កាលពីម្សិលមិញ ខណៈពេលសិស្សថ្នាក់ទី១២នៅតែបន្តព្រួយបារម្ភអំពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិប្រចាំឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សិស្សដែលប្រឡងធ្លាក់នៅក្នុងការប្រឡងដែលមានការសង្កេតតាមដានយ៉ាងតឹងរឹុងនេះ នឹងទទួលបានឱកាសប្រឡងជាលើកទី២។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន ដែលប្រារព្ធឡើងនៅកោះពេជ្រកាលពីម្សិលមិញថា “យោងតាមផែនការបម្រុងរបស់ក្រសួងអប់រំ នឹងមានការប្រឡងលើកទី២”។
លោកមានប្រសាសន៍ថា “គាត់[ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ] នឹងស្នើសុំយោបល់ពីខ្ញុំ ប៉ុន្តែ ខ្ញុំសូមគាំទ្រយុទ្ធសាស្ត្ររបស់គាត់”។ លោកបានលើកឡើងបន្ថែមទៀតថា ការប្រឡងលើកទី២អាចនឹងធ្វើឡើងនៅរយៈពេល៦សប្តាហ៍ក្រោយ។
ក្រោយពីការប្រឡងរយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន ដែលជាលើកដំបូងត្រូវបានរៀបចំឡើងក្រោមការសង្កេតតាមដានរបស់អ្នកសង្កេតការណ៍ប្រឡងរាប់ពាន់នាក់ ដែលជ្រើសរើសដោយអង្គភាពប្រឆាំងអំពើពុករលួយ បណ្តាគ្រូបង្រៀន អនុរក្ស និងអ្នកសង្កេតការណ៍បានព្យាករថា អត្រាប្រឡងជាប់នៅទូទាំងប្រទេសនឹងធ្លាក់ចុះខ្លាំងដោយសារតែសិស្សត្រូវបានរារាំងមិនឲ្យលួចចម្លង។
លោក ហង់ ជួន ណារ៉ុន ដែលត្រូវបានផ្លាស់មុខតំណែងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើកំណែទម្រង់ក្រសួងអប់រំ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន បានមានប្រសាសន៍កាលពីម្សិលមិញថា ការផ្តល់ឱកាសឲ្យប្រឡងលើកទី២នេះមិនមែនជាគំនិតរបស់លោកទេ។
លោកបានលើកឡើងតាមរយៈសារជាអក្សរថា “វាជាអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលផ្អែកលើការអនុវត្តកន្លងមក។ សិស្សានុសិស្សត្រូវត្រឡប់ទៅសិក្សាវិញ”។
ក្រសួងអប់រំបានប្រកាសកាលពីខែមីនាថា ការប្រឡងថ្នាក់ជាតិនឹងក្លាយជាលក្ខខណ្ឌតែមួយគត់សម្រាប់សិស្សទទួលបានឱកាសបន្តការសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ ដោយក្រើនរំឭកដល់សិស្សានុសិស្សឲ្យត្រៀមខ្លួនសម្រាប់លក្ខខណ្ឌប្រឡងដ៏តឹងរឹុងនៅឆ្នាំនេះ ដែលនៅទីបំផុតនឹងធ្វើឲ្យការប្រឡងដែលធ្លាប់តែញាំញីដោយការសូកប៉ាន់ និងការលួចចម្លងជាច្រើនឆ្នាំមកនេះ មានភាពស្អាតស្អំ។
លោក ហង់ ជួន ណារ៉ុន បានលើកឡើងម្តងហើយម្តងទៀតថា លោកចង់បានសិស្សបញ្ចប់ការសិក្សា ដែលមានសមត្ថភាពខ្ពស់ជាជាងបរិមាណខ្ពស់នៃការប្រឡងជាប់ក្នុងចំណោមសិស្សានុសិស្សជាង៩០.០០០នាក់ ដែលបានចូលរួមការប្រឡង។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍កាលពីម្សិលមិញថា លោកគ្មានព័ត៌មានផ្លូវការទេពាក់ព័ន្ធនឹងការប្រឡងឡើងវិញនេះ ប៉ុន្តែ លោកបានលើកឡើងថា នឹងមានកិច្ចប្រជុំថ្នាក់កំពូលមួយនៅសប្ដាហ៍នេះ ខណៈពេលការប្រឡងលើកដំបូងកំពុងត្រូវបានដាក់ពិន្ទុជាដំណើរការមួយដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយតាមការរំពឹងទុក ដំណើរការនេះនឹងបន្តរយៈពេលប្រាំបីថ្ងៃ។
លោកបានច្រានចោលការលើកឡើងដែលថា ការប្រឡងឡើងវិញនេះជាការលើកទឹកចិត្តដល់អ្នកមិនសូវខិតខំ ឬមិនខំប្រឹងរៀនសូត្រ ជាហេតុធ្វើឲ្យអ្នកដែលយកចិត្តទុកដាក់ចំពោះការក្រើនរំឭករបស់ក្រសួង ហើយខំប្រឹងរៀនសូត្រសម្រាប់ការប្រឡងកាលពីសប្តាហ៍មុន មានទស្សនមិនល្អ។
លោកបានលើកឡើងបន្តថា “សិស្សដែលខំរៀនសូត្រមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចទៅហើយ ពួកគេមានសមត្ថភាព។ សិស្សខ្លះទៀតបានធ្វើខុស ឬប្រហែលជាឈឺ ហើយនឹងទទួលបានឱកាសម្តងទៀត ហើយអ្នកដែលគ្មានសមត្ថភាពនឹងនៅតែធ្លាក់ដដែល”។
លោក រស់ សាលីន មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានជ្រើសរើស និងបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាង២.០០០នាក់ដើម្បីសង្កេតតាមដានការប្រឡង និងរាយការណ៍ក្នុងករណីសិស្សលួចចម្លង ឬគ្រូទទួលការសូកប៉ាន់ នឹងចូលរួមពាក់ព័ន្ធក្នុងការប្រឡងនៅលើកទី២នេះទៀត។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា “យើងត្រូវរង់ចាំមើលលទ្ធផលជាមុនសិន”។
លោក ឆាយ វេ៉ត អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនម្នាក់មកពីខេត្តបាត់ដំបង ដែលធ្វើដំណើរមកកាន់ភ្នំពេញដើម្បីកែវិញ្ញាសាប្រឡង បានមានប្រសាសន៍ថា អត្រាប្រឡងជាប់គឺទាបណាស់។
លោកបានមានប្រសាសន៍ថា កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ លោកបានកែក្រដាសកិច្ចការជាភាសាអង់គ្លេសចំនួន១២៥ច្បាប់ ហើយបានលើកឡើងថា “ច្រើនបំផុត៣០ភាគរយ” នៃបេក្ខជនប្រឡង ដែលជាប់នៅក្នុង “ការប្រឡងដ៏ងាយស្រួល គឺងាយស្រួលជាងឆ្នាំមុនឆ្ងាយណាស់”។
លោក ផាន រិទ្ធីដែត ជាសហសេវិកម្នាក់របស់លោក ឆាយ វ៉េត មកពីខេត្តបាត់ដំបង ដែលត្រូវបានជ្រើសរើសកែឲ្យវិញ្ញាសាភាសាអង់គ្លេសដែរនោះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនូវច្បាប់ចម្លងនៃក្រដាសកិច្ចការសិស្ស ហើយបានលើកឡើងថា ក្រដាសកិច្ចការ៩០ភាគរយ ដែលលោកមើលឃើញ ត្រូវបានកែឲ្យធ្លាក់។
លោក ង៉ូវ ឈុនហាក់ នាយកវិទ្យាល័យបឹងកេងកង ដែលបានជួយដឹកនាំមណ្ឌលប្រឡងមួយនៅក្នុងរាជធានីភ្នំពេញអំឡុងការប្រឡងរយៈពេលពីរថ្ងៃ បានមានប្រសាសន៍ថា សិស្សមួយចំនួនមិនសរសេរអ្វីសោះទៅលើក្រដាសកិច្ចការរបស់ខ្លួន។លោកបានព្យាករកាលពីសប្តាហ៍មុនថា “សិស្សដែរប្រឡងជាប់នៅឆ្នាំនេះមានប្រហែល២០ភាគរយប៉ុណ្ណោះ”។
ទាំងលោក ហ៊ុន សែន និងលោក ហង់ ជួន ណារ៉ុន មិនបានបញ្ជាក់ពីហេតុផលសម្រាប់ការផ្តល់ឱកាសប្រឡងជាលើកទី២នេះទេ។ តែទោះជាយ៉ាងណា លោក ឆាយ វ៉េត ដែលជាគ្រូបង្រៀនមកពីខេត្តបាត់ដំបងបានបកស្រាយថា អាចមានហេតុផលពីរយ៉ាង។
លោកបានបន្តថា “មានហេតុផលពីរ។ ទី១ [ លោក ហ៊ុន សែន ] ចង់ទទួលបានការគាំទ្រផ្នែកនយោបាយតាមរយៈការជួយសិស្សដែលធ្លាក់ឲ្យប្រឡងជាប់។ ទី២ បណ្តាសាកលវិទ្យាល័យត្រូវការនិស្សិត ហើយម្ចាស់សាកលវិទ្យាល័យទាំងនោះ គឺជាមន្ត្រីគណបក្សប្រជាជនកម្ពុជា”៕ សុខុម
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី និង ផន បុប្ផា)