32.1 C
Phnom Penh

CMAC៖ ថៃ​គ្មាន​លេស​ប្រកែក​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​កម្ពុជា​ឡើយ ព្រោះ​មាន​ភស្តុតាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) អះអាង​ថា ថៃ គ្មាន​លេស​ប្រកែក​សម​ហេតុផល​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នោះ​ទេ ពីព្រោះ​មាន​លេខ​កូដ​សម្គាល់​កាលបរិច្ឆេទ និង​ប្រទេស​ផលិត រួម​ទាំង​ក្រុមហ៊ុន​ផលិត​ច្បាស់លាស់។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ករណី​ផ្លោង​គ្រាប់​កាំភ្លើងធំ​របស់​យោធា​ថៃ មក​លើ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ គឺជា​អ្នក​ចាប់ផ្តើម​បាញ់​មក​លើ​កម្ពុជា មុន ខណៈ​កងកម្លាំង​កម្ពុជា មិន​បាន​បាញ់​តបត​វិញ​ឡើយ។

ប្រភព​ដដែល អះអាង​ថា ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​របស់​កងទ័ព​ថៃ កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា កន្លង​ទៅ ក៏​ដូច​គ្នា​នឹង​ករណី​បាញ់​ផ្លោង​របស់​ពួកគេ​នៅ​ភូមិ​ភ្លុកដំរី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​ដែរ គឺ​ថៃ ជា​អ្នក​បាញ់​មក​លើ​កម្ពុជា មុន ក្នុង​គោលបំណង​ពង្រីក​សមរភូមិ​ប្រយុទ្ធ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា។

លោក ហេង រតនា បញ្ជាក់​ថា ការ​បាញ់​ផ្លោង​របស់​ទាហាន​ថៃ មក​លើ​ភូមិសាស្ត្រ​ឃុំ​ថ្មដា ខេត្ត​ពោធិ៍សាត់ កន្លង​មក ខាង​កម្លាំង​អង្គភាព CMAC បាន​កំណត់​អត្តសញ្ញាណ​គ្រាប់​ផ្លោង​ទាំងនោះ​យ៉ាង​ច្បាស់លាស់ ហើយ​មាន​ភស្តុតាង​បង្ហាញ​ថា គ្រាប់​ផ្លោង​ទាំងនោះ គឺ​ផលិត​នៅ​ប្រទេស​ណា និង​ប្រទេស​ណា​ជា​អ្នក​ប្រើប្រាស់ ខណៈ​កម្ពុជា គ្មាន​គ្រាប់​ផ្លោង​បែបនេះ​ទេ។

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​នៃ​កងទ័ព​ភូមិន្ទ​ថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) ថា ភាគី​កម្ពុជា បាន​ប្រើប្រាស់​អាវុធ​ជាច្រើន​គ្រាប់​បាញ់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ នៅ​តំបន់​ចុងបូក (Chong Bok) ក្នុង​ខេត្ត​អ៊ូប៊ុនរ៉ាត់ធានី (Ubon Ratchathani) ប្រទេស​ថៃ។

ប្រភព​ដដែល អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​បែប​នេះ គឺជា​បញ្ហា​ចម្បង​ដែល​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ត្រូវតែ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​វា​គឺជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ថា នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ យោធា​ថៃ បាន​ចាប់ផ្តើម​ធ្វើការ​បាញ់​ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា ចំនួន​ពីរ​លើក​នៅ​តំបន់​អានសេះ ក្នុង​ភូមិ​អានសេះ ឃុំ​ជាំក្សាន្ត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចាប់ពី​ម៉ោង ១១ និង ៥២​នាទី​ព្រឹក រហូត​ដល់​ម៉ោង ១២ និង ៤៦​នាទី​រសៀល។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា បាន​ស្នើ​ឱ្យ​ក្រុម​សង្កេតការណ៍​អន្តរកាល (IOT) ចុះ​ត្រួតពិនិត្យ​ទីតាំង​ធ្លាក់​គ្រាប់ ព្រមទាំង​ធ្វើ​កោសល្យវិច័យ​គ្រាប់ ដើម្បី​ធានា​នូវ​សុចរិតភាព តម្លាភាព អព្យាក្រឹត និង​ភាព​ជឿ​ទុកចិត្ត​បាន​លើ​ការ​អនុវត្ត​បទ​ឈប់​បាញ់។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិនបើ​ភាគី​ណា​មួយ​បដិសេធ​មិន​ឱ្យ​អ្នក​សង្កេតការណ៍​អន្តរកាល​ចុះ​ទៅ​ត្រួតពិនិត្យ គឺ​បាន​សេចក្តី​ថា ភាគី​នោះ​គឺជា​អ្នក​បាញ់ ហើយ​ក៏​ជា​អ្នក​ដែល​រំលោភ​បំពាន​ទៅ​លើ​បទ​ឈប់​បាញ់​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស