កាលពីម្សិលមិញ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចូលរួមជាមួយក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងការរិះគន់ចំពោះការចាប់ខ្លួនសកម្មជន ព្រះសង្ឃ និងបុគ្គលលេចធ្លោរបស់គណបក្សប្រឆាំងក្នុងពេលថ្មីៗនេះ។
សកម្មជនសិទ្ធិដីធ្លីជាស្ត្រីចំនួន១០នាក់ ព្រះសង្ឃចំនួនបីអង្គ និងបុគ្គលលេចធ្លោរបស់គណបក្សសង្គ្រោះជាតិចំនួនពីររូបសុទ្ធតែត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន។ ក្នុងចំណោមអ្នកទាំង១៥នាក់នេះ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសមនុស្សចំនួន១១នាក់ នៅក្នុងការបើកសវនាការដ៏ឆាប់រហ័សចំនួនពីររួចហើយ ដោយឲ្យពួកគាត់ជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១ឆ្នាំ។
កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលគោរពច្បាប់ ខណៈអំពាវនាវឲ្យតុលាការនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់អំណាចរបស់ខ្លួនដោយឯករាជភាពមិនស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “វាធ្វើឲ្យខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ដោយឃើញតុលាការត្រូវបានគេប្រើប្រាស់ម្ដងហើយម្ដងទៀតជាឧបករណ៍របស់ស្ថាប័ននីតិប្រតិបត្តិ។ កង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គចម្បងៗ ដើម្បីធ្វើឲ្យសង្គមមួយមានយុត្តិធម៌ ដែលពលរដ្ឋកម្ពុជាចង់បានបំផុតនោះ”។
លោក សុរិយា ស៊ូបេឌី បានលើកឡើងបន្ថែមថា “អ្នកដែលចង់ប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋានរបស់ខ្លួនអាចត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសដោយគ្មានមូលដ្ឋានច្បាស់លាស់”។
អង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំមួយក៏បានរៀបចំសន្និសីទកាសែតមួយផងដែរកាលពីម្សិលមិញ ដើម្បីថ្កោលទោសការចាប់ខ្លួនទាំងនេះ ដោយចាត់ទុកថា ការបង្ក្រាបរបស់រដ្ឋាភិបាលលើអ្នករិះគន់ខ្លួន គឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ឡាត់ ឃី ប្រធានកម្មវិធីស្ដីពីដីធ្លី និងការប្រកបរបរចិញ្ចឹមជីវិតនៅអង្គការសិទ្ធិមនុស្សអាដហុក បានលើកឡើងថា តុលាការគឺស្ថិតក្រោមឥទ្ធិពលនយោបាយយ៉ាងច្បាស់ក្រឡែត ព្រោះថា ការចោទប្រកាន់ដែលដាក់បន្ទុកលើសកម្មជន គឺសុទ្ធតែ ” គ្មានមូលដ្ឋាន”។
លោកបានមានប្រសាសន៍ថា “យើង ជាអង្គការសង្គមស៊ីវិលជឿជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារទាំងអស់នោះមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ”។
លោក សឺន ជុំជួន នាយកកម្មវិធីនៅសមាគមខ្មែរកម្ពុជាដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានលើកឡើងថា ការផ្សឹកដោយបង្ខំ និងការបញ្ជូនព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនបីអង្គទៅពន្ធនាគារ គឺជាការរំលោភលើធម៌វិន័យក្នុងព្រះពុទ្ធសាសនា ហើយធ្វើឲ្យសកម្មជនខ្មែរកម្ពុជាក្រោមផ្សេងទៀតខ្លាចមិនហ៊ានចូលរួមការតវ៉ាលើកក្រោយៗ។
លោកបានមានប្រសាសន៍ថា “ការចាប់ខ្លួន និងការឃុំខ្លួនព្រះសង្ឃខ្មែរកម្ពុជាក្រោមទាំងបីអង្គនេះ គឺជាទង្វើមួយដើម្បីបង្ក្រាបសកម្មជនក្នុងគោលបំណងរារាំងពួកគេមិនឲ្យចូលរួមក្នុងកិច្ចការសង្គម”។
ទឹកដីខ្មែរកម្ពុជាក្រោម គឺស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។ ពលរដ្ឋខ្មែរភាគច្រើនគិតថា បារាំងបានកាត់ទឹកដីនេះដោយអយុត្តិធម៌ទៅឲ្យវៀតណាម ហើយកំពុងទាមទារយកទឹកដីនេះមកវិញ។
លោក សួន ប៊ុនសាក់ លេខាប្រតិបតិ្តនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទិ្ធមនុស្សកម្ពុជា បានលើកឡើងថា ក្រុមអង្គការនឹងស្នើសុំឲ្យមានការជួបប្រជុំមួយជាមួយសមាជិកសភាមកពីគណៈកម្មាធិការសិទ្ធិមនុស្សនៅក្នុងរដ្ឋសភា ដើម្បីជំរុញឲ្យមានការដោះលែងអ្នកដែលត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីសប្ដាហ៍មុន។
កាលពីព្រឹកម្សិលមិញ អ្នកគាំទ្រអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះប្រហែល២០០នាក់ បាននាំគ្នាហែក្បួនទៅកាន់ស្ថានទូតចំនួន១៥ ដើម្បីឲ្យស្ថានទូតទាំងនេះចាប់អារម្មណ៍លើទុក្ខលំបាករបស់ខ្លួន។
ពួកគេបានដាក់ញត្តិជូនស្ថានទូតអាមេរិក គណៈប្រតិភូសហភាពអឺរ៉ុប និងការិយាល័យអង្គការសហប្រជាជាតិ ដោយស្នើឲ្យពួកគេដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)