34 C
Phnom Penh

សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​១១រូប​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ាកាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ប៉ុន្តែ បាន​​​កាត់​​​សម្រាល​​​​​​ទោស​​​សម្រាប់​​​ពួក​​​គាត់​​​ទាំង​​​អស់​​​លើក​​​លេង​​​តែ​​​សមាជិក​​​លេច​​​ធ្លោ​​​បំផុត​​​នៃ​​​ក្រុម​​​នេះប៉ុណ្ណោះ​​​។​​​front

ចុង​​​ចោទ​​​ប្រាំ​​​​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​ចុង​​​ចោទ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ពី​​​បទ​​​បិទចរាចរណ៍​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រឆាំង​​​នឹង​​​​​​សាលា​​​រាជ​​​ធានី​​​ដែល​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជន់​​​លិច​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ពួក​​​គាត់​​​រស់​​​នៅ​​​។ ចុង​​​ចោទ​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ពីបទ​​​ “រារាំង​​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​” ខណៈ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​​​​ចុង​​​ចោទ​​​​​​ប្រាំ​​​ពីរ​​​រូប​​​ខាង​​​លើ​​​។

សាលាដំបូង​​​រាជ​​​ធានី​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ទាំង​​​១១​​​នាក់​​​ជា​​​បន្ត​​​បន្ទាប់​​​យ៉ាង​​​ប្រញាប់​​​ប្រញាល់​​​ ហើយ​​​បាន​​​ផ្តន្ទាទោស​​​ពួក​​​គាត់​​​ឲ្យជាប់​​​ពន្ធនាគារ​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ថ្កោល​​​ទោស​​​​​​ការ​​​កាត់​​​ក្តី​​​ទាំង​​​នេះ​​​ដែល​​​ខ្លួន​​​​​​និយាយ​​​ថា ជំរុញ​​​ដោយ​​​ហេតុផល​​​នយោបាយ និង​​​មាន​​​បំណង​​​បំបិទ​​​មាត់​​​អ្នក​​​ដែល​​​ប្រឆាំង​​​​​​រដ្ឋាភិបាល​​​។

កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ សាលាឧទ្ធរណ៍​​​​​​បាន​​​​​​តម្កល់​​​សាល​​​ក្រម​​​​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​នេះ​​​ និង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​សម្រាប់​​​ចុង​​​ចោទ​​​លេច​​​ធ្លោ​​​បំផុត​​​ពីរ​​​រូប​​គឺ​​​អ្នកស្រី ទេព វន្នី សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ និង​​​អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ផ្សឹក​​​ដោយ​​​សារ​​​ករណី​​​នេះ​​​។

តុលាការ​​​​​​បាន​​​កាត់​​​សម្រាល​​​ទោស​​​សម្រាប់​​​ចុង​​​ចោទ​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​ទៀត​​​ចន្លោះ​​​ពី​​​ពីរ​​​ខែ​​​ទៅ​​​ប្រាំ​​​មួយ​​​ខែ​​​ដោយ​​​ហេតុ​​​ថា ពួក​​​គាត់​​​មាន​​​ជំងឺ​​​ ចាស់​​​ជរា ឬ​​​មាន​​​កូន​​​តូច​​​ៗ​​​ដែល​​​ត្រូវ​​​មើល​​​ថែ​​​។

លើក​​​លេង​​​តែ​​​អតីត​​​ព្រះ​​​សង្ឃ​​​ សឹង ហៃ ចេញ​​​ តុលាការ​​​ក៏​​​បាន​​​កាត់​​​បន្ថយ​​​ប្រាក់​​​ពិន័យ​​​ពី​​​២លាន​​​រៀល​​​សម្រាប់​​​សកម្ម​​​ជន​​​​​​ទាំង​​​នេះ​​​មក​​​នៅ​​​​​​ចន្លោះ​​​ពី​​​១លាន​​​រៀល​​​ទៅ​​​១,៥លាន​​​រៀល​​​ផង​​​ដែរ​​​។ ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ងួន អីុម បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​សម្រេច​​​ “តម្កល់​​​សាលក្រម​​​ផ្តន្ទាទោស​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទុក​​​ជា​​​បាន​​​ការ​​​”។

អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ សកម្ម​​​ជន​​​ទាំង​​​ប្រាំ​​​ពីរ​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​អូស​​​គ្រែ​​​មួយ​​​ដាក់​​​​​​លើ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​ ប្រាក​​​ដ​​​មែន​​​ដើម្បី​​​បង្ហាញ​​​ពី​​​ស្ថានភាព​​​ពិត​​​ដែល​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ជន់​​​លិច​​​ក្នុង​​​ទឹក​​​កខ្វក់​​​ ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​ដាក់​​​ប្រព័ន្ធ​​​លូ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​។

ប៉ុន្តែ ចៅ​​​ក្រម​​​​​​ ងួន អីុម បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ជឿ​​​ការ​​​អះអាង​​​របស់​​​ពួក​​​គាត់​​​ដែល​​​​​លើក​​​ឡើង​​​ថា ​​​សកម្មភាព​​​របស់​​​ពួក​​​គាត់​​​​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ចរាចរណ៍​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ត្រឹម​​​ត្រូវទេ​​​ដែល​​​ពួក​​​គាត់​​​មក​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​ ពួក​​​គាត់​​​អាច​​​ឈរ​​​នៅ​​​កន្លែង​​​ផ្សេង​​​បាន​​​។ ការ​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​បង្ក​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​”។

អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន សកម្មជន​​​បួន​​​រូប​​​ផ្សេង​​​ទៀត​​​សុទ្ធ​​​តែ​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​រារាំង​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នោះ​​​ទេ​​​។ អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​​​​ក្រុម​​​សន្តិសុខ​​​របស់​​​រដ្ឋាភិបាល​​​វាយ​​​ដំ ខណៈ​​​គាត់​​​កំពុង​​​ថត​​​រូប​​​​​​​​​ផ្តិត​​​យក​​​ទិដ្ឋ​​​ភាព​​​នៃ​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ដែល​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​សន្តិសុខ និង​​​អ្នក​​​តវ៉ា​​​។

ចៅ​​​ក្រម ងួន​​​ អីុម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​អារម្មណ៍​​​អាណិត​​​អាសូរ​​​ចុង​​​ចោទ​​​​​​ឡើយ​​​។ លោក​​​បាន​​​បន្ត​​​ថា “ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ប្រជា​​​ពល​​​ជឿ​​​ជាក់ និង​​​គោរព​​​ បាន​​​ប្រព្រឹត្តបទល្មើស​​​ ហើយ​​​បាន​​​ប្រព្រឹត្ត​​​ផ្ទុយ​​​ពី​​​គោល​​​ការណ៍​​​ព្រះ​​​ពុទ្ធ​​​សាសនា ដូច្នេះ​​​ហើយ យើង​​​មិន​​​អាចសម្រាល​​​ទោស​​​របស់​​​គាត់​​​បាន​​​ទេ​​​”។

ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ប្រាវ​​​បា​​​ន​​​ផ្ទុះ​​​ឡើង​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ បន្ទាប់​​​ពី​​​ចៅ​​​ក្រម​​​ប្រកាស​​​សេចក្តី​​​សម្រេច​​​របស់ខ​​​្លួន​​​ ហើយ​​​សកម្មជន​​​​​​មិន​​​ព្រម​​​រក្សា​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​តាមការ​​​បញ្ជា​​​របស់​​​ពួក​​​គេ​​​។ សន្តិសុខ​​​បាន​​​ចាប់​​​ពួក​​​គាត់​​​​អូស​​​ចេញ​​​ទៅខាង​​​ក្រៅ​​​​​​សាល​​​សវនាការ​​​ ដោយ​​​ខ្លះ​​​ចាប់​​​ជើង​​​ ខ្លះ​​​ចាប់​​​ដៃ។

អំឡុង​​​ពេល​​​ប្រកាស​​​សាល​​​ដីកា​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​តុលាការ​​​ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​ចៅ​​​ក្រម​​​សម្រេច​​​ឲ្យ​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​​​​។

បន្ទាប់​​​ពី​​​ស្តាប់​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​រួច​​​ លោក អ៊ុក​​​ វិជ្ជា ប្តី​​​របស់​​​អ្នក​​​ស្រី ទេព វន្នី និយាយ​​​ថា ចៅ​​​ក្រម​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “តុលាការ​​​​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​រដ្ឋាភិបាល​​​។ ​​​បើ​​​តុលាការ​​​អនុវត្ត​​​តាម​​​ច្បាប់​​​ មេ្ល៉ះ​​​តុលាការ​​​ដោះ​​​លេង​​​ពួក​​​គាត់​​បាត់​​​ទៅ​​​ហើយ។ តុលាការ​​​ចង់​​​បំបាក់​​​ស្មារតី​​​ប្រពន្ធ​​​ខ្ញុំ ដើម្បី​​​កុំ​​​ឲ្យ​​​គាត់​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​តទៅ​​​ទៀត​​​ ប៉ុន្តែ គ្មាន​​​ប្រយោជន៍​​​ទេ ពីព្រោ​​​ះ​​​គាត់​​​រឹងមាំ ហើយ​​​ក្លាហាន​​​ណាស់​​​”។

អ្នក​​​ស្រី ទេព វន្នី តែង​​​តែ​​​ស្ថិត​​​នៅជួរ​​​មុខ​​​គេ​​​ពេល​​​មាន​​​ការ​​​តវ៉ា​​​​​​​​​​​​​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង​​​បង្ខំ​​​នៅ​​​តំបន់​​​បឹង​​​កក​​​់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ​​​។ រដ្ឋាភិបាល​​​បាន​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០គ្រួសារ​​​ចេញ​​​ពី​​​តំបន់បឹង​​​កក់​​​​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​​​​អចលនទ្រព្យ​​​ប្រណីត​​​មួយរបស់​​​លោក ឡាវ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធសភា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​។

