កាលពីខែកុម្ភៈឆ្នាំមុន សាកសពអាក្រាតរបស់ទេសចរបារាំងអាយុ២៥ឆ្នាំម្នាក់ អូហ្វីលី ប៊ីកនី បានរសាត់អណ្តែតមកទើរនៅមាត់ច្រាំងក្រុងកំពត ដោយមានស្នាមដាច់នៅត្រង់ដៃ និងក្បាល។ ជិតពីរឆ្នាំក្រោយមក ដោយគ្មានតម្រុយក្នុងរឿងឃាតកម្មនេះ គ្រួសាររបស់ស្ត្រីត្រូវគេធ្វើឃាតនេះបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយសុំអង្វរករឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតរបស់ខ្លួនឡើងវិញ ក្នុងរឿងឃាតកម្មលើស្ត្រីទេសចររូបនេះ។
បន្ទាប់ពីការជួបជាផ្លូវការមួយសប្តាហ៍ និងការធ្វើដំណើរទៅខេត្តកំពត លោក គ្រិស្ទាន ឪពុករបស់ អូហ្វីលី ប៊ីកនី បងស្រី វឺជីនា និងបងប្រុស ចូណាថាន របស់នាង បានធ្វើសន្និសីទព័ត៌មានមួយក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ដោយទម្លាយភាពស្ងប់ស្ងាត់រយៈពេលជាង២០ខែ ដើម្បីអំពាវនាវរកកិច្ចសហការច្រើនឡើងរវាងអាជ្ញាធរបារាំងនិងកម្ពុជា។
គ្រួសារនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងថា “យើងនៅមានជំនឿមុតមាំថា តុលាការបារាំងនិងកម្ពុជា អាចធ្វើការដោយស្ងប់ស្ងៀម។ ដោយមានជំនឿមុតមាំនិងការគោរព ដោយសារស្ថិតក្នុងដំណើរការកាន់ទុក្ខ សមាជិក[ទាំងអស់]ក្នុងគ្រួសារដែលគ្រាំចិត្តយ៉ាងខ្លាំងនេះសុំនៅស្ងៀមស្ងាត់សិន”។
ប៉ុន្តែគ្រួសារនេះបានរិះគន់ការគាំទ្រ ដែលពួកគេបានទទួលពីអាជ្ញាធរបារាំង និងបាននិយាយថា ចៅក្រមស៊ើបសួររបស់បារាំងមិនទាន់បានធ្វើដំណើមកប្រទេសកម្ពុជា បើទោះជាមានសំណើមួយពីសំណាក់ចៅក្រមកម្ពុជា ហង្ស សុគន្ធវឌ្ឍនា ដែលធ្វើការលើសំណុំរឿងនេះក៏ដោយ។
សេចក្តីថ្លែងបានឲ្យដឹងថា “គ្រួសារ ប៊ីកនី សព្វថ្ងៃនេះត្រូវធានាដោយខ្លួនឯងនូវការផ្លាស់ប្តូរព័ត៌មានរវាងអាជ្ញាធរនៃប្រទេសទាំងពីរ ដែលមិនអាចទទួលយកបាន និងមិនសមជារដ្ឋមួយដូចប្រទេសបារាំងទាល់តែសោះ”។
មេធាវីរបស់ពួកគេ លោក ម័រហ្គាន បេស្កូ បាននិយាយថា ឥឡូវនេះប្រទេសបារាំងមានផែនការបញ្ជូនចៅក្រមស៊ើបសួរមួយរូបនៅដើមឆ្នាំ២០១៥នេះ។ ប៉ុន្តែលោកបាននិយាយថា គ្រួសារនេះបានជំរុញស្ថានទូតនៅទីនេះឲ្យផ្តល់ព័ត៌មានថ្មីបំផុតទាក់ទិននឹងការស៊ើបអង្កេត ហើយមិនបានទទួលការគាំទ្រជាដុំកំភួនឡើយ។
លោកបាននិយាយថា “ប្រសិនបើយើងមិនទូរស័ព្ទសាកសួរ ពួកគេក៏មិនទាក់ទងយើងដែរ”។ លោកបានបន្ថែមទៀតថា អំឡុងពេលស្នាក់នៅប្រទេសកម្ពុជាកាលពីសប្តាហ៍មុន ពួកគេមានការជួបតែមួយលើកគត់នៅស្ថានទូត ហើយត្រូវគេទាត់ចោលសំណើ នៅពេលពួកគេបានសុំឲ្យមន្ត្រីកុងស៊ុលផ្តល់អ្នកបកប្រែខ្មែរម្នាក់ឲ្យពួកគេ។ មន្ត្រីនៅស្ថានទូតបារាំងមិនអាចទាក់ទងសុំការពន្យល់បានទេកាលពីថ្ងៃអាទិត្យ។
ផ្ទុយទៅវិញ គ្រួសារនេះបានសំដែងការដឹងគុណចំពោះការអាចទាក់ទងអាជ្ញាធរកម្ពុជាបានអំឡុងទស្សនកិច្ចរបស់ខ្លួន ជាពិសេសឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកសំណុំរឿងនេះ។
គ្រួសារនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងរបស់ខ្លួនថា “សប្តាហ៍នេះ…បានធ្វើបទសម្ភាសថ្មីជាមួយឧត្តមសេនីយ៍ឯក[ម៉ក់ ជីតូ] និងចៅក្រមស៊ើបសួរ…ដោយមានការធានាអះអាងថា អាជ្ញាធរកម្ពុជានឹងបន្តការស៊ើបអង្កេតតទៅទៀត”។
គេបានឃើញ ហ្វីលី ប៊ីកនី ជាចុងក្រោយជិះកង់ចាកចេញពីផ្ទះសំណាក់ ឡេ ម៉ាហ្គៀរ មួយថ្ងៃមុនសាកសពរបស់នាងត្រូវបានគេរកឃើញ។
ជនជាតិប៊ែលហ្ស៊ិក អូលីវឺ វ៉ាន ឌិន បូហ្គឺត អតីតម្ចាស់ផ្ទះសំណាក់មួយក្នុងខេត្តកំពត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទពីបទមនុស្សឃាត បន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានថា គាត់ត្រូវបានគេប្រទះឃើញកំពុងលាក់កង់ក្នុងចម្ការទុរេនក្បែរនោះ។ បុគ្គលិកម្នាក់នៅផ្ទះសំណាក់ដែលបានឃើញជនរងគ្រោះលើកចុងក្រោយ បាននិយាយថា គាត់មិនប្រាកដទេ ថាកង់ក្នុងចម្ការនោះជាកង់ដែលស្ត្រីបារាំងនោះជិះមែនឬយ៉ាងណានោះ។
ការពិសោធ ឌីអិនអេ លើសាកសពបន្ទាប់ពីសពត្រូវបានបញ្ជូនទៅប្រទេសបារាំងវិញមួយខែបន្ទាប់មក ក៏មិនច្បាស់លាស់ដែរ ហើយនៅខែមេសា ចៅក្រម ហង្ស សុគន្ធវឌ្ឍនា បានបង្គាប់ឲ្យគេដោះលែងលោក វ៉ាន់ ឌិន បូហ្គឺត ដោយលើកឡើងថាខ្វះភ័ស្តុតាងភ្ជាប់រូបលោកទៅនឹងឃាតកម្មនេះ។
ដំបូងឡើយបានរម្ងាប់ចិត្ត នៅពេលដឹងថាជនសង្ស័យត្រូវបានចាប់ខ្លួននិងចោទប្រកាន់ តែក្រោយមក គ្រួសារ ប៊ីកនី បានសំដែងការខកចិត្តទៅវិញ ព្រោះតែមានការចាប់ខ្លូនលោក វ៉ាន់ ឌិន បូហ្គឺត តែបែរជាគ្មានការស៊ើបសួរតទៅទៀតសោះ។
លោក បេស្កូ បាននិយាយថា “ដោយមានអត្តសញ្ញាណលោក ហូហ្គឺត ការស៊ើបអង្កេតទាំងអស់ផ្សេងទៀតបានបញ្ឈប់។ តាមពិត មិនមានការស៊ើបអង្កេតផ្សេងទៀតឡើយ មិនមានសម្ភាសនរណាផ្សេងទេ”។ លោកបានឲ្យដឹងទៀតថា គ្រួសារជនរងគ្រោះខកចិត្តយ៉ាងខ្លាំង ពីព្រោះប៉ូលិសមិនបានឆែកបញ្ជីផ្ទះសំណាក់ សម្ភាសភ្ញៀវ ឬ សាកសួរអ្នកស្រុកឡើយ។
ការថ្លែងរបស់គ្រួសារនេះបានឲ្យដឹងថា “ពីពេលនេះតទៅ ការស្វែងរកសាក្សីក្នុង[ផ្ទះសំណាក់]ដែល អូហ្វីលី ស្នាក់នៅពេលដែលសោកនាដកម្មបានកើតឡើង ព្រមទាំងការស៊ើបអង្កេតក្នុងតំបន់នោះផង គឺចាំបាច់ ដើម្បីឲ្យដឹង យ៉ាងហោចណាស់ ក៏កន្លែងឃាតកម្មដែរ”។
លោក ហិសាម ម៉ូសា ដៃគូជាន់ខ្ពស់នៅស្មាក្តី N-Strat Institutional Counsel ដែលដើរតួជាអ្នកសម្របសម្រួលខាងច្បាប់ឲ្យគ្រួសារ ប៊ីកនី នៅប្រទេសកម្ពុជា បាននិយាយថា គ្រួសារនេះបានពិចារណារកសុំជំនួយពីខាងក្រៅ។
លោកបាននិយាយថា “ពួកគេបានពិចារណាចង់បានអ្នកស៊ើបអង្កេតឯកជនម្នាក់ ប៉ុន្តែពួកគេបានចំណាយប្រាក់ច្រើនរួចហើយ និងបានជួបការលំបាកខាងប្រាក់កាស ហើយពួកគេនៅតែសង្ឃឹមថា ប្រទេសកម្ពុជានិងប្រទេសបារាំងនឹងធ្វើកិច្ចការរបស់ខ្លួន”។ “គ្រួសារជនរងគ្រោះមិនចង់ទាក់ទងអ្នកកាសែតទេ ពីព្រោះពួកគេមិនចង់រំខានរឿងក្តីដែលកំពុងបន្តនេះ។ ប៉ុន្តែ ពេលខ្លះ វាសំខាន់ដែលឲ្យមានការយល់ដឹងជាសាធារណៈ”៕មានិត