34.1 C
Phnom Penh

ថៃ បង្ហាញ​មហិច្ឆតា​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ និង​បំពាន​អធិបតេយ្យ​កម្ពុជា ប្រសិនបើ​លុប MoU ចំនួន​ពីរ​ជាមួយ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​មាន​ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ប្រមាណ​ជាង ២​ខែ​មក​នេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ធ្វើ​ប្រជាមតិ​ជាតិ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចំនួន​ពីរ​ជាមួយ​កម្ពុជា ដែរ​ឬ​យ៉ាងណា។

ការ​លើកឡើង​នេះ បង្ហាញ​ថា​មហិច្ឆតា​របស់​ថៃ មាន​ភាព​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ ព្រមទាំង​បាន​បំពាន​យ៉ាង​កំរោល​លើ​អធិបតេយ្យ​របស់​កម្ពុជា ពីព្រោះ​កិច្ចព្រមព្រៀង​នេះ គឺ​ស្រប​តាម​ច្បាប់​កម្រិត​ថ្នាក់​ជាតិ និង​ច្បាប់​អន្តរជាតិ។

ផ្អែក​តាម​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ និង​ផែនទី​ឧបសម្ពន្ធ​ទី​១ ឆ្នាំ​១៩០៨ ទាំង MoU ឆ្នាំ​២០០០ ព្រំដែន​គោក និង MoU ឆ្នាំ​២០០១ ព្រំដែន​ទឹក​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ឡើង គឺ​ស្រប​តាម​ច្បាប់​កម្រិត​ថ្នាក់​ជាតិ និង​ច្បាប់​អន្តរជាតិ។

ផ្អែក​តាម MoU ទាំង​ពីរ​ដែល​បាន​បង្កើត​ឡើង​នេះ គឺ​ដើម្បី​ស្វែងរក​ការ​បោះ​បង្គោល​ព្រំដែន​ដោយ​សន្តិវិធី​ផ្អែក​តាម​ច្បាប់​អន្តរជាតិ ហើយ​ក៏​មិន​ធ្វើ​ឱ្យ​បាត់បង់​នូវ​អធិបតេយ្យភាព​របស់​ប្រទេស​ទាំង​ពីរ​ដែល​បាន​ព្រមព្រៀង​ជាមួយ​គ្នា​នោះ​បាន​ឡើយ។

អ្នកជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​យោង​តាម​ច្បាប់​អន្តរជាតិ គឺ​អនុសញ្ញា​ទីក្រុង​វីយែន ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ឆ្នាំ​១៩៦៩ នៅ​ពេល​ដែល​រដ្ឋ​អធិបតេយ្យ​ពីរ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​អនុស្សរណៈ​យោគយល់​គ្នា (MOU) សម្រាប់​អនុវត្ត អនុស្សរណៈ​នោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ។

លោក​បន្ត​ថា ផ្អែក​តាម​អនុសញ្ញា​ទីក្រុង​វីយែន រដ្ឋ​មួយ​មិន​អាច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​បាន​ឡើយ លុះត្រាតែ​កិច្ចព្រមព្រៀង ឬ MoU នោះ​មាន​ចែង​អំពី​លក្ខខណ្ឌ​បញ្ចប់​សុពលភាព ខណៈ MOU ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ ពុំ​បាន​កំណត់​សុពលភាព​ឡើយ។ រដ្ឋាភិបាល​ថៃ អាច​ប្រកាស​ជា​ឯកតោភាគី​មិន​ទទួលស្គាល់​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ប៉ុន្តែ​បើ​តាម​ច្បាប់​អន្តរជាតិ ការ​ប្រកាស​បែប​នេះ​មិន​អាច​បដិសេធ​កាតព្វកិច្ច​របស់​ថៃ ចំពោះ​កម្ពុជា បាន​ទេ ប្រសិនបើ​ភាគី​កម្ពុជា ទាមទារ​ឱ្យ​អនុវត្ត​បន្ត​ទៅ​ទៀត។

