លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានហៅនិស្សិតម្នាក់នៅសាលាសារព័ត៌មានរបស់រដ្ឋមួយឲ្យទៅជួបគាត់នៅការិយាល័យរបស់គាត់ បន្ទាប់ពីនិស្សិតរូបនេះបានសរសេរតាមទំព័រហ្វេសប៊ុករបស់នាងសួរអំពីអត្ថន័យនៃបាឋកថាដែលលោកបានថ្លែងកាលពីសប្ដាហ៍មុន។
កាលពីថ្ងៃព្រហស្បតិ៍ លោក ផៃ ស៊ីផាន បានថ្លែងអំពីការធ្វើជាអ្នកនាំពាក្យទៅកាន់និស្សិតឆ្នាំទី២ ប្រហែល២០នាក់នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនពេលបើកឱកាសឲ្យនិស្សិតសួរ។
សំណួរផ្ដោតលើការក្ដោបក្ដាប់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ ដោយនិស្សិតម្នាក់បានសួរពីមូលហេតុចំពោះការមិនផ្ដល់អាជ្ញាប័ណ្ណទូរទស្សន៍ដល់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុមួយ ដែលមានទំនាក់ទំនងដោយចំហជាមួយគណបក្សសង្គ្រោះជាតិ។
លោក ផៃ ស៊ីផាន បានឆ្លើយប្រាប់និស្សិតរូបនេះថា “ប្រសិនបើយើងអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ មានស្ថានីយទូរទស្សន៍ដើម្បីហេតុផលនយោបាយ យើងត្រូវអនុញ្ញាតឲ្យមនុស្សគ្រប់គ្នា មិនមែនតែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមនុស្សគ្រប់គ្នាផងដែរ។ វាមិនល្អសម្រាប់ទស្សនិកជនទេ ពីព្រោះមនុស្សគ្រប់គ្នាគាំទ្រភាគីរៀងៗខ្លួន ហើយវានាំឲ្យមានបរិយាកាសបែងចែកជាបក្ខពួក”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ផងដែរថា អ្នកកាសែតមួយចំនួនដែលធ្វើការនៅក្នុងប្រទេសកម្ពុជាបម្រើឲ្យ “ផលប្រយោជន៍ពិសេស” របស់បរទេស។ លោកបានមានប្រសាសន៍ថា “មនុស្សមួយចំនួនត្រូវបានគេហៅឲ្យមកប្រឆាំងនឹងរដ្ឋាភិបាលក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាល”។
លោកបានមានប្រសាសន៍ថា “យើងបានដឹងថា បុគ្គលិកមួយចំនួននៅកាសែត ឌឹ ខេមបូឌា ដេលី គឺមួយចំនួនតូច មិនច្រើនទេ ត្រូវបានគេជួលឲ្យមកបំពេញការងាររបស់ពួកគេជាអ្នកសរសេរអត្ថបទ ឬស្រាវជ្រាវ។ ពួកគេមិនមែនជាអ្នកកាសែតអាជីពទេ ប្អូនៗដឹងទេ?”។
និស្សិតម្នាក់បានឆ្លើយតបវិញថា “ខ្ញុំមិនដែលឮអំពីរឿងនេះទេ”។
លោក ផៃ ស៊ីផាន បានឆ្លើយតបថា “ពីព្រោះប្អូនមិនមែនជារដ្ឋាភិបាល”។ បន្ទាប់ពីបាឋកថានោះ និស្សិតមួយចំនួននៅដេប៉ាតឺម៉ង់នេះបានលើកយកបណ្ដាញទំនាក់ទំនងសង្គមទៅសួរអំពីបាឋកថានេះ និងមាននិស្សិតម្នាក់បានសរសេរនៅតាមហ្វេសប៊ុកដែលបានធ្វើឲ្យលោក ផៃ ស៊ីផាន ខឹង។
និស្សិតផ្នែកសារព័ត៌មានឈ្មោះ តិច ចាន់រចនា បានសរសេរនៅតាមហ្វេសប៊ុកក្រោយពីបាឋកថានោះថា “ខ្ញុំមិនដឹងថា គាត់និយាយអំពីអ្វីទេ ដូច្នេះវាធ្វើឲ្យខូចបរិយាកាសអស់។
លោក ផៃ ស៊ីផាន បានបញ្ជាក់តាមទូរស័ព្ទកាលពីម្សិលមិញថា លោកបានហៅកញ្ញា ចាន់រចនា ឲ្យមកជួប ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកគ្រាន់តែចង់បញ្ជាក់ពីខ្លួនលោកប៉ុណ្ណោះ ក្រោយពីមានការភាន់ច្រឡំរបស់និស្សិតរូបនេះ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះខ្ញុំត្រូវនិយាយជាមួយនិស្សិតម្នាក់។ សាលាបានអញ្ជើញខ្ញុំមក ដូច្នេះខ្ញុំបានស្ម័គ្រចិត្តលះបង់ពេលវេលារបស់ខ្ញុំដើម្បីអប់រំនិស្សិត។ ពួកគេមិនគួរឈ្លើយទេ”។ លោកបានមានប្រសាសន៍ថា “គេគួរតែមានក្រមសីលធម៌ជានិស្សិត ប៉ុន្តែគេសរសេរមិនល្អនៅតាមហ្វេសប៊ុក ដូច្នេះហើយខ្ញុំត្រូវសាកសួរគេ”។
អ្នកនាំាពាក្យរដ្ឋាភិបាលរូបនេះក៏បានគំរាមចាត់វិធានការផ្លូវច្បាប់ផងដែរ ប្រសិនមិនមានការបង្ហាញពីប្រភពនៃការថតសំឡេងរបស់លោកទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “លោកត្រូវប្រាប់ខ្ញុំពីអ្នកដែលឲ្យខ្សែអាត់ថតសំឡេងនោះទៅលោក។ ខ្ញុំផ្តោតលើប្រភពនេះ បើមិនដូច្នោះទេ ខ្ញុំនឹងប្ដឹងលោកទៅតុលាការ។ ខ្ញុំចង់ដឹងថា នរណាឲ្យខ្សែអាត់សំឡេងនេះមកលោក បើមិនប្រាប់ទេ លោកនឹងមានបញ្ហា”។ “ពួកគេមិនបានសុំថតសំឡេងខ្ញុំទេ ហើយពួកគេបានយកវាទៅបង្ហោះតាមហ្វេសប៊ុកទៀត។ វាជាការបំពាន។ ប្រសិនបើខ្ញុំគិតថា វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ ខ្ញុំអាចប្ដឹងទៅតុលាការបាន”។ លោកបាននិយាយថា “ខ្ញុំគ្រាន់តែព្យាយាមជួយពួកគេ ហើយពួកគេបានបំពានខ្ញុំ”។
លោក ផៃ ស៊ីផាន ក៏បានបដិសេធមិនប្រាប់ឈ្មោះអ្នកកាសែត ដែលរដ្ឋាភិបាលបានចាត់ទុកថា បម្រើឲ្យផលប្រយោជន៍បរទេសនោះដែរ។ លោកបាននិយាយថា ” ខ្ញុំគោរពប្រភពរបស់ខ្ញុំ”។
កញ្ញា ចាន់រចនា បានបដិសេធកាលពីម្សិលមិញមិននិយាយថា តើនាងទៅជួបលោក ផៃ ស៊ីផាន ឬអត់ទេ។
លោក សោម រតនា ប្រធានដេបា៉តឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានមានប្រសាសន៍ថា ជំនួយការរបស់លោកបានទទួលសំណើរបស់លោក ផៃ ស៊ីផាន ហើយបានបញ្ជូនបន្តទៅឲ្យនិស្សិតរូបនេះ។ នៅពេលសួរថា តើលោកមានតួនាទីចូលរួមពាក់ព័ន្ធឬយ៉ាងណានៅពេលមន្ត្រីជាន់ ខ្ពស់ហៅនិស្សិតឲ្យទៅជួបនោះ លោក រតនា បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា លោកអាចនិយាយជាមួយនាងបាន។ ខ្ញុំមិនបានស្ដាប់បាឋកថានោះទេ ហើយខ្ញុំគិតថា ខ្ញុំមិនគួរនិយាយអំពីរឿងនេះឡើយ។ នេះគឺជាបញ្ហារវាងនាង និងលោក ផៃ ស៊ីផាន”។
(ការបង្ហាញព័ត៌មាន៖ និពន្ធនាយកម្នាក់នៅកាសែតនេះកំពុងធ្វើជាគ្រូក្រៅម៉ោងនៅដេបា៉តឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហើយអ្នកយកព័ត៌មានម្នាក់ដែលសរសេរអត្ថបទនេះធ្លាប់ធ្វើការនៅសាលានេះក្នុងតួនាទីដូចគ្នាដែរកាលពីមុន)៕ គឹមហឿន