នៅពេលដែលព្រះសង្ឃព្រះពុទ្ធសាសនាទូទាំងប្រទេសគ្រងស្បង់ចីពរ និងនិមន្តចេញពីវត្តដើម្បីបិណ្ឌបាតជារៀងរាល់ព្រឹកនោះ ព្រះសង្ឃប្រាំពីរអង្គគង់នៅក្នុងខណ្ឌដង្កោជាយរាជធានីភ្នំពេញ កំពុងគិតតែម្យ៉ាងគត់ធ្វើយ៉ាងណាបំពេញសេចក្តីត្រូវការព័ត៌មានឯករាជ្យកាន់តែច្រើនឡើងៗ របស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ពេលថ្ងៃត្រង់ នៅពេលដែលព្រះសង្ឃភាគច្រើនគង់ចុះដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់ ដែលជាចង្ហាន់ចុងក្រោយ សម្រាប់ពេលពេញមួយថ្ងៃ ព្រះសង្ឃទាំងប្រាំពីរអង្គនេះសរសេរមាតិការព័ត៌មាននៅលើផ្ទាំងក្រដាស ធំមួយ ដោយព្រះសង្ឃពីរអង្គនឹងនិមន្តចេញទៅតាមប្រមាញ់ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ហើយព្រះសង្ឃដែលនៅសេសសល់ផ្សេងទៀត នឹងធ្វើការតាមដានព្រឹត្តិការណ៍ប្រចាំថ្ងៃតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទ្វីតធើ។
ហើយមុននឹងសម្រាកពេលល្ងាច ក្រុមវិទ្យុនេះ ដែលសុទ្ធតែជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម នឹងផលិតព័ត៌មានបានប្រហែល១០នាទី ហើយផ្សព្វផ្សាយព័ត៌មាននោះតាមទំព័រហ្វេសប៊ុករបស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលមានអ្នកគាំទ្ររហូតដល់ទៅជាង១០.០០០នាក់។
នេះគឺជាគម្រោងសាកល្បងសម្រាប់ការចាប់ផ្តើមវិទ្យុ VIM (សំឡេងព្រះសង្ឃឯករាជ្យ) តាមការគ្រោងទុកនៅថ្ងៃទី១៤ ម្តងក្នុងមួយសប្តាហ៍នៅពេលរសៀលថ្ងៃខែកុម្ភៈ ជាកម្មវិធីផ្សាយរយៈពេលមួយម៉ោងសុក្រ តាមវិទ្យុមហានគរ FM៩៣.៥ ដែលយោងតាមការស្ទាបស្ទង់មតិមួយកាលពីឆ្នាំ២០១០ធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅកាត់ថា IRI បង្ហាញថាមានសមត្ថភាពអាចផ្សាយទៅដល់ប្រិយមិត្តអ្នកស្តាប់ជាង៩លាននាក់។
កម្មវិធីនេះនឹងដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ហើយនឹងផ្សាយខ្លឹមសារព័ត៌មានដែលចែកចេញជាបីប្រភេទផ្សេងគ្នា ទី១ព័ត៌មានពុទ្ធសាសនា ទី២ ព័ត៌មានសង្គម និងទី៣ កិច្ចពិភាក្សាតុមូល ស្តីពីបញ្ហាបន្ទាន់បំផុតប្រចាំថ្ងៃ។
លោក ម៉ូសេស ង៉ែត មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនងនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលចាប់តាំងពីខែមិថុនាមកបានផ្សាយប្រចាំថ្ងៃនៅក្នុងម៉ោងផ្សាយម៉ោង៣រសៀលរបស់វិទ្យុមហានគរ ហើយនឹងប្រគល់ម៉ោងផ្សាយថ្ងៃសុក្ររបស់ខ្លួនប្រគេនដល់ព្រះសង្ឃទាំងនេះ បានមានប្រសាសន៍ថា ការចាប់កំណើតរបស់វិទ្យុ VIM មានសក្តានុពលបង្កើនការផ្សាយព័ត៌មានឯករាជ្យ។