លោក​បន្ថែម​ថា ប្រសិនបើ​ភាគី​ថៃ ដក​ខ្លួន​ចេញពី​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​កម្ពុជា ដោយ​ឯកតោភាគី ដូច្នេះ​ភាគី​កម្ពុជា អាច​ប្តឹង​តវ៉ា​តាម​ការទូត​ទៅ​កាន់​អង្គការសហប្រជាជាតិ (UN) ឬ​អាស៊ាន (ASEAN) និង​អាច​ដាក់​ពាក្យបណ្ដឹង​លើ​បញ្ហា​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ថែមទៀត។

ចំណែក​លោក​មេធាវី សុក សំអឿន បាន​លើកឡើង​ថា ការ​បំពាន​កិច្ចព្រមព្រៀង គឺ​អ្នក​បំពាន​អាច​នឹង​ធ្វើ​បាន ប៉ុន្តែ​ក៏​ត្រូវ​តែ​ប្រឈម​នឹង​ផលវិបាក​អវិជ្ជមាន​ដែល​កើតឡើង​ពី​ការ​បំពាន​កិច្ចព្រមព្រៀង​នេះ​ដែរ។

លោក​បន្ត​ថា អ្នក​ដែល​បំពាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស និង​ប្រទេស អាច​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស គេ​អាច​ព្រួត​គ្នា​ដាក់​ទណ្ឌកម្ម​ការទូត និង​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ដែល​ជា​អ្នក​បំពាន​គេ​នោះ​មាន​អំណាច​ខ្លាំង ពោល​គឺ​មាន​សេដ្ឋកិច្ច​ខ្លាំង មាន​កម្លាំង​ទ័ព​ខ្លាំង ឧទាហរណ៍​ដូចជា​ប្រទេស​រុស្ស៊ី ដែល​គេ​ឃើញ​គ្រប់​គ្នា​ហើយ​ថា​ប្រទេស​តូចៗ​មិន​ហ៊ាន​ដាក់​ទណ្ឌកម្ម​លើ​នោះ​ទេ។

លោក​បន្ត​ថា ប្រសិនបើ​ថៃ ហ៊ាន​លុប​កិច្ចព្រមព្រៀង​នោះ គេ​នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ថា​តើ​នៅ​លើ​លោក​នេះ​មាន​ប្រទេស​ដែល​អាច​ហ៊ាន​ចូលរួម​ដាក់​សម្ពាធ​ការទូត និង​សម្ពាធ​សេដ្ឋកិច្ច​លើ​ប្រទេស​ខ្លួន​ដែរ​ទេ? ប្រសិនបើ​មាន​ការ​ចោមរោម​ដាក់​សម្ពាធ​មែន តើ​ខ្លួន​អាច​មាន​លទ្ធភាព​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ​ឬ​ទេ?

លោក​មេធាវី សុក សំអឿន អះអាង​ថា ចំពោះ​រឿង​វិវាទ​រវាង​ថៃ និង​កម្ពុជា កម្ពុជា​អាច​ងាក​ទៅ​ប្រើ​យន្តការ​តុលាការ​អន្តរជាតិ​បាន កាលបើ​ថៃ រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ តែ​ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេច​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន​ដែរ ព្រោះ​ប្រសិនបើ​ករណី​នេះ​កើតឡើង អាច​នឹង​មាន​សង្គ្រាម​ផ្ទុះ​រវាង​ថៃ និង​កម្ពុជា។

ងាក​មក​មើល​មហិច្ឆតា​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ ដ្បិត​ផ្ទៃដី​ថៃ មាន​ទំហំ ៥១៣១២០​គីឡូម៉ែត្រ​ការ៉េ និង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៣ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​មីយ៉ាន់ម៉ា ក៏ដោយ ប៉ុន្តែ​ប្រទេស​ថៃ នៅតែ​មាន​មហិច្ឆតា​បន្ត​ដោយ​គ្មាន​ដឹង​ច្បាប់​ទម្លាប់​អន្តរជាតិ​ទាល់តែសោះ។ ថៃ បាន​បំពាន​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ​ក្រោម​មាត្រា​២៦ នៃ​អនុសញ្ញា​ទីក្រុង​វីយែន ស្ដីពី​ច្បាប់​នៃ​សន្ធិសញ្ញា​ដែល​ជា​កាតព្វកិច្ច​របស់​ប្រទេស​ថៃ ដែល​បាន​ចុះហត្ថលេខា​ត្រូវតែ​គោរព។

ការ​ដក​ខ្លួន​ចេញពី MoU របស់​ថៃ នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃ៖

  • ខូច​ដល់​ភាព​ជឿជាក់​ផ្នែក​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ។
  • ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​បំផ្លាញ​នីតិរដ្ឋ ជាពិសេស​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។
  • ចុះ​ខ្សោយ​តួនាទី​ដឹកនាំ​នៅ​ក្នុង​តំបន់។
  • ខូច​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង។
  • ត្រូវ​បាន​គំរាម​បណ្តេញ​ចេញពី​សមាជិក​អង្គការ​សហប្រជាជាតិ​ដូច​ក្នុង​ឆ្នាំ​១៩៦២ បន្ទាប់ពី​ថៃ មិន​បាន​គោរព​សាលក្រម​របស់​តុលាការ ICJ និង​បើក​ទ្វារ​សម្រាប់​មហាអំណាច​ខាងក្រៅ (ឧទាហរណ៍៖ ចិន សហរដ្ឋ​អាមេរិក) មាន​ឥទ្ធិពល​លើ​នយោបាយ​ក្នុង​តំបន់ ផ្ទុយ​ពី​គោលការណ៍​អាស៊ាន​ដែល​មហាអំណាច​ទាំង​ពីរ​នេះ ក៏ដូចជា​សមាជិក​អចិន្ត្រៃយ៍ UNSC បាន និង​កំពុងតែ​ងាក​មក​រក​ការ​គាំទ្រ​ផ្នែក​ច្បាប់​មក​ខាង​ភាគី​កម្ពុជា។

ជា​សរុប សម្រាប់​ប្រទេស​ថៃ យក​ល្អ ត្រូវ​បន្ត​រក្សា និង​អនុវត្ត​កិច្ចព្រមព្រៀង MoU ដែល​មាន​ស្រាប់ រួម​មាន បន្ត​ការ​ចរចា​ទ្វេភាគី ការ​កំណត់​ព្រំដែន​បច្ចេកទេស ក្រោម​គណៈកម្មការ​ព្រំដែន​រួម (JBC) យន្តការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី រួម​ទាំង​ក្របខ័ណ្ឌ​អាស៊ាន និង​ការ​សម្របសម្រួល​អន្តរជាតិ ប្រសិនបើ​ចាំបាច់។

ចំណែកឯ​ប្រទេស​កម្ពុជា វិញ កម្ពុជា​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ ICJ រួច​ហើយ​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ ប៉ុន្តែ​ផែនការ​បន្ត ត្រូវតែ​រៀបចំ​ឯកសារ​ភស្តុតាង​រឹងមាំ​រួច​ជា​ស្រេច​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ (UNSC) ក្នុង​ករណី​ដែល​ថៃ ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ឈ្លានពាន​បន្ទាប់ពី​បាន​លុប​ចោល MoU ទាំង​ពីរ​នេះ។ ការ​ប្រើប្រាស់​ផ្លូវច្បាប់ ICJ ឬ​សាលាក្ដី ITLOS កម្ពុជា គួរ​រួសរាន់​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ ដើម្បី​ប្រឈម​នឹង​ការ​ដក​ខ្លួន​របស់​ថៃ ចេញពី MoU៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស