យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិក បានយល់ព្រមតាមសំណើរបស់កម្ពុជា ដែលសុំជំនួយបន្ថែម ខណៈពេលខ្លួនព្យាយាម ” បង្ក្រាប” អ្នកប្រឆាំងរដ្ឋាភិបាលដែលរស់នៅក្នុងសហរដ្ឋអាមេរិក។
គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើមាតុភូមិនិវត្តកាលពីថ្ងៃសៅរ៍ ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីស្នាក់ការកណ្ដាលរបស់ FBI នៅវា៉ស៊ីនតោន ហើយនៅទីនោះគណៈប្រតិភូនេះបានជួបជាមួយលោក ជេម ខូមី (James Comey) ប្រធានរបស់ FBI និងបានដើរមើលការិយាល័យដ៏ទំនើបរបស់ទីភ្នាក់ងារនេះ។
របាយការណ៍ដែលត្រូវបានបង្ហោះកាលពីម្សិលមិញនេះ មានខ្លឹមសារដូច្នេះថា “នៅក្នុងជំនួបនេះ [នាយឧត្តមសេនីយ៍ នេត សាវឿន] បានស្នើសុំឲ្យ FIB សហការនៅក្នុងករណីជនសង្ស័យអាណិកជនខ្មែររស់នៅអាមេរិក ដែលបានបង្កើតចលនាប្រឆាំងរដ្ឋាភិបាល ហើយបានមានប្រសាសន៍ថា កម្ពុជានឹងផ្ដល់រាល់ឯកសារពាក់ព័ន្ធទាំងអស់ដើម្បីជួយដល់ការបង្ក្រាបនេះ។ សំណើនេះត្រូវបានបញ្ជាការជាន់ខ្ពស់របស់ FBI ទទួលយក”។
ដំណើរទស្សនកិច្ចរបស់អគ្គស្នងការនគរបាលជាតិទៅកាន់សហរដ្ឋអាមេរិកនេះ ធ្វើឡើងមិនដល់មួយសប្ដាហ៍ផងទេ មុនសវនាការជំនុំជម្រះលោក សួន សេរីរដ្ឋា មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ ដែលនិរទេសខ្លួនឯង និងដែលពេលនេះកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ចាប់ផ្ដើមនៅថ្ងៃទី៩ ខែកក្កដា នៅសាលាដំបូងរាជធានីភ្នំពេញ។
ការចោទប្រកាន់ពីបទញុះញង់លើលោក សួន សេរីរដ្ឋា កាលពីខែសីហា នៅពេលលោកណែនាំឲ្យមនុស្សបួននាក់ចែកចាយខិត្តប័ណ្ណរាប់រយសន្លឹកដោយខុសច្បាប់ ដោយជំរុញឲ្យប្រជាពលរដ្ឋខ្មែរផ្ដួលរំលំរដ្ឋាភិបាល។ លោកប្រឈមនឹងការចោទប្រកាន់មួយទៀតពីបទក្បត់ជាតិនៅក្នុងខេត្តបន្ទាយមានជ័យ ដោយសារការបោះពុម្ពអាវយឺត ដែលមានពាក្យស្លោកជំរុញឲ្យអ្នកបោះឆ្នោតកុំចូលរួមការបោះឆ្នោតជាតិកាលពីឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា កាលពីម្សិលមិញ លោក សួន សេរីរដ្ឋា ដែលចលនារបស់លោកធ្វើប្រតិបត្តិការចេញពីទីក្រុងដាឡាស រដ្ឋតិចសាស បានដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅកាន់រដ្ឋធានីវ៉ាស៊ីតោនឌីស៊ី សម្រាប់ជំនួបជាបន្តបន្ទាប់ជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងសមាជិកសភា សមាជិកព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាលផងដែរ ដោយផ្តោតលើ “សេរីភាព សិទ្ធិ និងសេរីភាពនយោបាយរបស់កម្ពុជា”។
ចលនាអំណាចពលរដ្ឋខ្មែរ តែងតែអះអាងថា ចលនានេះគឺសន្តិភាព ហើយកាលពីខែមេសា បានប្រកាសពីបំណងរបស់ខ្លួនដែលចង់ចុះឈ្មោះជាគណបក្សនយោបាយ ប៉ុន្តែត្រូវក្រសួងមហាផ្ទៃច្រានចោលភ្លាមៗ។
ចលនានេះក៏បាននិងកំពុងបញ្ចុះបញ្ចូលគេឯងផងដែរនៅក្នុងសំណុំរឿងរបស់ខ្លួនក្នុងសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ដោយបានផ្ញើលិខិតមួយច្បាប់ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា កំពុងតែផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តសន្សឹមៗនៅក្នុងសហរដ្ឋអាមេរិក។
លិខិតចុះថ្ងៃទី១ ខែកក្កដា របស់ចលនាអំណាចពលរដ្ឋខ្មែរនេះមានខ្លឹមសារដូច្នេះថា “ខ្ញុំសូមស្នើឲ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក មេត្តាចាត់វិធានការស៊ើបអង្កេតលើទង្វើរបស់គណបក្សប្រជាជនកម្ពុជា ដែលពេលនេះកំពុងបង្កើនការខំប្រឹងប្រែង និងឥទ្ធិពលរបស់ខ្លួនឲ្យមានកុម្មុយនីស្តនៅក្នុងសហរដ្ឋអាមេរិក”៕ សុខុម