លោក អនុធីន ឆានវីរៈគុល ប្រកាសជ័យជម្នះក្នុងការបោះឆ្នោតសភានៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្រច្រើនជិត ៣ដង បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០២៣ ដែលបក្សនេះទទួលបាន ៧១អាសនៈនៃចំនួនសរុប ៥០០អាសនៈ។
សារព័ត៌មាន The Straits Times នៃប្រទេសសិង្ហបុរី ពិនិត្យឃើញធាតុផ្សំបីចំណុចដែលបង្កលក្ខណៈឲ្យគណបក្សភូមិចៃថៃ របស់លោក អនុធីន ឈ្នះឆ្នោត។ គណបក្សភូមិចៃថៃ ឬបក្សមោទនាមាតុភូមិថៃ ជាគណបក្សប្រកាន់គោលគំនិតអភិរក្សនិយម ដែលមិនជំទាស់នឹងគោលគំនិតព្រះរាជាថៃ។ នៅឯប្រទេសជប៉ុន ក្នុងថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដូចគ្នា នាយករដ្ឋមន្ត្រីស្ត្រីខ្លាំង អ្នកស្រី សាណាអ៊ែ តាកៃជី (Sanae Takaichi) ពីបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សអភិរក្សនិយម ក៏ជាប់ឆ្នោតជាថ្មី។
អ្នកតាមដានប្រៀបធៀបអ្នកស្រី សាណាអ៊ែ តាកៃជី ទៅនឹងអ្នកស្រី សៃ អ៊ឹងវ៉ិន ប្រធានាធិបតីកោះតៃវ៉ាន់។
ចំពោះប្រទេសថៃឡង់ដ៍ សារព័ត៌មាន The Straits Times បានបង្ហាញថា អ្វីដែលលោក អនុធីន និងគណបក្សភូមិចៃថៃ មានប្រៀបយកឈ្នះបាន អាចមកពីកត្តា ៣យ៉ាង គឺ ទី១ ជំហរដ៏រឹងមាំរបស់លោកហ៊ានពុះពារអារកាត់រឿងជាតិមាតុភូមិថៃ ក្នុងជម្លោះព្រំដែនជាមួយនឹងប្រទេសកម្ពុជា។ ទី២ ការបញ្ចូលអ្នកបច្ចេកទេស និងទី៣ សមត្ថភាពអភិបាលកិច្ចរដ្ឋបាលសាធារណៈ ពោលគឺបើកឱកាសឱ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេត បោសសំអាតអំពើពុករលួយ និងឧក្រិដ្ឋកម្ម ប៉ុន្តែករណីជម្លោះព្រំដែនជាមួយកម្ពុជា គឺជាផ្នែកមួយដ៏ធំនៃជ័យជម្នះរបស់នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះ។
ជុំវិញកត្តាជម្លោះជាមួយប្រទេសកម្ពុជា ជំហររបស់លោក អនុធីន បានទាក់ទាញចិត្តអ្នកបោះឆ្នោតសឹងតែទូទាំងប្រទេស លើកលែងតែទីក្រុងបាងកក មួយប៉ុណ្ណោះ ដែលបក្សភូមិចៃថៃ មិនអាចយកឈ្នះអាសនៈបានឡើយ។
ក្រោយពីសង្គ្រាមបិទបញ្ចប់ កងទ័ពថៃ បានកាន់កាប់ទីតាំងឈរជើងខាងក្នុងទឹកដីដែលប្រទេសកម្ពុជាថាជាទឹកដីខ្មែរ ជាការលើកទឹកចិត្តធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោក អនុធីន និងបក្សរបស់លោក ដែលប្រជាជនថៃ ឃើញកងទ័ពថៃ មានប្រៀបខ្លាំងផ្នែកយោធាជាមួយនឹងប្រទេសកម្ពុជា។
លោក Napon Jatusripitak អ្នកស្រាវជ្រាវ និងជាអ្នកសម្របសម្រួលកម្មវិធីសិក្សាអំពីប្រទេសថៃ នៃវិទ្យាស្ថាន ISEAS-Yusof Ishak នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា លោក អនុធីន ទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកអភិរក្សនិយមថៃ ដែលក្រុមនេះជាមនុស្សដើរតាមគន្លងប្រវត្តិសាស្ត្រនៃការពង្រីកទឹកដីចូលទៅប្រទេសជិតខាង។
ចំណែកឯលោក Titipol Phakdeewanich អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani ប្រទេសថៃ និយាយថា ជ័យជម្នះនៃគណបក្សភូមិចៃថៃ ក៏ព្រោះតែគណបក្សនេះបានបញ្ចេញ «សន្លឹកបៀជាតិនិយម» ជាមួយនឹងកម្លាំងទ័ពថៃ មានប្រៀបជាងកងទ័ពកម្ពុជា ហើយក៏បញ្ចេញមោទនភាពដែលហៅថា «ភាពជាថៃ»។
លទ្ធផលបណ្ដោះអាសន្នចុងក្រោយ គិតត្រឹមម៉ោង ៥រសៀលថ្ងៃចន្ទ គណបក្សភូមិចៃថៃ ជាប់លេខ១ ដោយទទួលបានអាសនៈចំនួន១៩៣ គណបក្សប្រឆាឈុន ជាប់លេខ២ មាន ១១៨អាសនៈ បក្សភឿថៃ ជាប់លេខ៣ មាន ៧៤អាសនៈ បក្សក្លាថាម ជាប់លេខ៤ បានអាសនៈ ៥៨ និងបក្សប្រជាធិបតេយ្យ ជាប់លេខ៥ បាន ២២អាសនៈ។
ជាមួយនឹងជ័យជម្នះដ៏មោទនៈដូចនេះ លោក អនុធីន ឆានវីរៈគុល កំពុងផ្ទៀងផ្ទាត់សំឡេងឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់គាត់ជាមួយនឹងបក្សក្លាថាម ឬបក្សភឿថៃ។
ប៉ុន្តែលោក Natthapong Ruengpanyawut បេក្ខជននាយករដ្ឋមន្ត្រីបក្សប្រឆាឈុន ឬបក្សប្រជាជន ប្រកាសថាបក្សលោកនឹងធ្វើជាបក្សប្រឆាំង ដោយមិនគាំទ្រលោក អនុធីន ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើយក៏មិនចូលរួមគាំទ្រដាច់ខាតចំពោះលោក អនុធីន ឆានវីរៈគុល ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ដឹកនាំរដ្ឋាភិបាលថៃ បន្តទៅទៀតទេ។
ទន្ទឹមនឹងនោះដែរ លោក Natthapong Ruangpanyawut ក៏បានលើកឡើងថា បក្សរបស់លោកនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានដាក់ចេញក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គឺការគោរពតាមដំណើរការប្រជាធិបតេយ្យ ដោយទុកឲ្យគណបក្សដែលទទួលបានសំឡេងឆ្នោតភាគច្រើនជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាល។
លោកបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា មិនមានការព្យាយាមបង្កើតរដ្ឋាភិបាលប្រជែងជាមួយបក្សដែលនាំមុខនោះទេ ព្រោះការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។
ដោយឡែកពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញថ្មី លោក Natthapong សង្ឃឹមថា ទោះជាគណបក្សរបស់លោកមិនបានចូលរួមក្នុងរដ្ឋាភិបាលដើម្បីរុញឱ្យមានរដ្ឋធម្មនុញ្ញថ្មីក៏ដោយ ក៏នៅតែមានការគាំទ្រពីព្រឹទ្ធសភា ដែលជាផ្នែកមួយនៃដំណើរការទៅមុខ។
អ្នកសង្កេតការណ៍បានហៅការបោះឆ្នោតសភានៅប្រទេសថៃឡង់ដ៍ ពេលនេះ ជួនពេលនឹងការបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យចម្លែក ព្រោះលោក អនុធីន ឆានវីរៈគុល ត្រូវបានសង្ស័យថាជា Game ពីក្នុងក្រុមប្រឹក្សាបរមរាជវាំង និងកងទ័ពថៃ ឱ្យលេងល្បែងសង្គ្រាមវាយពង្រីកយកទឹកដីប្រទេសកម្ពុជា ដើម្បីប្រមូលសន្លឹកឆ្នោតពីអ្នកជាតិនិយមថៃ ដែលមិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រខ្លួន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

