តំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ហៅកាត់ថា ICRC បានបញ្ជាក់ជាថ្មីម្តងទៀតក្រោយពីបានដោះដូរសារសំបុត្រជាលើកទី២ ជាមួយក្រុមគ្រួសារទាហានទាំងអស់ថា ស្ថានភាពទាហានខ្មែរទាំង ១៨នាក់ ដែលទាហានថៃ បានចាប់ខ្លួនក្រោយមានបទឈប់បាញ់គ្នា មានសុខភាពល្អទាំងអស់។
ថ្លែងនៅក្នុងជំនួបជាមួយលោកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ ខែតុលា លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បានឲ្យដឹងថា តាមការកត់សម្គាល់របស់ខ្លួនឃើញថា ស្ថានភាពសុខភាពរបស់យោធាកម្ពុជា ១៨នាក់ មានសុខភាពល្អ។ លោកថា ICRC ប្ដេជ្ញាប្រឹងប្រែងរហូតដល់មានការដោះលែងយោធាខ្មែរដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យត្រឡប់មកមាតុប្រទេសវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។
ជាការឆ្លើយតប លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា នេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារយោធា រដ្ឋាភិបាល និងប្រជាជនខ្មែរ ដែលតែងទន្ទឹងរង់ចាំដំណឹងពិតប្រាកដអំពីយោធាខ្មែរ។ លោកស្រីថា គិតត្រឹមពេលនេះ គឺមានរយៈពេល ៧៧ថ្ងៃហើយដែលយោធាខ្មែរ ១៨រូបត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយយោធាថៃ។
ក្រសួងការពារជាតិប្រទេសកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ប្រើគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងទាំង ១៨នាក់នោះវិលត្រឡប់មកវិញឱ្យបានឆាប់ និងដោយសុខសុវត្ថិភាព។
ចំណែកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ បានជួបជាមួយក្រុមគ្រួសាររបស់វីរយុទ្ធជនទាំង ១៨រូបដែលត្រូវទាហានថៃ ចាប់ខ្លួន និងបានអះអាងថា រដ្ឋាភិបាលកម្ពុជា មិនបានបំភ្លេចចោលនូវវីរយុទ្ធជន ១៨រូបនោះឡើយ។
តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំអង្គការសហប្រជាជាតិ លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត បានអះអាងកន្លងមកថា យោធាខ្មែរទាំង ១៨នាក់ មិនអាចដោះលែងវិញទេ ដរាបណាជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់ដោះស្រាយជាផ្លូវការ ហើយការមិនដោះលែងវិញនោះ គឺដើម្បីបញ្ចៀសពួកគេកុំឱ្យចូលសមរភូមិប្រយុទ្ធវិញ។
ភាគីខ្មែរចោទថា កងទ័ពថៃ បានប្រើល្បិចលួចចាប់យុទ្ធជនពីប្រទេសកម្ពុជា ប្រមាណ ២០រូបនៅវេលាម៉ោង ៧:៥០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា រយៈពេលប្រមាណជាង ៧ម៉ោងតែប៉ុណ្ណោះក្រោយពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ០០ ម៉ោងសកល ឬកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចាប់តាំងពីចាប់ខ្លួនយកទៅ ថៃ បានបញ្ជូនយោធិនខ្មែរមកតែ ២រូបតែប៉ុណ្ណោះ ដែលការបញ្ជូនមកវិញនោះ គឺក្នុងសភាពម្នាក់រងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើររួច ចំណែកឯម្នាក់ទៀតអាចដើរបាន ប៉ុន្តែរងរបួសផ្នែកស្មារតី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

