នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ លើកឡើងថា ការបោះឆ្នោតនៅប្រទេសថៃឡង់ដ៍ មិនមែនជាដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាឡើយ រីឯជម្លោះព្រំដែនកម្ពុជា-ថៃ ក៏មិនមែនជាកត្តាកំណត់តែមួយគត់ដែលជះឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោតនៅថៃ ដែរ។
លោក ឆាំង យុ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ កុម្ភៈ នេះថា ពិតមែនតែការបោះឆ្នោតនៅថៃ គឺជាកត្តាសំខាន់មួយដែលមានឥទ្ធិពលលើជម្លោះព្រំដែន ប៉ុន្តែមិនអាចនិយាយបានថាវាជាមូលហេតុតែមួយគត់ ឬជាកម្លាំងជំរុញសំខាន់បំផុតនៃជម្លោះនេះឡើយ។
អ្នកវិភាគបរទេសឯទៀត អធិប្បាយថា ជ័យជម្នះនៃគណបក្សភូមិចៃថៃ ឬមោទនាមាតុភូមិថៃ ជាបក្សនយោបាយអភិរក្សនិយម ដឹកនាំដោយលោក អនុធីន ឆានវីរៈគុល ឈ្នះឆ្នោតមកពីកត្តាចម្បងជាងគេ គឺជំហររឹងប៉ឹងក្នុងជម្លោះព្រំដែនជាមួយខ្មែរ។
លោក ឆាំង យុ លើកឡើងថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាមូលហេតុ និងជាលទ្ធផលនៃការប្រកួតប្រជែងនយោបាយផ្ទៃក្នុងរវាងក្រុមនយោបាយថៃ ដើម្បីអនាគតប្រទេសថៃ ទៅថ្ងៃមុខ ពីព្រោះពួកគេបានយកភាពតានតឹងនៃប្រវត្តិសាស្ត្រជាមួយប្រទេសកម្ពុជា ដែលមានយូរមកហើយនោះ មកប្រើដើម្បីបង្កើតភាពរួបរួមជាតិមួយក្នុងគោលបំណងនយោបាយជាតិរបស់ពួកគេទៅថ្ងៃអនាគត។
អ្នកចងក្រងឯកសារខ្មែរក្រហមរូបនេះ អះអាងថា ការបោះឆ្នោតរបស់ថៃ ក៏មិនមែនជាចំណុចបញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា នោះដែរ តែវាគ្រាន់តែជាឱកាសថ្មីមួយសម្រាប់កែលំអទំនាក់ទំនងប៉ុណ្ណោះ ព្រោះជម្លោះអន្តរជាតិដែលទាក់ទងនឹងព្រំដែន រួមទាំងប្រវត្តិសាស្ត្រដែលមានរយៈពេលជាច្រើនជំនាន់មកនោះ មិនអាចដោះស្រាយបានដោយព្រឹត្តិការណ៍តែមួយ ដូចជាការបោះឆ្នោត ឬសូម្បីតែមានកិច្ចព្រមព្រៀងសន្តិភាពនោះហើយក៏ដោយ។
លោក ឆាំង យុ ផ្តល់យោបល់ឱ្យរដ្ឋាភិបាលប្រទេសកម្ពុជា ត្រូវតែត្រៀមយុទ្ធសាស្ត្រ និងទស្សនៈវែងឆ្ងាយបន្តជំនាន់ ដោយការអនុវត្តយុទ្ធសាស្ត្រចម្រុះ រឹងមាំគ្រប់វិស័យ ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច យោធា និងវប្បធម៌សង្គម ជាដើម ដើម្បីទប់ទល់ល្បិចថៃ បន្តទៀត ព្រោះកន្លងមក ភាគីថៃបង្ហាញថា ជម្លោះព្រំដែនគឺបង្កឡើងដោយប្រទេសកម្ពុជា ទាំងដែលពួកគេកំពុងកាន់កាប់ទឹកដីខ្មែរអស់ ១៤តំបន់ដោយខុសច្បាប់ទៅហើយនោះ។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បណ្ដាញសារព័ត៌មានក្នុងស្រុកថៃ បានចុះផ្សាយអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាថ្មី ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ដោយរាយការណ៍ថា គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អនុធីន ឆានវីរៈគុល ទទួលបាន ១៩៤អាសនៈ នាំមុខគេទាំងអស់ក្នុងចំណោមគណបក្សនយោបាយសរុបចំនួន៥។
ប្រភពដដែល ផ្សាយថា គណបក្សភូមិចៃថៃ ទទួលបានអាសនៈ ១៩៤ គណបក្សប្រជាជនថៃទទួលបានអាសនៈ ១១៦ រីឯគណបក្សភឿថៃ ទទួលបានអាសនៈ ៧៦ និងគណបក្ស Kla Tham ទទួលបាន ៥៧អាសនៈ ចំណែកគណបក្សប្រជាធិបតេយ្យ ទទួលបាន ២២អាសនៈ។
សារព័ត៌មានថៃ បង្ហាញថា ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ត្រូវគណបក្សភូមិចៃថៃ ខាងលោក អនុធីន ឆានវីរៈគុល ដណ្តើមយកកៅអីស្ទើរតែទាំងអស់ក្នុងការបោះឆ្នោតនេះ។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈ នេះថា លោក អនុធីន ឆានវីរៈគុល យកបញ្ហាជាតិនិយមធ្វើជាដើមទុននៅក្នុងការបោះឆ្នោត ហើយនៅទីបំផុត ពិតជាទទួលបានជ័យជម្នះមែន។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនាមួយក្នុងទីក្រុងបាងកក កាលពីខែមុន លោក អនុធីន ឆានវីរៈគុល បានប្រកាសថានឹងប្តូរជីវិតការពារប្រទេសថៃ ដោយប្រជាជនថៃ គ្រាន់តែជ្រើសរើសយកគណបក្សភូមិចៃថៃ ដើម្បីការពារប្រទេស និងជួយថែរក្សាទឹកដីទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ កុម្ភៈ នេះថា សម្រាប់អ្នកនយោបាយថៃ ទោះជានរណាឈ្នះឆ្នោតដឹកនាំប្រទេសថៃ ក៏ដោយ ក៏ភាគច្រើននៃអ្នកនយោបាយថៃ នៅតែបន្តមហិច្ឆតាឈ្លានពានកម្ពុជាដែរ ពីព្រោះពួកគេរៀនប្រវត្តិសាស្ត្រខុសតៗគ្នា ដែលជាហេតុធ្វើឱ្យអ្នកទាំងនោះចិញ្ចឹមមហិច្ឆតាចង់បានទឹកដីកម្ពុជារហូតមក។
ចំណែកឯស្ថានការណ៍យោធាវិញ ក្រោយថ្ងៃបោះឆ្នោតដើម្បីរៀបចំរដ្ឋាភិបាលថ្មី និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិ ៤ឆ្នាំទៅមុខ សារព័ត៌មានភាសាបរទេសនៅថ្ងៃទី៩ ខែកុម្ភៈ បានស្រង់សម្ដីនាយទាហានជាន់ខ្ពស់ខាងស៊ើបការណ៍សម្ងាត់យោធា និងសន្តិសុខជាតិថៃ អំពីការប្រមើលឃើញថា ចម្បាំងជាមួយប្រទេសកម្ពុជា អាចនឹងកើតឡើងជាលើកទីបី។
ប្រភពស៊ើបការណ៍យោធាថៃ អះអាងថា ប៉ុន្មានថ្ងៃមុនប្រទេសថៃឡង់ដ៍ បោះឆ្នោតជាតិ គេបានដឹងថា កងយោធពលខេមរភូមិន្ទកម្ពុជា បានដំឡើងគ្រឿងសព្វាវុធធុនធ្ងន់ៗនៅតាមតំបន់ព្រំដែនខាងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដែលគេថាជាទ្រង់ទ្រាយរៀបចំត្រៀមវាយប្រហារទៅលើប្រទេសថៃ។
យោធាថៃ កត់សម្គាល់ជាពិសេសការដំឡើងប្រព័ន្ធសព្វាវុធមកពីប្រទេសចិន កាលពីឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដែលកងទ័ពខ្មែរអាចនឹងប្រើក្រៅពីប្រព័ន្ធរ៉ុក្កែត BM-21, PHL-3 PHL-81, QW-3 មាន ប្រព័ន្ធកាំជ្រួចការពារដែនអាកាស KF-3, KS-1C ដែលធ្លាប់គ្មានប្រសិទ្ធភាព, កាំជ្រួចបាញ់ចម្ងាយមធ្យម-ចម្ងាយឆ្ងាយ Hong Qi ផ្លាកក្រហម (HQ) 12, HQ 22 ផលិតដោយក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មយានអវកាសវិទ្យាសាស្ត្រចិន (CASIC)។ ការដំឡើងសាច់ដុំនេះ ធ្វើឡើងខណៈប្រទេសកម្ពុជា ទទូចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយប្រទេសថៃឡង់ដ៍ ស្នើឲ្យភាគីខ្មែរបន្ថយកម្តៅការប្រើកម្លាំងទ័ព៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