នៅក្នុងសេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សមាគម និង​​​​​​សហគមន៍​​​សរុប​​​ចំនួន​​​៣៦​​​ បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ហើយ​​​បាន​​​លើក​​​ឡើ​​​ងថា​​​ រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​មិន​​​ដែល​​​មាន​​​ហេតុផល​​​សម​​​រម្យ​​​មក​​​​​​បញ្ជាក់​​​​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ឡើយ​​​។

លោក មឿន​​​ តុលាការ​​​ ប្រធាន​​​​​​កម្ម​​​វិធី​​​ការងារ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់សម្រាប់​​​​​​សហគមន៍ បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា “សាលាឧទ្ធរណ៍​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ភ័ស្តុ​​​តាង​​​នៃ​​​បទ​​​ល្មើស​​​ គឺ​​​មិន​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ គ្រាន់​​​តែ​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​​​​ ក៏​​​ល្មម​​​នឹង​​​ផ្តន្ទាទោស​​​ឲ្យជាប​​​់​​​ពន្ធនាគារ​​​ទៅហើយ​​​”។

ក្រុម​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​តុលាការ​​​ថា មិន​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ដោយ​​​យុត្តិធម៌​​​ទេ ដោយ​​​រារាំង​​​មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​ម្តង​​​ហើយ​​​ម្តងទៀត​​​ និង​​​បដិសេធ​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ចាក់​​​បញ្ចាំង​​​វីដេអូ​​​ដែល​​​បង្ហាញ​​​ថា ស្ត្រី​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ពិត​​​ជា​​​មិន​​​បាន​​​បិទ​​​ចរាចរណ៍​​​​​​នោះទេ​​​។ ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ជន​​​បួន​​​រូប​​​ទៀត​​​​​​​​​ ក្រុម​​​នេះ​​​និយាយ​​​ថា សាក្សី​​​ពីរ​​​នាក់​​​របស់​​​រដ្ឋាភិបាល​​​​​​មិន​​​អាច​​​ឆ្លើយ​​​ដាក់​​​បន្ទុក​​​ឲ្យ​​​ជាក់​​​លាក់​​​ថា ពួក​​​គាត់​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ទេ​​​ ហើយ​​​ថា ក្នុង​​​ចំណោម​​​សាក្សី​​​ទាំង​​​នេះ​​​ក៏​​​គ្មាន​​​នរណា​​​ម្នាក់​​​ចូល​​​ខ្លួន​​​សម្រាប់​​​ការ​​​សួរ​​​ដេញ​​​ដោល​​​នោះ​​​ដែរ​​​ អំឡុ​​​ង​​​សវនាការ​​​ឧទ្ធរណ៍។

ពួកគេ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា “លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ទាំង​​​ចៅ​​​ក្រម​​​ និង​​​អយ្យ​​​ការ​​​មិន​​​បាន​​​រក​​​ឃើញ​​​ថា ចុង​​​ចោទ​​​ទាំង​​​នេះ​​​បាន​​​ប្រព្រឹត្តិអំពើ​​​ហិង្សា​​​អំឡុង​​​ពេល​​​តវ៉ា​​​ ជា​​​ធាតុ​​​ផ្សំ​​​នៃ​​​មាត្រា​​​ដែល​​​ពួកគាត់​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​”។

ក្រុម​​​នេះ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ ហើយ​​​ដោះ​​​លែង​​​សកម្មជន​​​ទាំង​​​នេះ​​​ជា​​​បន្ទាន់​​​។​​​ មេធាវី​​​ការ​​​ពារ​​​សកម្ម​​​ជនទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ចុង​​​ចោទ​​​ទាំង​​​១១​​​រូប​​​នេះ​​​នឹង​​​ប្តឹង​​​សាទុក្ខ​​​ទៅ​​​តុលាការ​​​កំពូល​​​។

សំណុំ​​​រឿង​​​នេះ​​​បាន​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍ពី​​​​​​គណៈ​​​ប្រតិភូ​​​បរទេស​​​មួយ​​​ចំនួន​​​ដែល​​​មក​​​បំពេញ​​​ការ​​​ងារ​​​នៅ​​​កម្ពុជា​​​​​​ ដោយ​​​គណៈ​​​ប្រតិភូ​​​មួយ​​​ចំនួន​​​​​​​​​បាន​​​បញ្ជូន​​​តំណាង​​​របស់​​​ខ្លួន​​​ទៅ​​​អង្កេត​​​មើល​​​សវនាការ​​​ឧទ្ធរណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ សុរិយា ស៊ូបេឌី​​​ ប្រសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដែល​​​បំពេញ​​​បេសកកម្ម​​​នៅ​​​កម្ពុជា ក៏​​​បាន​​​ចូល​​​រួម​​​សវនាការ​​​ឧទ្ធរណ៍​​​នេះ​​​ដែរ​​​។ នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីថ្ងៃ​​​សុក្រ ថ្ងៃ​​​ក្រោយ​​​បើក​​​សវនាការ​​​ លោក សុរិយា ស៊ូបេឌី បានមាន​​​ប្រសាសន៍​​​ថា ​​​កង្វះ​​​ភាព​​​ឯករាជ្យ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​មួយ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​បន្ទាន់​​​បំផុត​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស