30.7 C
Phnom Penh

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ បាន​ប្រើ​មក​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត ១០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ ប្រើ​មក​លើ​ទឹកដី​កម្ពុជា អំឡុង​ពេល​ប៉ះទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន បន្ទាប់ពី​បាន​រក​ឃើញ​សញ្ញា​នៃ​ផល​ប៉ះពាល់​មួយ​ចំនួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨ រួម​មាន វេទិកា​មនុស្សធម៌​កម្ពុជា (CHF) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) និង​អង្គការ​ពន្លក​ខ្មែរ (PKH) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា ការ​ប្រមូល​ព័ត៌មាន​នេះ​គឺ​បម្រើ​គោលបំណង​តែ​ពីរ​ប៉ុណ្ណោះ គឺ​ការពារ​បរិស្ថាន សិទ្ធិមនុស្ស សុខុមាលភាព​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ និង​ដើម្បី​គាំទ្រ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដោយ​ធានា​ថា​ភាគី​ដែល​ប្រព្រឹត្ត​ត្រូវ​បាន​ទទួល​ខុសត្រូវ។

ប្រភព​ដដែល​អះអាង​ថា ក្រោយ​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ពុល​ដែល​ប្រើ​ក្នុង​អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែល​បង្ក​ហានិភ័យ​ជាបន្តបន្ទាប់​ដល់​សហគមន៍​នៅ​តាម​តំបន់​ព្រំដែន ដែល​រោគសញ្ញា​ទាំងនោះ​រួម​មាន ការ​ពិបាក​ដកដង្ហើម បំពង់ក​ស្ងួត ខ្សោយ​កម្លាំង ឈឺ​ក្បាល និង​សញ្ញា​ដែល​អាច​ឲ្យ​ខូច​សួត​ផង​ដែរ។

ប្រភព​ដដែល​បន្ត​ថា រោគសញ្ញា​ទាំងនេះ​បាន​កើត​លើ​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្ដរមានជ័យ ខណៈ​សត្វ​ចិញ្ចឹម​របស់​ពួកគេ ដូចជា មាន់ ទា ជ្រូក បាន​ស្លាប់​រង្គាល ចំណែក​សត្វ​ដែល​នៅ​រស់ គឺ​មាន​ជំងឺ​ស្បែក​ធ្ងន់ធ្ងរ រីឯ​ដំណាំ និង​ដើមឈើ​ហូប​ផ្លែ​ខ្លះ ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ និង​ខ្លះ​ទៀត​មាន​ពណ៌​ក្រហម ជាដើម។

ជាង​នេះ​ទៀត អ្នក​ភូមិ​ដែល​រស់នៅ​ផ្ដុំ​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ និង​តំបន់​ប្រាសាទ​ព្រះវិហារ មាន​ការ​ភ័យខ្លាច​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​វត្តមាន​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ផ្សែង​ពុល ខណៈ​ភូមិ​ជាច្រើន​បាន​រាយការណ៍​ថា ការ​ប្រើប្រាស់​ទឹកភ្លៀង​ដែល​រក្សា​ទុក​ក្នុង​ពាង​បណ្តាល​ឱ្យ​មាន​អាការៈ​ក្អួត រលាក​ស្បែក និង​រាករូស​ផង​ដែរ។

ក្រុម​អង្គការ​ទាំងនេះ អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​អាស៊ាន (ASEAN) ស៊ើបអង្កេត​តាម​បែប​វិទ្យាសាស្ត្រ និង​សិក្សា​បច្ចេកទេស​ស៊ីជម្រៅ​ឯករាជ្យ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​សារធាតុ​ដែល​បាន​ប្រើ ដើម្បី​បញ្ជាក់​ប្រភព​ដើម​របស់​ពួកវា ដើម្បី​ការ​ទទួល​ខុសត្រូវ​ចំពោះ​អ្នក​ប្រព្រឹត្ត និង​ធានា​យុត្តិធម៌​ស្រប​តាម​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៥ សារព័ត៌មាន Thai Enquirer បាន​ចុះផ្សាយ​ថា កងទ័ព​ថៃ បាន​ទទួលស្គាល់​ថា​ខ្លួន​បាន​ប្រើ​គ្រាប់​ដែល​មាន​សារធាតុ​ផូស្វ័រ​ពណ៌​ស (WP) នៅ​ក្នុង​ជម្លោះ​តាម​ព្រំដែន​ជាមួយ​កម្ពុជា​ពិត​មែន ប៉ុន្តែ​កងទ័ព​ថៃ បាន​អះអាង​ថា សារធាតុ​ផូស្វ័រ​ពណ៌​ស​ទាំងនោះ​មិនមែន​ជា​អាវុធ​គីមី​ទេ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា នៅ​ពេល​វេលា​ម៉ោង ០៥ និង ០៦​នាទី​ល្ងាច ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង ដ្រូន​អត្តឃាត គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល​នៅ​តំបន់​ភ្នំខ្មោច​ក្នុង​ទឹកដី​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ បណ្ឌិត ឥន សុផល អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា ប្រទេស​ថៃ ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ធំៗ​ដែល​ហាមប្រាម​ការ​ប្រើប្រាស់​សព្វាវុធ ដូចជា អនុសញ្ញា​អាវុធ​គីមី (Chemical Weapons Convention) អនុសញ្ញា​អាវុធ​ជីវសាស្ត្រ (Biological Weapons Convention) និង​ពិធីសារ​ទីក្រុង​ហ្សឺណែវ (Geneva Protocol (1925) ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស