ក្រសួងការពារជាតិកម្ពុជា អះអាងថា កងកម្លាំងយោធាថៃ បានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ ៧០នាក់ ចូលក្នុងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃ បានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ មេសា ថា កាលពីថ្ងៃទី២ ខែមេសា វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃ បានធ្វើសកម្មភាពយោធាចូលមកទីតាំងក្នុងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ដោយគ្មានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤ របស់កម្ពុជា ឡើយ។
អ្នកនាំពាក្យរូបនេះអះអាងថា ភ្លាមៗបន្ទាប់ពីយោធាថៃ ធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃ ត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកន្លងមក។
អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបតែចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែភាគីថៃ បែរជាអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជាទៅវិញ ដែលនេះគឺជាការលើកឡើងមិនមែនជាការពិត និងគ្មានមូលដ្ឋាន។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កាសែតថៃ The Nation បានរាយការណ៍ថា ថៃបានដាក់ពង្រាយរថយន្តយោធា ដូចជា រថក្រោះ ជាដើម ទៅកាន់តំបន់ព្រំដែនជាមួយកម្ពុជា ដើម្បីរក្សាសណ្ដាប់ធ្នាប់ បន្ទាប់ពីមានការអះអាងថាមានអាកប្បកិរិយាមិនសមរម្យពីកងទ័ពកម្ពុជា ខណៈអាជ្ញាធរថៃ បដិសេធថាខ្លួនមិនមែនជាអ្នកបង្កហេតុឡើយ។
ប្រភពដដែល បានស្រង់សម្ដីកងទ័ពថៃ ថា ការផ្លាស់ទីយុទ្ធសាស្ត្រនេះ គឺជាការពង្រឹងសន្តិសុខនៅច្រកព្រំដែន មិនមែនជាចេតនាដើម្បីបង្កើនភាពតានតឹងនោះទេ។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជុំវិញការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។
ជុំវិញបញ្ហានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅក្នុងកម្មវិធីស្ដីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតផងដែរ។
ចំណែកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអះអាងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា លោក ផាង ឈីវី (Pang Chee Wee) កាលពីថ្ងៃទី២ មេសា នេះថា ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព យូរអង្វែង និងដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កាលពីចុងខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យថៃ វិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែង ដើម្បីចាប់ផ្ដើមការងារវាស់វែងព្រំដែនដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាដើម។ បន្ថែមពីនេះ ក៏ត្រូវផ្អែកលើផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ផងដែរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះសម្រាប់ភាគីទាំងសងខាងនាពេលអនាគត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

