកលើកត្តាច្បាប់អន្តរជាតិ និងកត្តាប្រវត្តិសាស្ត្រ។
បើប្រទេសទន់ខ្សោយ មានប្រៀបខ្លាំងដោយយោងលើកត្តាច្បាប់អន្តរជាតិ និងកត្តាប្រវត្តិសាស្ត្រ គឺច្បាស់ណាស់ ICJ ត្រូវតែផ្ដល់យុត្តិធម៌ឱ្យខាងប្រទេសជាជនរងគ្រោះ។
ទី២ គឺស្ថាប័ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក៏ជាស្ថាប័នអ្នកអនុវត្តច្បាប់អន្តរជាតិ។ ជាស្ថាប័នដែលធ្វើសេចក្ដីសម្រេចបង្គាប់ឱ្យបញ្ឈប់ការឈ្លានពាន ជាមួយនឹងដំណោះស្រាយរបស់ស្ថាប័ននេះដោយយោងលើអង្គហេតុ អង្គសេចក្ដីរបស់ ICJ ដែរ។
ប្រទេសទន់ខ្សោយ ត្រូវតែរត់ទៅប្ដឹងស្ថាប័ននេះជាបន្ទាន់ ដើម្បីឱ្យជួយទប់ស្កាត់ការឈ្លានពាន ដែលយ៉ាងហោចណាស់ ស្ថាប័នក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវដាក់ចេញនូវវិធានការឃ្លាំមើលជាបន្ទាន់ ជាប្រយោជន៍ជួយទប់ស្កាត់កុំឱ្យមានការជ្រុលជ្រួសធ្លាក់ក្នុងសង្គ្រាមព្រំដែន។
សរុបទៅ កត្តាឯកភាពជាតិ សាមគ្គីជាតិ រួបរួមកម្លាំងជាតិ រឹងមាំ ផ្គួបផ្សំនឹងកត្តាច្បាប់អន្តរជាតិ និងកត្តាប្រវត្តិសាស្ត្រ ប្រៀបបាននឹងសមរភូមិតស៊ូមតិមួយដែលផ្ដល់ឱកាសដល់ប្រទេសដែលត្រូវបានគេបំពានរំលោភព្រំដែន គឺមានអំណាចខ្លាំងរួចទៅហើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