លោក ង៉ែត បានមានប្រសាសន៍ថា “វាមិនមែនវិជ្ជាជីវៈព័ត៌មានអាជីពទេ ប៉ុន្តែវាជាវិជ្ជាជីវៈព័ត៌មានដែលចេញពីថ្នាក់មូលដ្ឋាន។ ជាញឹកញាប់ព័ត៌មានចេញពីមូលដ្ឋានត្រូវបានបណ្តាអ្នកកាសែតអាជីពយកទៅសរសេរជាភាសាអង់គ្លេស រួចចុះផ្សាយនៅក្នុងកាសែតមួយ ដែលថ្នាក់មូលដ្ឋានប្រហែលជាមិនអាន”។ លោកបានមានប្រសាសន៍ថា “អ្នកកាសែតពលរដ្ឋ [វិទ្យុ VIM] ជាមួយនឹងលែបថប់របស់់ខ្លួនគឺដូចជាស្ថានីយវិទ្យុនៅថ្នាក់មូលដ្ឋានអ៊ីចឹង ពួកគេអាចផ្សាយជាភាសាខ្មែរបានចេញពីភូមិ មួយក្រោមដើមឈើ ទៅដល់អ្នកគ្រប់គ្នាដែលមានវិទ្យុ” លោកបានបន្តថា វិទ្យុ VIM ក៏នឹងមានផ្សាយតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។
ខណៈដែលគ្មានព្រះសង្ឃអង្គណាមួយក្នុងចំណោមព្រះសង្ឃទាំងប្រាំពីរអង្គដែលជាសមាជិកក្រុមវិទ្យុ VIM ធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្លូវការផ្នែកសារព័ត៌មានផ្លូវការនោះព្រះសង្ឃទាំងនេះធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសារព័ត៌មានកម្រិតមូលដ្ឋានពីលោក ណុប វី ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានប្រសាសន៍ថា ខណៈពេលព្រះសង្ឃ និមន្តមកពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម អាចដើរតួនាទីសំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ ប្រពៃណីព្រះពុទ្ធសាសនាអាចនឹងធ្វើឲ្យមានឧបសគ្គក្នុងការប្រមូលព័ត៌មានសំខាន់ៗ។ លោក ណុប វី បានមានប្រសាសន៍ថា “សកម្មភាពមួយចំនួនជាធម្មតាព្រះសង្ឃមិនអាចធ្វើបានទេ”។
សំដៅដល់ទំនាក់ទំនងជាមួយស្ត្រីនៅក្នុងការប្រមូលព័ត៌មានដែលនឹងផ្ទុយពីឥរិយាបថរបស់ព្រះសង្ឃទូទៅ លោកបានមានប្រសាសន៍ ថា “ខ្ញុំមិនដែលចាត់តាំងព្រះសង្ឃឲ្យនិមន្តចុះតាមទីវាលដើម្បីស្វែងរករឿងនិងធ្វើសម្ភាសន៍ឡើយ ពីព្រោះរឿងរា៉វដែលកើតឡើងនៅទីវាលនោះអាចធ្វើឲ្យប៉ះពាល់ដល់សីលធម៌របស់ព្រះសង្ឃ”។
ចំណែកឯព្រះតេជគុណ ប៊ុត ប៊ុនទិញ វិញយល់ឃើញថា វាជាការទទួលខុសត្រូវរបស់ព្រះសង្ឃដែលត្រូវបម្រើប្រជាពលរដ្ឋ នៅពេលដែលសំឡេងប្រឆាំងតែងតែរងការបង្ក្រាប។ ព្រះអង្គបានមានសង្ឃដីកាថា “ប្រជាពលរដ្ឋរបស់យើងត្រូវបានអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយដែលពួកគេគ្រប់គ្រងភូតកុហកជាយូរមកហើយ”។ ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា “យើងជាព្រះសង្ឃ ហើយយើងក៏ជាប្រជាពលរដ្ឋដែរ ពេលវេលាបានមកដល់ហើយសម្រាប់យើងប្រើប្រាស់តួនាទីរបស់ខ្លួនជាអ្នកដែលគេគោរពនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាអ្នកកាសែតពលរដ្ឋ ហើយចុះផ្សាយរឿងពិតប្រាប់ប្រជាពលរដ្ឋរបស់យើង។ ហេតុអ្វីយើងមិនអាចធ្វើដូច្នេះបាន? ព្រះពុទ្ធមិនហាមឃាត់រឿងនេះទេ”។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ទទួលស្គាល់ថា វិជ្ជាជីវៈសារព័ត៌មានជាការងារមួយ ដែលមនុស្សភាគច្រើនយល់ថាមានគ្រោះថ្នាក់ ដោយសារតែអ្នកកាសែតចំនួន១១នាក់ ដែលរិះគន់រដ្ឋាភិបាលត្រូវបានសម្លាប់ចោលចាប់តាំងពីឆ្នាំ១៩៩៤មក ហើយព្រះអង្គបានព្យាយាមស្វែងរកក្រុមមួយដែលមានឆន្ទៈ និងអាចគាំទ្រព្រះអង្គបាននៅក្នុងការងារនេះ។
ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាបានអង្កេតតាមដានមនុស្សគ្រប់គ្នាដែលបានតាមដានទំព័រហ្វេសប៊ុករបស់អាត្មា[ដើម្បីជ្រើសរើសក្រុមវិទ្យុ VIM ]”។ ព្រះតេជគុណបានមានសង្ឃដីកាទៀតថា “អាត្មាអាចមើលឃើញអ្នកណាដែលមានភាពអង់អាចគ្រប់គ្រាន់ហ៊ានចែករំលែកវីដេអូឃ្លីបរបស់អាត្មា ជាអ្នកដែលមានសមត្ថភាពជំរុញគាំទ្រព្រះសង្ឃដែលចូលរួមបាតុកម្ម និងអ្នកដែលមិនពុករលួយ។ អាត្មាបានអង្កេតតាមដានពីរទៅបីខែ ហើយបន្ទាប់អាត្មាបានទូរស័ព្ទហៅពួកគេឲ្យមកចូលរួមជាមួយក្រុមអាត្មា”។
អ្នកដែលទទួលបានការហៅទូរស័ព្ទ ដើម្បីឲ្យធ្វើជាអ្នកយកព័ត៌មានរបស់វិទ្យុ VIM មានដូចជាព្រះតេជគុណ យឹម ហឿន ព្រះជន្ម២៥ វស្សាជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំ ព្រះតេជគុណ ឈាន ពិសិដ្ឋ ព្រះជន្ម២៣ វស្សា ជានិស្សិតផ្នែកហិរញ្ញវត្ថុ ព្រះតេជគុណ អាន វិចិត្រ ព្រះជន្ម២៨ វស្សា ជានិស្សិតច្បាប់ ព្រះតេជគុណ ហេង ស្រ៊ ព្រះជន្ម១៩វស្សា សិក្សានៅថ្នាក់ទី១២ និងព្រះតេជគុណ គួង ផល្លា ព្រះជន្ម ២០ វស្សា រៀននៅថ្នាក់ទី៧។
បន្ថែមពីលើអ្នកយកព័ត៌មានទាំងប្រាំនាក់នេះ ព្រះតេជគុណ ចៅ សានរដ្ឋា ព្រះជន្ម២៨វស្សា ជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ត្រូវបានតែងតាំងឲ្យធ្វើជានាយកវិទ្យុVIM និងជាជំនួយការរបស់ព្រះតេជគុណ ប៊ុត ប៊ុនទិញ ដែលហៅព្រះអង្គ ឯងថា ជានិពន្ធនាយក ជាមុខតំណែងមួយដែលព្រះអង្គសារភាពថា ហួសពីសមត្ថភាពរបស់ខ្លួន។
សំដៅដល់លែបថប់ពីរគ្រឿង កាមេរ៉ាពីរគ្រឿង និងទូរស័ព្ទប្រភេទស្មាតហ្វូនប្រាំពីរ គ្រឿង ដែលភាគច្រើនបរិច្ចាគដោយអង្គការក្រៅរដ្ឋាភិបាល សម្រាប់ការចាប់កំណើតវិទ្យុ VIM ព្រះតេជគុណបានលើកឡើងថា “យើងទទួលបានការបណ្តុះបណ្តាលត្រឹមថា្នក់់មូលដ្ឋានប៉ុណ្ណោះ គឺ Who How What Why Where When ហើយតំណែងនិពន្ធនាយកនេះពិតជាមិនស័ក្តិសមនឹងខ្ញុំទេ ប៉ុន្តែយើងមានឧបករណ៍ដែលយើងត្រូវការដើម្បីធ្វើកម្មវិធីវិទ្យុ”។
