សេចក្ដីព្រាងច្បាប់ថ្មីមួយស្ដីពីឋានៈរបស់ចៅក្រម និងព្រះរាជអាជ្ញាមិនរារាំងប្រព័ន្ធតុលាការពីការជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយឡើយ ហើយសេចក្ដីព្រាងច្បាប់ថ្មីនេះអនុញ្ញាតឲ្យចៅក្រម និងព្រះរាជអាជ្ញា តុលាការកំពូលធ្វើការលើសពីអាយុចូលនិវត្តន៍៦០ឆ្នាំ ចំណែកឯចៅក្រមទាំងអស់ផ្សេងទៀតត្រូវបានរំពឹងថា នឹងត្រូវចូលនិវត្ត។
ច្បាប់ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងចំណោមច្បាប់ចំនួនបីនាពេលបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងដំណាក់ កាលចុងក្រោយនៃការធ្វើសេចក្ដីព្រាងនេះ នឹងធានាឲ្យប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាមានភាពឯករាជ ដែលត្រូវបានមជ្ឈដ្ឋានទូទៅគិតថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងស្ដាប់បង្គាប់តាមគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មាត្រា ១០៧ នៃសេចក្ដីព្រាងច្បាប់ដែលមាន១១១មាត្រានេះ ដែលច្បាប់ចម្លងមួយនៃសេចក្ដីព្រាងច្បាប់នេះទទួលបានកាលពីម្សិលមិញចែងថា “សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាដែលបំពេញការងារនៅតាមតុលាការទាំងអស់ ការងាររបស់ពួកគេអាចបំពេញភារកិច្ចសាធារណៈបានដូចជា តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល និងមុខតំណែងទាំងអស់ដែលទទួលបាននៅក្នុងអាណត្តិបោះឆ្នោត” ។
តែទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះមិនមានការលើកឡើងអំពីការពាក់ព័ន្ធនឹងគណបក្សនយោបាយឡើយ។
លោក ឌិត មន្ទី អាយុ៧០ឆ្នាំ ប្រធានតុលាការកំពូលដែលគណបក្សប្រជាជនកម្ពុជាចុះឈ្មោះថា ជាសមាជិករបស់គណៈកម្មាធិការអចិន្ត្រៃយ៍ដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាច បានមានប្រសាសន៍ថា លោកនឹងមិនធ្វើអត្ថាធិប្បាយអំពីសេចក្ដីព្រាងច្បាប់ដែលគេរំពឹងថា នឹងត្រូវដាក់ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅសប្ដាហ៍ក្រោយនេះទេ។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមានប្រសាសន៍ ថា លោកមិនទាន់បានឃើញសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ប៉ុន្តែលោកសង្ឃឹម ថា សេចក្ដីព្រាងច្បាប់នេះនឹងមាន “ខ” មួយដែលហាម ឃាត់មិនឲ្យតុលាការពាក់ព័ន្ធនឹងនយោបាយ។
លោកមានប្រសាសន៍ទៀតថា “ច្បាប់នេះមានសារៈសំខាន់ណាស់ ដើម្បីធានានូវភាពឯករាជរបស់ចៅក្រម។ ប្រសិនបើច្បាប់នេះតាក់តែងបានល្អ វាអាចជួយការពារឯករាជភាពរបស់ប្រព័ន្ធតុលាការ…។ ចៅក្រមមិនត្រូវជាសមាជិករបស់គណបក្សនយោបាយណាមួយឡើយ សម្រាប់ព្រះរាជអាជ្ញាវិញគឺមិនអីទេ”។
ច្បាប់នេះពិតជាមានក្រមវិជ្ជាជីវៈមួយដែលគ្រប់គ្រងទាំងចៅក្រម និងព្រះរាជអាជ្ញា។ ក្រមវិជ្ជាជីវៈនោះបានបញ្ជាក់ថា “ចៅក្រម និងព្រះរាជអាជ្ញាត្រូវតែមានតុល្យភាព ហើយឈរលើគោលការណ៍របស់ខ្លួន គោរពច្បាប់ និងមិនធ្វើអ្វីស្ថិតក្រោមសម្ពាធ ឬការគំរាមកំហែង។
អ្នកដែលមិនអនុវត្តតាមក្រមវិជ្ជាជីវៈនេះនឹងប្រឈមការព្រមានផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្ស រនិងព្យួរការងាររហូតដល់ទៅរយៈពេលពីរឆ្នាំ ហើយប្រាក់ខែត្រូវកាត់បន្ថយ។ ទណ្ឌកម្មប្រភេទទី២ ដែលធ្ងន់ធ្ងរជាងនេះ រួមមានទាំងការមិនបើកប្រាក់ខែឲ្យរហូតដល់រយៈពេលមួយឆ្នាំ ឬបង្ខំឲ្យចូលនិវត្ត ផងដែរ។
ពាក់ព័ន្ធនឹងប្រធានបទនៃការចូលនិវត្តចៅក្រម និងព្រះរាជអាជ្ញានៅតុលាការកំពូលនឹងមិនតម្រូវឲ្យចូលនិវត្តតាមអាយុចូលនិវត្តន៍៦០ឆ្នាំនាពេលបច្ចុប្បន្ន ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងធ្វើការវាយតម្លៃថា តើពួកគេអាចបន្តធ្វើការបានហួសពីអាយុ៦៥ឆ្នាំ ឬយ៉ាងណា។
បន្ថែមពីលើលោក ឌិត មន្ទី ដែលមានវ័យ៧០ឆ្នាំ អនុប្រធានតុលាការកំពូល គឺចៅក្រម ឃឹម ប៉ុណ្ណ មានវ័យដល់ទៅ៧៤ឆ្នាំ ហើយចៅក្រម ទី ណេង និងចៅក្រម យស សុខឿន មានវ័យ៦៨ឆ្នាំដូចគ្នា។
ចៅក្រម យស សុខឿន មានប្រសាសន៍កាលពីម្សិលមិញថា បទប្បញ្ញត្តសម្រាប់ការចូលនិវត្តនៅអាយុច្រើន ជាគំនិតដ៏ល្អ “ពីព្រោះវាអនុញ្ញាតឲ្យចៅក្រមបន្តការងាររបស់ខ្លួន…ខ្ញុំពេញចិត្តនឹងសេចក្ដីព្រាងច្បាប់នេះ”។
លោក សុក សំអឿន បានមានប្រសាសន៍ថា លោកមិនយល់ទាស់អ្វីទេចំពោះចៅក្រមតុលាការកំពូលបំពេញការងារលើសអាយុ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ការអនុវត្តបែបនេះក៏មានដែរនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសថៃ។
លោកបានមានប្រសាសន៍បន្តទៀតថា “ប៉ុន្តែខ្ញុំចង់មើលឃើញលក្ខខណ្ឌមួយបន្ថែមទៀតគឺថា បន្ទាប់ពីពួកគេចូលនិវត្តពួកគេមិនស្ថិតក្នុងមុខតំណែងដឹកនាំណាមួយឡើយ។ ជាឧទាហរណ៍ ប្រសិនបើប្រធានតុលាការកំពូលចូលនិវត្ត គាត់មិនអាចធ្វើជាប្រធានអ្នកស្វែងរកយុត្តិធម៌បានឡើយ គាត់ត្រូវតែជាចៅក្រមធម្មតា [ប្រសិនបើគាត់សម្រេចចិត្តត្រឡប់ចូលទៅធ្វើការវិញ]” ។
លោក សម ប្រជាមានិត អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីម្សិលមិញ និងកាលពីថ្ងៃពុធ ដើម្បីពិភាក្សាគ្នាអំពីសេចក្ដីព្រាងច្បាប់ទាំងបី ដែលនឹងត្រូវបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅពេលនេះ៕ សុខុម
(រាយការណ៍បន្ថែមដោយ Lauren Crothers)