30 C
Phnom Penh

ជន​បរទេស​ជាង​១.២០០នាក់​ត្រូវ​បាន​និរទេស​ខណៈ​ជំរឿន​ជិត​បញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នាយក​ដ្ឋាន​អន្តោ​ប្រវេស​ន៍​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ប្រទេស​កម្ពុជា​បាន​និរទេស​ជន​បរទេស​ចំនួន​១.២៤៦នាក់មក​ពី​ប្រទេស​ផ្សេង​គ្នា​​ចំនួន​២៩ចាប់តាំងពីការ​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​បាន​ចាប់​ផ្តើម​កាលពី​ខែ​សីហា។

លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេស​ន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​និរទេស​នោះ​គឺ​មាន​ចំនួន​១.០០១នាក់ គឺ​ជន​ជាតិ​វៀត​ណាម ចំណែក​ជន​ជាតិ​​ចិន​ស្ថិត​នៅ​លេខ​២ និង​កូរ៉េ​ខាងត្បូង​​ស្ថិត​នៅ​​លេខ​៣។

ឧត្តម​សេនីយ៍​ទោ ហៃសិលា បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់ខ្លួន​ជនជាតិ​វៀត​ណាម​ជាង​៧០០នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​បាន​បាន​និរទេស​ពួកគេ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​រួចហើយ”។ លោក​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ធ្លាប់​បាន​រាយការណ៍​ថា ជន​ជាតិ​ឥណ្ឌា រុស្ស៊ី នីហ្សេរីយ៉ា ថៃ ហ្វីលីពីន​ បារាំង កូរ៉េ​ខាងជើង និង​អាហ្វហ្គានីស្ថាន ក៏​ត្រូវ​បាន​និរទេស​នៅ​ក្នុង​ជំរឿន​នោះ​ដែរ។

ឧត្តម​សេនីយ៍​ទោ ហៃសិលា បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន​ទំនង​ជា​បញ្ចប់​នៅ​សប្តាហ៍​នេះ ប៉ុន្តែ​​លោក​មិន​ដឹង​ថា នៅ​ពេល​ណា​ជាក់លាក់​នោះ​ឡើយ។ លោក​បាន​បន្ថែម​ថា “ក្រសួង​មហាផ្ទៃ​​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ដើម្បីបង្ហាញលទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​​នៅ​ថ្ងៃ​ទី​១៥ខែ​មករា​ខាងមុខ”។

ឧត្តម​​សេនីយ៍​ឯក ម៉ម ស្រីុម​វណ្ណា អគ្គនាយករង​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេស​ន៍​បាន​មានប្រសាសន៍ថា អ្នក​ដែល​ត្រូវ​បាន​និរទេស​ទាំង​នេះ​មិន​មាន​លិខិត​ឆ្លងដែន ទិដ្ឋាការ​ ប័ណ្ណ​ការងារ​ ឬ​ខ្វះ​ទាំង​បី​តែ​ម្តង។

បើ​ទោះជា​ជន​ជាតិ​វៀតណាម​គឺជា​អ្នក​ដែល​ត្រូវ​បាន​និរទេស​ច្រើន​ជាង​គេ​​ក៏ដោយ ក៏​លោក ស្រីុមវណ្ណា បាន​មាន​ប្រសាសន៍​ថា ជន​បរទេស​ទាំង​អស់​ងាយ​នឹង​ត្រូវ​បណ្តេញចេញ​ ប្រសិនបើ​ពួកគេ​មិន​មាន​លិខិត​ស្នាម​ចាំបាច់ ដោយ​មិន​គិត​ថា ពួកគេ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យូរ​ប៉ុណ្ណា​នោះ​ឡើយ។

ឧត្តម​សេនីយ៍​ឯក ស្រីុមវណ្ណា បាន​មាន​ប្រសាសន៍​ថា “​ជន​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់។ ប្រសិនបើ​ពួកគេ​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​ទេ​នោះ​យើង​នឹង​បញ្ជូន​ពួកគេ​​ទៅ​ប្រទេស​របស់​ខ្លួន​វិញ”។

លោក ស៊ឹម ជី ប្រធាន​សមាគម​ខ្មែរ-វៀតណាម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​ដឹង​ថា​តើ​បច្ចុ​​ប្បន្ន​នេះ​មាន​ជនជាតិ​វៀត​ណាម​ប៉ុន្មាន​នាក់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​​កន្លង​មក សមាគម​របស់​លោក​​បាន​ប្រាប់​ពួកគាត់​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​ស្រប​ច្បាប់។ លោក ជី បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ជូន​ដំណឹង​ដល់​ជន​ជាតិ​វៀតណាម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា”។

ការ​បញ្ចប់​ជំរឿន​ក៏​កត់សម្គាល់​ឲ្យ​ឃើញ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ច្បាប់​ដែល​បាន​អនុវត្ត​ដោយ​កម្រ​ដែល​តម្រូវ​ឲ្យ​ជន​បរទេស​ទាំងអស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​មាន​ទិដ្ឋាការ​ពាណិជ្ជកម្ម​​រយៈពេល​យូរ​​ មាន​ប័ណ្ណ​ការងារ។

លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​​បាន​មាន​ប្រសាសន៍​កាល​ពី​សប្តាហ៍​មុន​ថា​រដ្ឋាភិបាល​មាន​គម្រោង​​ធ្វើការ​​ពិន័យ​តឹង​រ៉ឹង​​លើ​ជន​បរទេស​ទាំង​ឡាយ​ណា​ដែល​មិន​មាន​ប័ណ្ណ​ការ​ងារ​ក្នុង​ឆ្នាំ​២០១៥៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស