28 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជំរុញ​ឱ្យ​កម្ពុជា-ថៃ​បញ្ឈប់​ជាបន្ទាន់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កម្ពុជា-ថៃ ក្នុង​តំបន់​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើងវិញ​នា​ពេលនេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពី​ថ្ងៃ​អង្គារ បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​ជាបន្ទាន់​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ដែល​បាន​សម្លាប់​ជនស៊ីវិល​ជាបន្តបន្ទាប់​នោះ។

រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ម្តង​ហើយ​ម្តង​ទៀត​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ជាបន្ទាន់​នូវ​អរិភាព ដើម្បី​ការពារ​ជនស៊ីវិល និង​ត្រឡប់​ទៅ​រក​វិធានការ​បន្ថយ​ភាព​តានតឹង​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ។

លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជំរុញ​ឱ្យ​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់​ដើម្បី​ការពារ​ជនស៊ីវិល​របស់​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ទាំង​សងខាង​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា ដែល​មាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​សាក្សី។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ កំពុងតែ​ឆាបឆេះ​ឡើងវិញ​នៅ​តាម​បណ្តោយ​ព្រំដែន​អស់​រយៈពេល ៣​ថ្ងៃ​មក​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​វិមាន​រដ្ឋាភិបាល​ថា សង្គ្រាម​នៅ​តំបន់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ពេលនេះ បញ្ឈប់​លែង​បាន​ហើយ ខណៈ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​នឹង​គាំទ្រ​ប្រតិបត្តិការ​របស់​យោធា​ថៃ ១០០% ដើម្បី​កម្ទេច​កម្ពុជា ឱ្យ​ដល់​ទី​ចុងបញ្ចប់ និង​អស់​លទ្ធភាព។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា លោក​បាន​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​កងទ័ព​ថៃ រួច​ហើយ​សម្រាប់​ការ​អនុវត្ត​ផែនការ​ដែល​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​បាន​រៀបចំ ឱ្យ​ពេញលេញ​ដើម្បី​ជំរុញ​ផែនការ​នៃ​ប្រតិបត្តិការ​របស់​យោធា​ឱ្យ​មាន​ប្រសិទ្ធភាព។

ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា-ថៃ រយៈពេល ៣​ថ្ងៃ​មក​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​លើ​កម្ពុជា គិត​ចាប់ពី​វេលា​ម៉ោង ៥ និង ២០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ២ និង ២២​នាទី នៅ​ថ្ងៃទី​១០ ខែ​ធ្នូ នេះ មាន​ចំនួន ១១​លើក ទាំង​ការ​បាញ់​ផ្លោង​កាំភ្លើងធំ ប្រើ​ដ្រូន​ទម្លាក់​គ្រាប់បែក រួម​ទាំង​យន្តហោះ​ចម្បាំង F-16 ផង​ដែរ។

ចំណែក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើ​ការ​វាយប្រហារ​លើ​កម្ពុជា នៅ​វេលា​ម៉ោង ០២ និង ៤០​នាទី ដោយ​បាញ់​ផ្លោង​អាវុធ​ធុន​ធ្ងន់​នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ចំនួន ២​គ្រាប់។ ប៉ុន្តែ​ចាប់ពី​វេលា​ម៉ោង ០៦ និង ០០​នាទី រហូត​ដល់​ម៉ោង ១១ និង ៣០​នាទី​យប់ កងទ័ព​ថៃ បាន​បាញ់​ផ្លោង​ចូល​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ និង​បង្ហោះ​ដ្រូន​ចូល​ទឹកដី​កម្ពុជា ដើម្បី​ស៊ើបការណ៍​ក្នុង​ភូមិសាស្ត្រ​អូរភ្លុកដំរី ក្នុង​ខេត្ត​ពោធិ៍សាត់ រួម​ទាំង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​បាន​បាញ់​កាំភ្លើងត្បាល់​ប្រភេទ ៦០​មិល្លីម៉ែត្រ​ចូល​ក្នុង​ស្រុក​សំពៅលូន ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ យោធា​ថៃ ក៏បាន​បាញ់​មក​លើ​កងកម្លាំង​កម្ពុជា និង​ជនស៊ីវិល​ចំនួន ១៥​លើក​ដែរ ដោយឡែក​ថ្ងៃទី​៧ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​វាយប្រហារ​របស់​ថៃ មក​លើ​កម្ពុជា ពួកគេ​បាន​បើក​ការ​បាញ់​ប្រហារ​លើ​កម្ពុជា ចំនួន ៣​លើក។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា រយៈពេល ៣​ថ្ងៃ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ ជនស៊ីវិល​កម្ពុជា ចំនួន ៩​នាក់​បាន​ស្លាប់ និង ២០​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​នោះ ជនរងគ្រោះ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បាន​ស្លាប់​ចំនួន ៣​នាក់ និង​របួស ៨​នាក់។ ចំណែក​ជនរងគ្រោះ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ស្លាប់ ១​នាក់ និង​រង​របួស ២​នាក់ ខណៈ​ជនរងគ្រោះ​ខេត្ត​បន្ទាយមានជ័យ បាន​ស្លាប់ ៣​នាក់ និង​រង​របួស ១០​នាក់​ផង​ដែរ។

ដោយឡែក​ពលរដ្ឋ​ភៀស​សឹក​ពី​ការ​វាយប្រហារ​នេះ បាន​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន​គ្រួសារ (៣៧១១៥​នាក់) ហើយ​ពលរដ្ឋ​រងគ្រោះ​សរុប​មាន​ចំនួន​ជាង ១​សែន​នាក់ (១២៧១៣៣​នាក់) ដែល​មកពី​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​ឧត្ដរមានជ័យ ជាង ៩​ពាន់​គ្រួសារ (៩៧៦៨​គ្រួសារ) មាន​ចំនួន​មនុស្ស​ជាង ៣​ម៉ឺន​នាក់ (៣៣៧៨៧​នាក់) ខេត្ត​ព្រះវិហារ ជាង ៦​ពាន់​គ្រួសារ (៦១៣៣​គ្រួសារ) ចំនួន​មនុស្ស​ជាង ២​ម៉ឺន​នាក់ (២១៦៣៩​នាក់)។

រីឯ​ខេត្ត​បន្ទាយមានជ័យ មាន​ជាង ១​ម៉ឺន​គ្រួសារ (១០២៥៥​គ្រួសារ) មាន​ចំនួន​ប្រជាជន​ជាង ៣​ម៉ឺន​នាក់ (៣៦២៤៤​នាក់) ខេត្ត​ពោធិ៍សាត់ មាន ៩០០​គ្រួសារ មាន​ប្រជាជន​ជាង ៣​ពាន់​នាក់ (៣២២១​នាក់) ខេត្ត​បាត់ដំបង ជាង ១០០​គ្រួសារ (១០១​គ្រួសារ) មាន​ប្រជាជន​ជាង ៤០០​នាក់ (៤០៥​នាក់) និង​ខេត្ត​សៀមរាប ជាង ៩​ពាន់​គ្រួសារ (៩៩៥៨​គ្រួសារ) និង​មាន​ប្រជាជន​ជាង ៣​ម៉ឺន​នាក់ (៣១៨៣៧​នាក់) ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស