30 C
Phnom Penh

សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ព្រមាន​​​រដ្ឋមន្ត្រី​​​ក្រ​សួង​សា​ធារ​ណ​ការ​​​ អំពី​​​សភាព​​​ផ្លូវ​​​ថ្នល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សមាជិក​សភា​គណបក្ស​ប្រឆាំង​មួយ​រូប​បាន​ប្រើប្រាស់​​​សម័យ​​​ប្រជុំ​​​សភា អំពាវ​នាវ​ឲ្យ​អនុម័ត​ជំពូក​​ទី៣ និង​ទី៤​នៃ​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​ទាម​ទារ​ឲ្យ​លោក ត្រាំ អុីវ​​​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ជួស​ជុល​ផ្លូវ​ដែល​ខូច​​​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​មិន​ដូច្នោះ​ទេ​ត្រូវ​លាលែង​ពី​តួនាទី​របស់​​​ខ្លួន​។

កាលពី​ថ្ងៃ​ច័ន្ទ រដ្ឋសភា​បាន​អនុម័ត​​ជំពូក​ពីរ​ដំបូង​នៃ​ច្បាប់​ចរាចរណ៍​​ថ្មី ដោយ​មាន​សំឡេង​ឆ្នោត​​​ស្ទើរ​តែ​ឯកច្ឆន្ទ​មុន​ពេល​​ជួប​ជុំ​ម្ដង​ទៀត​កាលពី​ម្សិលមិញ​ ដើម្បី​ពិចារណា​ជំពូក​ពីរ​បន្ទាប់​​ទាក់​ទង​នឹង​អ្នក​បើក​បរ​ និង​ការ​ប្រើ​ប្រាស់​ភ្លើង​ហ្វា និង​ស៊ីផ្លេ។

ជំពូក​ទាំង​នេះ​ត្រូវ​បាន​អនុម័ត​ស្ទើរ​តែ​គ្មាន​ការ​ជំទាស់​អ្វី​ឡើយ ដោយ​សមាជិក​សភា​៩៩​រូប​ក្នុង​ចំណោម​១០២​រូប​បាន​អនុម័ត​ជំពូក​​ទី៣ ហើយ​សមាជិក​ដែល​មាន​វត្តមាន​ទាំង​១០១​រូប​បាន​​អនុម័ត​ជំពូក​ទី៤។

ប៉ុន្តែ​នីតិវិធី​ឈាន​​​ទៅ​រក​ការ​បោះ​ឆ្នោត​នេះ​ ផ្ដោត​ទៅ​លើ​លោកស្រី លី ស្រីវីណា ​​សមា​​​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​វេជ្ជបណ្ឌិត​ និង​ជា​សមាជិក​សភា​គណបក្ស​ប្រឆាំង​យូរ​មក​ហើយ​នោះ ដែល​បាន​រិះគន់​ចំពោះ​ការ​ស្លាប់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី ស្រី​​​វីណា បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​បំណុល​បរទេស​ដែល​រដ្ឋា​​​ភិ​​​បាល​ខ្ចី​ គឺ​សម្រាប់​ស្ថាបនា​​​ផ្លូវ​ថ្នល់​ដែល​លោកស្រី​បាន​លើក​ឡើង​ថា បន្ទាប់​មក​​ត្រូវ​បាន​ខូច​ភ្លាម​​​ៗដែរ​​​ដោយ​ការ​ប្រើ​ប្រាស់​​ហួសហេតុ​​​ដែល​មិន​បាន​ដាក់​កម្រិត​។​​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​​បណ្ដោយ​ឲ្យ​គុណភាព​ផ្លូវ​ត្រូវ​គេ​ធ្វើ​អាជីវកម្ម ហើយ​បណ្ដោយ​ឲ្យ​រថយន្ត​កុងតឺន័រ​ធំ​​​ៗ​បំផ្លាញ​ផ្លូវ​ដូច​នេះ ខ្ញុំ​គិត​ថា គ្មាន​អ្វី​បន្សល់​​​ទុក​សម្រាប់​​​មនុស្ស​ជំនាន់​ក្រោយ​ទេ  ក្រៅ​តែ​ការ​​​បន្សល់​ទុក​នូវ​បំណុល និង​ផ្លូវ​ដែល​ខូច​​តែ​ប៉ុណ្ណោះ។

លោកស្រី ស្រីវីណា បាន​អំពាវ​នាវ​ឲ្យ​លោក​ ត្រាំ អុីវតឹក ធានា​ថា​ ផ្លូវ​ថ្នល់​មិន​មែនជា​កន្លែង​​​គ្រោះ​​​ថ្នាក់​​​ដល់​​​ជីវិត​​​សម្រាប់​អ្នក​បើក​បរ​យាន​យន្ត​នោះ​ឡើយ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​សម្រាប់​ឯកឧត្ដម គឺ​ជម្រើស​ទី១គឺ​ថា ឯកឧត្ដម​អាច​ធ្វើ​ជា​​រដ្ឋមន្ត្រី​ក្រសួង​​​សាធារណការ​ ហើយ​ឯកឧត្ដម​ត្រូវ​តែ​​​ការ​ពារ​ផ្លូវ​ថ្នល់ ជម្រើស​ទី២​គឺ​ថា ឯកឧត្ដម​ត្រូវ​ឈប់​​​ធ្វើជា​​​រដ្ឋមន្ត្រី​”។

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ការ​ពារ​លោក​រដ្ឋ​​​មន្ត្រី​​​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន ដោយ​លើក​ឡើង​ថា ការ​​អំពាវ​នាវ​ឲ្យ​ស្ថាបនា​ផ្លូវ​ដែល​មាន​គុណ​​​ភាព​​​ប្រសើរ​​​នោះ​​​​គឺ​ជា​ការ​គិត​ខ្លី ហើយ​មិន​បាន​ពិចារណា​អំពី​ផល​ប្រយោជន៍​នៃ​ការ​កាត់​បន្ថយ​​​ការ​ចំណាយ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជា​ជន​របស់​យើង​​​គឺ​មាន​ជាង​១៤​លាន​នាក់​​ ហើយ​ប្រសិន​បើ​យើង​ស្ថាបនា​ផ្លូវ​​​ខ្លី​​​ៗ​មាន​គុណភាព​ល្អ​តែ​ពីរ​បី​​​នោះ វា​នឹង​ផ្ដល់​ប្រយោជន៍​​ដល់​អ្នក​​​រស់​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំ​​​ជន​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ប្រជាជន​ក្រីក្រ​រស់​នៅ​តំបន់​ជនបទ​វិញ​​​នោះ មិន​ទទួល​បាន​ផល​ប្រយោជន៍​ឡើយ​”។ លោក​បាន​បន្ថែម​ថា “ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា លទ្ធផល​ដែល​យើង​ទទួល​បាន​ពី​កំណើន​សេដ្ឋ​កិច្ច​ត្រូវ​ចែក​រំលែក​ជាមួយ​ប្រជា​ជន​រស់​នៅ​តំបន់​ជនបទ​”។

លោក​ ត្រាំ អុីវ​​​តឹក បាន​ទទួល​ស្គាល់​ការ​​ត្អូញត្អែរ​អំពី​ផ្លូវ​ដែល​ខូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​កត់​សម្គាល់​ថា ផ្លូវ​ជាតិ​លេខ៦​អា ជា​ផ្លូវ​ហាយ​​​វ៉េ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ក្រុង​កំពង់​​​ចាម កំពុង​​ធ្វើ​ការ​ស្ថាបនា​​​​អូស​​​បន្លាយ​​​ពេល​ដ៏​​​យូរ​ ដែល​​​សភាព​ផ្លូវ​​ខូច​នេះ​បាន​​​កើត​​​មាន​​​គ្រប់​​​រដូវ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ជួប​ប្រជុំ​​​គ្នា​ច្រើន​លើក​មក​ហើយ​ជា​មួយ​អ្នក​ស្ថាបនា​ផ្លូវ ហើយ​យើង​ទទួល​ស្គាល់​ថា នៅ​រដូវ​ប្រាំង​​ដី​​​ហុយ​ទ្រលោម ហើយ​នៅ​រដូវ​វស្សា​វា​សុទ្ធ​តែ​ភក់​​​មែន”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស