កាលពីម្សិលមិញ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបាននាំគ្នាថ្វាយការគោរពដល់សម្តេចឪ នរោត្តម សីហនុ នៅក្នុងថ្ងៃគម្រប់ខួប២ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះអង្គ។
មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថានប័នរដ្ឋចំនួន៤៦បានមកចូលរួមក្នុងពិធីប្រារព្ធខួបគម្រប់២ឆ្នាំនេះដោយដាក់កម្រងផ្កាថ្វាយព្រះបរមរូបសម្តេចឪ ដែលគេសាងសង់ឡើងដើម្បីថ្វាយការគោរពដល់ព្រះអង្គនៅតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ។
នៅខាងមុខព្រះបរមរាជវាំង ពលរដ្ឋប្រហែល១.០០០នាក់បាននាំគ្នាតម្រង់ជួរដើម្បីរាប់បាតដល់ព្រះសង្ឃប្រមាណ៥០០អង្គជាផ្នែកនៃពិធីបុណ្យក្នុងព្រះពុទ្ធសាសនាដើម្បីប្រារព្ធខួបគម្រប់២ឆ្នាំនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ បន្ទាប់ពីថ្វាយកម្រងផ្កានៅខាងមុខព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ ដែលដណ្តើមបានឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ១៩៥៣ដោយសន្តិវិធីថា “នេះគឺជាការថ្វាយការគោរពដល់ព្រះមហាក្សត្ររបស់យើងដែលបានយាងចូលទិវង្គត ព្រោះព្រះអង្គមានស្នាដៃជាប្រវត្តិសាស្ត្រក្នុងការការពារ និងកសាងប្រទេសជាតិ”។
នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចូលរួមថ្វាយការគោរពដល់សម្តេចឪ ដែលបានយាងចូលទិវង្គតដោយសាររោគាពាធនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបេ៉កាំង ក្នុងព្រះជន្មាយុ៩០ព្រះវង្សា ហើយព្រះបរមអដ្ឋិរបស់ព្រះអង្គត្រូវបានដង្ហែចូលព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងកាលពីខែកក្កដា។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “ព្រះអង្គបានទាមទារឯករាជ្យសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈនេះព្រះអង្គបានកសាងជាតិ ហើយទីបំផុតព្រះអង្គបានសង្គ្រោះប្រទេសរបស់យើងពីការឈឺចាប់”។
នៅម៉ោងជាង៨បន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី បានទៅដល់ព្រះបរមរាជវាំង ដោយមានការទទួលស្វាគមន៍ពីលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ហើយបន្ទាប់មកពួកគាត់បានចូលក្នុងព្រះបរមរាជវាំង។
ដោយឈរក្នុងចំណោមមនុស្សយ៉ាងច្រើននៅខាងក្រៅព្រះបរមរាជវាំង អ្នកស្រី ពឿន អិុញ អាយុ៧៥ឆ្នាំបានលើកឡើងថា គាត់បានឃើញសម្ដេចឪជាលើកដំបូងនៅពេលដែលគាត់មានអាយុទើបតែ១០ឆ្នាំ អំឡុងពេលព្រះអង្គយាងទៅសួរសុខទុក្ខប្រជារាស្ត្រក្នុងខេត្តកណ្តាលដែលជាស្រុកកំណើតរបស់អ្នកស្រី។
អ្នកស្រីបានមានប្រសាសន៍ថា “ទោះបីជាព្រះអង្គបានយាងចូលទិវង្គតក៏ដោយ ក៏ខ្ញុំនៅតែចងចាំ និងស្រឡាញ់ព្រះអង្គដដែល ព្រោះព្រះអង្គគឺជាព្រះមហាក្សត្រដ៏ល្អ និងស្រឡាញ់ប្រជារាស្ត្រខ្មែរ”។
លោក កឹម សុខា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១រដ្ឋសភាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនបានអញ្ជើញគណបក្សរបស់លោកឲ្យមកដាក់កម្រងផ្កាថ្វាយព្រះអង្គក្នុងពិធីនេះឡើយ។ លោកបានមានប្រសាសន៍ថា “យើងអាចទៅបានក្នុងនាមជាពលរដ្ឋសាមញ្ញ ព្រោះយើងមិនត្រូវបានអញ្ជើញឡើយ។ លោកបានបន្ថែមថា មន្ត្រីរបស់គណបក្សសង្គ្រោះជាតិបានប្រារព្ធខួបគម្រប់២ឆ្នាំនេះនៅទីស្នាក់ការកណ្តាលរបស់ខ្លួន”៕ស៊ុយឈាង