ដោយចាប់កំណើតនៅក្នុងគ្រួសារកសិករក្រីក្រក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឆ្នាំ១៩៧៩ និងបានសាងផ្នួសជាបព្វជិតនៅក្នុងវត្តដំណាក់ក្នុងខេត្តនេះ ក្នុងវ័យ២០ឆ្នាំ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានតស៊ូព្យាយាមសិក្សា រៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យបុមបៃ (University of Bombay)ក្នុងប្រទេសឥណ្ឌា។
ប្រាំមួយឆ្នាំក្រោយមក ព្រះតេជគុណ បានបញ្ចប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យា ហើយធ្វើឲ្យព្រះអង្គមានឱកាសបង្រៀនផ្នែកសីលធម៌ និងអភិបាលកិច្ចល្អ នរវិទ្យាវប្បធម៌ សង្គមវិទ្យា និងព្រះពុទ្ធសាសនានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅពេលព្រះអង្គនិមន្តមកកាន់រាជធានីវិញ ជាមុខតំណែងមួយដែលព្រះអង្គត្រូវបានគេបណ្តេញចេញដោយគ្មានការពន្យល់បកស្រាយ បីសប្តាហ៍មុនការបោះឆ្នោតជាតិកាល ពីខែកក្កដា។ ព្រះអង្គជឿថា ការបណ្តេញ ព្រះ អង្គចេញពីការងារនេះ គឺដោយសារព្រះអង្គធ្វើសកម្មភាពនយោបាយតាមហ្វេសប៊ុក។
ក្រៅពីភាសាខ្មែរ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ចេះនិយាយភាសាបរទេសចំនួនប្រាំ គឺភាសាអង់គ្លេស ភាសាហីណ្ឌី ភាសាថៃ ភាសាភូមា និងភាសាវៀតណាម ប៉ុន្តែភាសាដែលព្រះអង្គតែងតែប្រើប្រាស់នៅក្នុងវោហាសាសន៍ធ្ងន់ៗប្រឆាំងរដ្ឋាភិបាល គឺភាសាខ្មែរ ដែលជាភាសាកំណើតរបស់ព្រះអង្គ។
ចាប់តាំងពីមានកិត្តិនាមល្បីល្បាញជុំវិញបញ្ហាបោះឆ្នោតដ៏ចម្រូងចម្រាសនេះមក ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានក្លាយជាព្រះ សង្ឃរិះគន់បើកចំហធ្ងន់ៗបំផុតនៅក្នុងប្រទេសកម្ពុជា។
ព្រះអង្គធ្លាប់បានដឹកនាំការហែក្បួនទាមទារឲ្យមានសិទ្ធិមនុស្ស រិះគន់សម្តេចអគ្គមហាសង្ឃរាជ ទេពវង្ស ធ្ងន់ៗ អំពាវនាវឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ចុះចេញពីតំណែងដោយសារការបាត់ព្រះសារិរិកធាតុពីព្រះសក្យមុនីចេតិយ លើកំពូលភ្នំឧដុង្គ ហើយត្រូវបានមន្ត្រីកងរាជអាវុធហត្ថឃាត់ព្រះកាយដោយគ្មានមូលហេតុនៅក្នុងខេត្តព្រះវិហារ ខណៈពេលព្រះអង្គគាំទ្រអ្នកភូមិជនជាតិដើមភាគតិចគួយ ដែលធ្វើការតវាប្រឆាំងការបណ្តេញចេញពីដីធ្លី។
ជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំជាព្រះសង្ឃដែលរិះគន់ឥតសំចៃមាត់ ពេលនេះព្រះតេជគុណ ប៊ុត ប៊ុនទិញ មានតួនាទី ជាមេដឹកនាំរបស់ប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាលដែលចេះតែប្រើអំពើហិង្សា និងគាបសង្កត់។ ហើយតួនាទីរបស់ព្រះតេជគុណស្រដៀងទៅនឹងតួនាទីរបស់អាចារ្យ ហែម ចៀវ ដែលត្រូវបានចោទប្រកាន់ពីបទងើបឡើងប្រឆាំងនឹងពួកអណានិគមនិយមបារាំងក្នុងឆ្នាំ១៩៤២។ នៅ ក្នុងខែកក្កដា ឆ្នាំនោះអាចារ្យ ហែម ចៀវ ដែល ជាព្រះសង្ឃត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារពីបទសមគំនិតធ្វើរដ្ឋប្រហារ ហើយការចោទប្រកាន់នេះ បានធ្វើឲ្យមានមហាបាតុ កម្មជាលើកដំបូងប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសបារាំងមកលើប្រទេសកម្ពុជា។
ការហែក្បួនមួយទៅកាន់ភូមិគ្រឹះរបស់លោក ហ្សង់ ដឺឡង់ (Jean De Lens) ដែលជា រ៉េស៊ីដង់ ស៊ុបពែរីយើ ស្តីទីនៅពេលនោះបានធ្វើឲ្យមានអ្នកចូលរួមតវ៉ាជាង១.០០០ អង្គ នាក់ក្នុងនោះមានពាក់កណ្តាលជាព្រះសង្ឃ ហើយការហែក្បួននោះត្រូវបានដឹកនាំដោយលោក ប៉ាច ឈឿន និពន្ធនាយកកាសែតនគរវត្តដែលជាកាសែតភាសាខ្មែរដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃ ដីកាថា “ពលរដ្ឋភ្លេចហើយនូវទំនាក់ទំនងរវាងព្រះសង្ឃ និងប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែករបស់ព្រះសង្ឃក្នុងការអភិរក្សវប្បធម៌និងសង្គមកាលពីអតីតកាល”។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មានសង្ឃដីកាបន្ថែមថា “វាគឺជាផ្នែកមួយនៃការងាររបស់យើងដើម្បីធានាថា ពលរដ្ឋខ្មែរមិនភ្លេចប្រវត្តិសាស្ត្រខ្លួន។ ហើយប្រវត្តិសាស្ត្រកើតឡើងគ្រប់ពេលវេលា។ តើយើង ចង់ឲ្យប្រវត្តិសាស្ត្ររបស់យើងបន្តដើរតាមគន្លងដូចសព្វថ្ងៃ ហើយបន្ទាប់មកនិយាយតែមួយជ្រុងតូចនៃប្រវត្តិសាស្ត្រនេះ ឬយ៉ាងណា?”។
កាលពីថ្ងៃព្រហស្បតិ៍ សម្តេចព្រះសង្ឃរាជ នន់ ង៉ែត បានមានបន្ទូលថា ការបើកស្ថានីយវិទ្យុ VIM គឺ “ស្ថិតនៅក្រៅព្រំដែនព្រះពុទ្ធសាសនា” ហើយអាចនឹងប៉ះពាល់ “ស្ថិរភាពសង្គម”។
កាលពីដើមសប្តាហ៍នេះ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានមានសង្ឃដីកាថា ព្រះសង្ឃដែលមានចំណេះ ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយកំពុង “បំពានវិន័យ ” ហើយបានហាមប្រាមព្រះសង្ឃទាំងនេះមិនឲ្យធ្វើការនេះទេ” ។ តែទោះជាយ៉ាងណាព្រះតេជគុណ ប៊ុត ប៊ុនទិញ មិនខ្លាចការគំរាម ទាំងនេះឡើយ។ព្រះតេជគុណមានសង្ឃដីកាថា “ពួកគេ [រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា] មានព្រះសង្ឃជាច្រើន ចូលរួមពាក់ព័ន្ធក្នុងប្រព័ន្ធ ផ្សព្វផ្សាយ។ រីឯយើងវិញគឺជាព្រះសង្ឃសម្រាប់ប្រជាពលរដ្ឋ”៕ សុខុម
(រាយការណ៍បន្ថែមដោយ សេក ឧត្តម
និង ឃួន ណារីម)