26.3 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ប្រើ​សេវាកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ PTT ឡើងវិញ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ផ្លាស់ប្ដូរ​ការ​នាំចូល​ប្រេង​មកពី​ប្រទេស​សិង្ហបុរី។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ស្ថានីយ​ប្រេងឥន្ធនៈ PTT ថ្វីត្បិតតែ​ប្រភព​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​នាំចូល​ប្រភព​ប្រេង​មកពី​ប្រទេស​ថៃ ទៀត​ទេ ពោល​គឺ​នាំចូល​មកពី​ប្រទេស​សិង្ហបុរី ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​ធម្មតា ក្រៅពី​នេះ ដូចជា ក្រុមហ៊ុន CP ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ខេ ស៊ីមេន ជាដើម ក៏​ពលរដ្ឋ​ខ្មែរ​អាច​ប្រើប្រាស់​ដូច​ធម្មតា​ដែរ។

លោក​ថា ទោះបី​ក្រុមហ៊ុន​របស់​ថៃ ឬ​ថៅកែ​ជា​ជនជាតិ​ថៃ ក៏ដោយ បើសិន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​មាន​ន័យ​ថា ទំនិញ ឬ​ផលិតផល​ទាំងអស់​នោះ​គឺជា​របស់​ខ្មែរ មិនមែន​របស់​ថៃ ទេ។

លោក ហ៊ុន សែន លើកឡើង​ទៀត​ថា លោក​តែង​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​សំណើ​ណាមួយ​របស់​ភាគី​កម្ពុជា ដែល​ស្នើ​ដើម្បី​បើក​ព្រំដែន​គោក​កម្ពុជា-ថៃ ឡើងវិញ ដើម្បី​ងាយស្រួល​ក្នុង​ការ​នាំចូល​ទំនិញ​ថៃ ប៉ុន្តែ​មិន​ត្រូវ​ពហិការ​ជ្រុល​ហួសហេតុ ទាំង​ដែល​ទំនិញ​របស់​ក្រុមហ៊ុន​ថៃ ខ្លះ កំពុង​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​ពហិការ​ឈប់​ប្រើ​ផលិតផល​ក្រុមហ៊ុន​ថៃ ផលិត​នៅ​កម្ពុជា គឺ​ស្មើ​នឹង​ពហិការ​សម្លាប់​សេដ្ឋកិច្ច​ជាតិ​ខ្លួនឯង។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ប្រកាស​ទាត់ចោល​ការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ ក្រៅពី​ទំនិញ​យុទ្ធសាស្ត្រ ៤​ប្រភេទ​ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ពិត​មែន​តែ​ការ​ប្រកួតប្រជែង​ដោយ​អាវុធ​ត្រូវ​បាន​បញ្ឈប់ ប៉ុន្តែ​សង្គ្រាម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​កំពុងតែ​បន្ត ព្រោះ​ថា​កម្ពុជា បាន​ធ្វើ​ពហិការ​មិន​ប្រើ​ទំនិញ​ថៃ រីឯ​ថៃ ក៏​អាច​នឹង​ធ្វើ​ពហិការ​មិន​ទិញ​ផលិតផល​របស់​ខ្មែរ​ដែរ ដូច្នេះ​មាន​ន័យ​ថា ល្បែង​ជ្រមុជ​ទឹក​ប្រណាំង​គ្នា​នេះ​មិន​ដឹង​ថា​ចប់​ពេល​ណា​នោះ​ទេ។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ហាមប្រាម​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ ជា​កំហិត ខណៈ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស​បញ្ឈប់​ការ​នាំចូល​មុខទំនិញ​យុទ្ធសាស្ត្រ​ពី​ប្រទេស​ថៃ ផង​ដែរ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និង​ឧស្ម័ន រួម​ទាំង​បញ្ឈប់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស