34 C
Phnom Penh

ជន​រង​គ្រោះ​ដោយ​សារ​ការ​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះកំពុង​​រង់​ចាំ​មូល​និធិ​សម្រាប់​ការ​ព្យាបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​​​ ​ដោយ​បង្ខំ​បាន​ឲ្យដឹង​ថា  កាល​ពីម្សិលមិញ​ធនា​គារ​ពិភព​លោក​បាន​ស្នើ​ឲ្យមន្ត្រី​សាលា​​រាជ​ធានី​ភ្នំពេញ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​ដែល​សាលា​រាជ​ធានី​បា​ន​បណ្តេញ​​ពី​តំបន់​បឹងកក់​​ដើម្បី​យក​​កន្លែង ស​ម្រាប់​គម្រោង​អចលន​ទ្រព្យ​ឯកជន​របស់​សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​​ ហើយ​ឥឡូវ​នេះ​កំពុង​រង​់ចាំ​ការ​ឆ្លើយ​តប​។

តំណាង​សហគមន៍​ដែល​រង​ការ​បណ្តេញ​ចេញ​១២នាក់​បាន​ជួប​​ពិភាក្សា​​ជា​មួយ​លោក​  Alassane Sow នាយក​​ធនាគារ​ពិភព​លោក​ប្រចាំ​​ប្រទេសកម្ពុជា​ និង​លោក Ulrich Zachau នាយក​ប្រចាំ​តំបន់​កាល​ពី​រសៀលថ្ងៃ​​ម្សិល មិញ​ ភ្លាម​ៗ​បន្ទាប់​ពី​មន្ត្រី​ធនា​គារ​ពិភពលោក​បាន​ជួប​​ប្រជុំ​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​។

អ្នក​ភូមិ​បឹង​កក់​កំពុង​​តស៊ូ​ទាម​ទារ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់​អ្នក​ភូមិ​បឹងកក់​ប្រហែល​៤០​គ្រួ​សារ​ដែល​បាន​ប្រឆាំង​​ការ​បណ្តេញ​ចេញ​ពី​តំបន់​នោះ និង​ទាម​ទារ​ឲ្យមាន​ការ​ផ្តល់​សំណង​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​​សម្រាប់​អ្នក​ភូមិ​ប្រហែល​៣.០០០គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ចាប់​តាំង​ពីឆ្នាំ​២០០៨​ជា​ថ្នូរ​នឹង​ប្រាក់​សំណង​​៨.៥០០ដុល្លារ​ ឬ​ជម្រើស ​ផ្សេង​ជា​លំនៅ​ដ្ឋាន​នៅ​ជាយ​ក្រុង​។

អ្នក​ស្រី ទេព វន្នី តំណាង​សហ​គមន៍​ម្នាក់ ក្នុង​​ចំណោម​ត​ំណាង​សហ​គមន៍​ទាំងនោះ​​បាន​​ឲ្យដឹង​​ថា មន្ត្រី​ធនា​គារ​ពិភព​លោក​បាន​លើ​កឡើង​ពី​កង្វល់​របស់​ពួក​គាត​់​​​អំឡុង​ការ​ជួប​ប្រជុំ​ជាមួយ​​លោក​អភិ​បាល​រាជ​ធានី​។

អ្នក​ស្រីបានឲ្យដឹងថា “ពួកគេ​បាន​ប្រាប់​យើង​ថា ពួកគេ​បាន​លើក​​យ​ក​បញ្ហា​របស់​យើង​​ទៅ​ពិភាក្សា​ជាមួយ​តំណាង​រដ្ឋា​ភិបាល​ និង​អភិបាល​រាជ​ធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង ​គ្រួសារ​ដែល​មិន​ទាន់​​ទទួល​បាន​ប័ណ្ណ​កម្ម​សិទិ្ធ​ដី និង​គ្រួសារ​ដែល​បាន​ចាក​ចេញ​​ទាំង​បង្ខំ​ ចិត្ត​រួច​ហើយ​”។

អ្នក​ស្រី​បាន​ប​ន្ថែម​ថា “ពួក​គេ​បាន​លើក​ឡើង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កា​រជាមួយ​រដ្ឋា​ភិ​បាល​​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជួន​ពួក​យើង​ ហើយ​ពួកគេ​កំពុង​រង់​ចាំ​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​”។

មន្ត្រី​សាលា​រាជ​ធានី​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​កិច្ច​ប្រជុំ​របស់​ខ្លួន​ជា​មួយ​​​​មន្ត្រី​ធនា​គារ​ពិភព​លោក​ទេ​។ កិច្ច​ប្រជុំ​នេះ​​ធ្វើ ឡើង​មិន​ដល់​ពីរ​សប្តាហ៍​ផងទេ បន្ទាប់ពី​​​មន្ត្រី​សា​លា​​រាជ​ធានី​បាន​និយាយ​ក្នុង​ជំនួប​​ជាមួយ​តំណាង​សហ គមន៍​បឹងកក់​ថា ខ្លួន​​រំពឹង​ថា ធនា​គារ​ពិភព​លោក​នឹង​ជួយ​ផ្តល់​សំណង​ដល់​គ្រួសារ​អ្នក​ភូមិ​ដែល​ត្រូវ​​បាន​​បណ្តេញ​ចេញ​។

អង្គការ​សិទ្ធិ​លំនៅដ្ឋានបាន​លើក​ឡើង​​ថា មន្ត្រី​សាលា​រាជ​ធានី​​បាន​ធ្វើ​សកម្ម​ភាព​​ដោយ​ខុស​ច្បាប់​​ពេលពួក​​​គេ​លក់​ដី​ភាគ​ច្រើន​​នៅ​តំបន់​បឹងកក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អច​លន​ទ្រព្យ​ ឯក​ជន​របស់​លោក ​ឡៅ ម៉េងឃិន សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជាកាលពី​ឆ្នាំ​២០០៧​​​​ ពីព្រោះ​គេ​មិនបាន​​ផ្តល់​ឱកាស​​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​សំុប័ណ្ណ​កម្ម​សិទ្ធិ​ដី​ដែល​ពួក​គាត់​មាន​សិទ្ធិ​ទទួល​បាន​ឡើយ​។

កាល​ពីឆ្នាំ​២០១១​ធនាគារ​ពិភព​លោក​​បាន​​ទទួល​​ស្គាល់​ថា ខ្លួន​បាន​បរាជ័យ​ក្នុង​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដី​ដោយ​មិន​បាន​​ចាត់​វិធាន​ការ​គ្រប់​គ្រាន់​ដើម្បី​ធានា​ឲ្យ​បាន​ថា ​សិទ្ធិ​របស់​​អ្នក​ភូមិ​តំបន់​បឹង​កក់ត្រូវ​បាន​ការ​ពារ​។

កាល​ពី​ចុង​ឆ្នាំ​នោះ ធនាគារ​ពិភព​លោក​បាន​បង្កក​ការផ្តល់​​មូល​និធិ​ថ​្មី​​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ដោយ​សារ​តែ​មាន​ការ​បណ្តេញ​អ្នក​​ភូមិ​ជា​ច្រើន​គ្រួសារចេញពី​តំបន់បឹងកក់​ ប៉ុន្តែ បាន​​លើក​ឡើង​ថា ធនា​គារពិភពលោក​​មិន​អាច​ធ្វើ​អ្វី​ឲ្យលើស​ពីនេះ​ដើម្បី​ជួយ​ដល់​អ្នក​ភូមិ​ដែល​​ត្រូវ​បាន​​​បណ្តេញ​ចេញ​​ទេ​ដោយ​សារ​​ខ្វះ​ការ​សហ​ការ​ពី​រដ្ឋាភិបាល​។

អ្នកស្រី​ ទេព​ វន្នី បាន​ឲ្យដឹង​ថា តំណាង​អ្នក​ភូមិ​បឹង​កក់​សប្បាយ​ចិត្ត ​ដែល​ធនាគារ​ពិភព​លោក​លើក​ឡើង​ថា ប្រាក់​កម្ចី​ថ្មី​នៅ​តែ​បង្កក​ដដែល​ ប៉ុន្តែបាន​បន្ថែម​ថា វា​មិន​ទាន់គ្រប់​គ្រាន់​ក្នុង​ការ​បង្ខំ​ឲ្យ​រដ្ឋាភិ​បាល​​ទទួល​ខុសត្រូវ​​ចំពោះ​សកម្ម​ភាព​ខុស​ច្បាប់​របស់​ខ្លួន​ទេ។

អ្នកស្រី​បាន​និយាយ​ថា “ធនាគារ​ពិ​ភព​លោក​មិន​បាន​ប្រឹង​ប្រែង​គ្រប់​គ្រាន់​ទេ ហើយ ​មានភាព​យឺត​យ៉ាវ​ពេកក្នុង​ការ​​ជួយ​ដល់​ពួក​​យើង ពីព្រោះ​ពួក​គេ​គ្រាន់​តែ​បង្កក​ការ​ផ្តល់​មូល​និធិ​ដល់​រដ្ឋាភិបាល​តែ​​ប៉ុណ្ណោះ​…។ ពួកគេ​គួរ​ស្វែង​រក​យុទ្ធ​សាស្ត្រ​ផ្សេង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួក​យើង​។​ការ​បង្កក​មូល​និធិ​បាន​ធ្វើ​ឡើង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ រដ្ឋា​ភិបាល​នៅ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​យឺត​យ៉ាវ​ដដែល​ ហើយ​​ វា​​មិន​បាន​​ជួយ​ដល់​​ពួក​​យើង​ប៉ុន្មាន​ទេ​”។

លោក Sow នាយក​​ធនា​គារ​ ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​បានឲ្យដឹងថា ជំនួប​ជា​មួយ​ អ្នក​ភូមិ​បឹងកក់​ គឺ​ដើម្បី​ស្តាប់​​កង្វល់​របស់​ពួក​គាត់​​តែ​ប៉ុណ្ណោះ​។ លោក​បានបញ្ជាក់​​ថា លោក​មិន​បាន​និយាយ​ប្រាប់​ពួកគេ​អំពី​​ជំនួប​របស់​លោក​ជាមួយ​​​អភិ​បាល​​រាជ​ធានី​​នៅ​​ព្រឹក​នោះ​ទេ ហើយ ​​លោក​បាន​​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​ អំពី​ជំនួបជាមួយ​លោក​ ប៉ា សុជាតិ​វង្ស​ ឡើយ​៕សារុន

(រាយការណ៍​ប​ន្ថែម​ដោយ​ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស