ទិន្នន័យផ្តល់ដោយក្រុមហ៊ុនតាមដានបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានបង្ហាញកាលពីម្សិលមិញថា ចំនួនគណនីអ្នកប្រើប្រាស់ហ្វេសប៊ុកជាប្រចាំនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាង១១៣.០០០នាក់ក្នុងរយ:ពេលប្រាំមួយខែកន្លងមកនេះគឺបានកើនដល់ជិត៦០០.០០០នាក់។
ក្រុមហ៊ុន Social Bakers ដែលប្រមូលនិងចែកចាយទិន្និន័យហ្វេសប៊ុក លើកឡើងថាគិតមកទល់ថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុក ចំនួន៥៨៣.៩២០ក្នុងប្រទេសកម្ពុជា ដែល៥០ភាគរយក្នុងចំណោមនោះ ជាអ្នកប្រើប្រាស់ ដែលមានអាយុចន្លោះពី១៨ឆ្នាំ ដល់២៤ឆ្នាំ។ក្រុមហ៊ុននេះបានបន្ថែមថា៦២ភាគរយនៃអ្នកប្រើប្រាស់ទាំងអស់ជាបុរស។ក្នុងពេលថ្មីៗនេះ ចំនួនប្រើប្រាស់គេហទំព័រនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រហែល១០.០០០គណនីត្រូវបានបង្កើតឡើងជារៀងរាល់សប្ដាហ៍ក្នុងរយៈពេលពីរខែមកនេះ។
និន្នាការស្រដៀងគ្នានេះក៏កើតមានក្នុងប្រទេសផ្សេងៗទៀតដែរនៅអាស៊ីអាគ្នេយ៍ដូចជាប្រទេសឥណ្ឌូណេស៊ី ឡាវហ្វីលីពីនថៃ និងវៀតណាមជាដើម។ លោក (ជេរិមីយ៉ះ អ៊ូយ៉ាង) Jeremiah Owyang អ្នកវិភាគផ្នែកឧស្សាហកម្មនៅក្រុមហ៊ុន អាល់ម៉េធឺគ្រុប (Altmeter Group) ដែលមានមូលដ្ឋាននៅស៊ីលីខុន វ៉ាឡេ សហរដ្ឋអាមេរិក មានប្រសាសន៍ថា ហេតុផលខ្លះនៃការកើនឡើងចំនួនប្រជាជនកម្ពុជា ដែលប្រើប្រាស់ហ្វេសប៊ុក អាចពាក់ព័ន្ធនឹងសមាជិកក្រុមគ្រួសារ ដែលចង់ទាក់ទងទៅសាច់ញាតិ ដែលបានទៅបរទេស ដើម្បីស្វែងរកការងារធ្វើ។
លោកបានមានប្រសាសន៍បន្ថែមថា“ វាប្រហែលជាស្រដៀងគ្នាទៅនឹងអ្វីដែលខ្ញុំបានឃើញនៅក្នុងទីក្រុងម៉ានីល និងក្នុងប្រទេសផ្សេងៗទៀត នៅអាស៊ីអាគ្នេយ៍ ដែលមានវណ្ណៈអ្នកធ្វើការច្រើន ដែលកំពុងប្រើប្រាស់បណ្ដាញសង្គម ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារ។
យុវជនម្នាក់ឈ្មោះ ហេង រតនាពិសិដ្ឋ និស្សិតនៅសាកលវិទ្យាល័យលីមកុកវីង (Limkokwing) ក្នុងរាជធានីភ្នំពេញ បានបង្កើតគណនីរបស់ខ្លួនកាលពីពីរឆ្នាំមុន ដើម្បីទំនាក់ទំនងទៅសាច់ញាតិម្នាក់ ដែលបានចាកចេញពីកម្ពុជាទៅកាន់អឺរ៉ុប។
យុវជនវ័យ១៨ឆ្នាំរូបនេះ ដែលបានអង្គុយជាមួយមិត្តភក្ដិបើកមើលគណនីហ្វេសប៊ុក តាមទូរស័ព្ទប្រភេទស្មាតហ្វូន និងកុំព្យូទ័រយួរដៃរបស់ខ្លួន កាលពីព្រឹកម្សិលមិញ នៅក្នុងហាងកាហ្វេមួយកន្លែងតាមផ្លូវលេខ១៩ បាននិយាយថា“ខ្ញុំចង់រក្សាទំនាក់ទំនងជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានចេញទៅធ្វើការនៅប្រទេសអាល្លឺម៉ង់។ ហើយពេលនេះ ខ្ញុំបន្ដរាប់អានមិត្តភក្ដិកាន់តែច្រើនឡើងៗតាមហ្វេសប៊ុក”។
ខណៈដែលក្រុមហ៊ុនហ្វេសប៊ុក មិនបានបញ្ចេញទិន្នន័យអំពីទីកន្លែងនៃអ្នកប្រើប្រាស់របស់ខ្លួននោះ ភាគច្រើននៃអ្នកប្រើប្រាស់ហ្វេសប៊ុក ក្នុងប្រទេសកម្ពុជា ត្រូវគេគិតថាស្ថិតនៅកណ្ដាលក្រុង ដោយសារតែប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅតាមតំបន់ដាច់ស្រយាល មិនទាន់មានប្រព័ន្ធអុីនធើណិតប្រើប្រាស់នៅឡើយ។ ចំនួនសរុបនៃគណនីទាំងនេះ ក៏មិនបង្ហាញច្បាស់លាស់ថា តើមានអ្នកប្រើប្រាស់ប៉ុន្មាននាក់នៅក្នុងប្រទេសកម្ពុជានោះដែរ ពីព្រោះអ្នកខ្លះមានគណនីលើសពីមួយ។
ខណៈដែលគេមិនទាន់ដឹងច្បាស់ថា តើហ្វេសប៊ុក កំពុងជះឥទ្ធិពលលើជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឬយ៉ាងណានោះ មានមនុស្សជាច្រើនកំពុងតែប្រើប្រាស់បណ្ដាញនេះ ដើម្បីបញ្ចេញទស្សននយោបាយរបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាល ដូចជាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ប្រើប្រាស់គេហទំព័រនេះដែរ ដើម្បីទាក់ទងជាមួយសាធារណជនជារៀងរាល់ថ្ងៃ៕
ប្រែសម្រួលដោយ តែម សុខុម