36 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ហៅ​ការ​ផ្ទុះ​កាំជ្រួច​បាត់បង់​ជីវិត​ថា ‘មិនមែន​ជា​រឿងធំដុំ’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ផ្ទុះ​កាំជ្រួច​ដែល​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ និង​របួស​មនុស្ស​៧​ទៀត​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន “មិនមែន​ជា​រឿង​ធំដុំ​ទេ” ចំណែកឯ​ក្រុម​អ្នក​ជំនាញ​ខាង​បាញ់​កាំជ្រួច​អន្តរជាតិ​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា ឧប្បត្តិហេតុ​នេះ​អាច​ទប់ស្កាត់​បាន​ដោយ​ងាយ​ស្រួល ប្រសិនបើ​មាន​ការ​ប្រយ័ត្ន​ផ្នែក​សុវត្ថិភាព​ធម្មតា​ជាមុន។

អំឡុង​ការ​បាញ់​កាំជ្រួច​អបអរ​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី កាលពី​យប់​ថ្ងៃ​ពុធ កាំជ្រួច​មួយ​បាន​ផ្ទុះ​នៅ​ក្នុង​បំពង់​ដែក​បាញ់​បង្ហោះ បណ្តាល​ឲ្យ​ជះ​អំបែង​ទៅលើ​ក្រុម​អ្នក​ដើរ​កម្សាន្ត​ក្បែរ​នោះ។ លោក ណាគ្រី ដារ៉ូ អាយុ ២៣​ឆ្នាំ មកពី​ស្រុក​កោះធំ​ខេត្ត​កណ្តាល បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ពេលដែល​បន្ទះ​ដែក​មួយ​បាន​បុក​ធ្លាយ​ខ្លួន​របស់​គាត់។ មនុស្ស​៧​នាក់​រងរបួស ដោយ​មាន​២​នាក់​ក្នុង​ចំណោម​នោះ​របួស​ធ្ងន់។

លោក​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា “ឧប្បត្តិ​ហេតុ​នេះ​មិន​មែន​ជា​រឿង​ធំដុំ​ទេ។ វាជា​ឧប្បត្តិហេតុ​ដែល​មិន​រំពឹងទុក”។ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​បន្ថែម​ថា ក្រសួង​របស់​លោក ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាញ់​កាំជ្រួច​ជាផ្លូវការ នឹង​ធ្វើ​ឲ្យ​ការ​បាញ់​កាំជ្រួច​នៅ​ពេល​អនាគត​មាន​សុវត្ថិភាព​ប្រសើរ​ឡើង។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ជាថ្មី​ទេ ដូច្នេះ​យើង​នឹង​ប្រយ័ត្ន​ប្រយែង” ហើយ​លោក​បាន​បន្ថែម​ថា កាំជ្រួច​នឹង​បាញ់​ចេញ​ពី​ទូក​ចត​ក្នុង​ទន្លេ ដែល​គិត​ថា​ជា​វិធី​មាន​សុវត្ថិភាព​ជាង ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឧត្តមសេនីយ៍​​​ឯក អិុត​​​ សារ៉ាត់ នាយក​ផ្នែក​ហ្វឹកហ្វឺន​នៅ​ក្រសួង​ការពារ​ជាតិ ដែល​នាយកដ្ឋាន​របស់​លោក​ទទួល​ភារៈ​បាញ់​កាំជ្រួច​នៅ​យប់​ថ្ងៃ​ពុធ​ ដែល​ក្នុង​ពេល​នោះ​កាំជ្រួច​ត្រូវ​បាន​បាញ់​ចេញពី​បំពង់​ដែក បាន​បន្ទោស​រំសេវ​ផ្ទុះ​ខុស​ពី​ធម្មតា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ។

ឧត្តមសេនីយ៍​​​ឯក អិុត​​​ សារ៉ាត់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា “ឥឡូវ​យើង​កំពុង​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​ដឹង​ថា [ជន​រងគ្រោះ]​ត្រូវ​កាំជ្រួច​ដោយ​របៀបណា ថាតើ​ដោយ​សំបក ក្រដាស​រឹង ឬ​អ្វី​ផ្សេង” ដោយ​លោក​បាន​ពន្យល់​ថា លោក​បាន​ជ្រើសរើស​បាញ់​បង្ហោះ​កាំជ្រួច​ពីបំពង់​នៅ​លើ​ដី ជាជាង​លើ​ទូក ដោយសារ​មាន​ប្រវត្តិ​សុវត្ថិភាព​៤០​ឆ្នាំ​មិន​ដែល​ខូច​ឈ្មោះ​របស់​ក្រសួង​នេះ​ពីមុន​មក។

អ្នក​ជំនាញ​ខាង​បាញ់​កាំជ្រួច​អន្តរជាតិ​បាន​និយាយ​កាលពី​ចុងសប្តាហ៍​នេះ​ថា ឧបទ្ទវហេតុ​នេះ​ត្រូវ​គ្នា​ទៅ​នឹង ឧបទ្ទវហេតុ​ដែល​បង្ក​ឡើង​ដោយ​សំណើម ឬ កាំជ្រួច​ដែល​ហោះ​មិន​ស្រួល ប៉ុន្តែ​ថា ការ​​ប្រុង​ប្រយ័ត្ន​ត្រឹមត្រូវ​ជាមុន មុខជា​ទប់ស្កាត់​ការ​ស្លាប់​និង​របួស​បាន។

លោក វ៉រិន រីឈី នាយក​គ្រប់គ្រង​ក្រុមហ៊ុន Fireworks Down Under មាន​មូលដ្ឋាន​នៅ​រដ្ឋ​ឃ្វិនសឡិន ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ដឹង​តាម​រយៈ​សារអេឡិចត្រូចនិក​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ភាគច្រើន​បាន​បោះបង់​ចោល​ការ​ប្រើ​បំពង់​ដែក ឬ PVC ជា​កាំភ្លើង​បាញ់​ ដោយសារ​ភាព​ងាយ​មាន​គ្រោះថ្នាក់ ដូចជា​គ្រោះថ្នាក់​​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុនអ៊ីចឹង​ដែរ។

លោក រីឈី បាន​និយាយ​ថា “[យើង]​មាន​ហេតុភេទ​ស្រដៀង​គ្នា​កើតឡើង​នៅទី​នេះ ហើយ​ក្មេង​តូច​ម្នាក់​បាន​ស្លាប់ ដូច្នេះ​យើង​បាន​ហាមប្រាម​មិន​ត្រូវ​ប្រើ​ដែក​ក្នុង​ការ​បាញ់​កាំជ្រួញ”។ លោក​បាន​បន្ថែម​ថា ប្រសិនបើ​ប្រើ​កាំភ្លើង​ត្បាល់​ដែក គេ​គួរ​មាន​បាវ​ខ្សាច់​តម្រៀប​ដាក់​ជុំវិញ ឬ​កប់​ឲ្យ​ជ្រៅ​ល្មម ដូច្នេះ​អំបែង​នឹង​បាចសាច​ចូលដី។

ប៉ុន្តែ លោក ចុន ខាលវើហោស៍ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Fantastic Fireworks នៅ​ទី​ក្រុង​ឡុង បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អីុម៉េល​កាលពី​ថ្ងៃ​អាទិត្យ​ថា របាំង​បាវ​ខ្សាច់​នៅតែ​មិន​អាច​ទប់​កម្លាំង​បំពង់​ដែក​ផ្ទុះ​បាន​ទេ។ លោក​បាន​និយាយ​ថា “បើ​អ្នក​មិន​ប្រើ​បាវ​ខ្សាច់​រាប់​សិប​បាវ​ព័ទ្ធ​ជុំវិញ​បំពង់​បាញ់​បង្ហោះ​នីមួយៗ​ទេ កម្លាំង​ផ្ទុះ​មុខជា​ជះ​ខ្លាំង​ជា​មិន​ខាន​ឡើយ”។

លោក ខាលវើហោស៍ បាន​និយាយ​ថា ការ​បាញ់​ចេញពី​ទូក​គឺ​មាន​សុវត្ថិភាព​ជាង​មែន ប៉ុន្តែ ប្រសិនបើ​ប្រើ​បំពង់​ដែក នៅតែ​មាន​គ្រោះថ្នាក់ គឺជៀសមិន​រួច​ដដែល​ដល់​អ្នក​ឈរ​មើល​និង​អ្នក​បាញ់។

“លោក​បាន​និយាយ​ថា “ធម្មតា​ទូក​ស្ថិត​នៅ​ចម្ងាយ​យ៉ាងហោច​ណាស់​១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​នោះ…​ខ្ញុំ​មិន​ចង់​ឲ្យ​វា​នៅ​ជិត​ជាង​នេះ​ទេ”។ លោក​បាន​បន្ថែម​ថា សម្ភារ​ដូចជា​កញ្ចក់ Fiberglass ឬ​ក្រដាស​កាតុង​គួរ​ប្រើ​ជា​ជំនួស ពីព្រោះ​របស់​ទាំង​នេះ​រឹងមាំ​ល្មម​នឹង​ស្រូប​សម្ពាធ​ពី​ការ​ផ្ទុះ និង​បត់បែន​បាន ដែល​មិន​បែក​ជា​អំបែង​មុត​ឡើយ។

រីឯ​ឧត្តម​សេនីយ៍ សារ៉ាត់ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ដឹង​ថា បំពង់​បាញ់​ដែល​ប្រើ​កាលពី​សប្តាហ៍​មុន​គួរតែ​កប់​ក្នុង​ដី ប៉ុន្តែ​រូបភាព​ដែល​ផ្សព្វផ្សាយ​តាម​សង្គមហ្វេស​ប៊ុក​បាន​បង្ហាញ​ថា សឹងតែ​គ្មាន​ការការពារ​ទាំងស្រុង មានតែ​ខ្សាច់​កម្ពស់​ពីបី​សង់ទី​ម៉ែត្រ​ប៉ុណ្ណោះ​គរ​ជុំវិញ​កន្លែង​បាញ់កាំជ្រួញ​នោះ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស