ស្នងការប៉ូលិសខេត្តសៀមរាប លោក សត ណាឌី ត្រូវជាប់ឈ្មោះជាអ្នកសមគំនិតក្នុងពាក្យបណ្តឹងមួយទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទលោកស្នងការខេត្តរូបនេះពីបទទទួលសំណូកសម្រាប់ការឡើងបុណ្យសក្តិ និងកេងបន្លំប្រាក់ពីបញ្ជីប្រាក់ខែ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃុន សំបូរ បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយបានដឹងអំពី”សកម្មភាពខុសឆ្គង”ដែលកើតឡើងនៅក្នុងជួរប៉ូលិសខេត្តសៀមរាប ប៉ុន្តែនៅមិនទាន់ចាត់វិធានការនៅឡើយ ដោយនិយាយថា បណ្តឹងជាសាធារណៈនេះគឺជាការព្រមានមួយ។
បណ្តឹងថ្ងៃទី១៨ខែកុម្ភៈ ដែលផ្សព្វផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធ ចោទលោក ណាឌី និងលោក ស៊ុន ចំណាន ប្រធានការិយាល័យបុគ្គលិក ពីបទពុករលួយជាក់ស្តែង។
ពាក្យបណ្តឹងបានឲ្យដឹងថា “មន្ត្រីប៉ូលិសនាពេលថ្មីៗនេះបានប្តឹងលោកស្នងការខេត្ត សត ណាឌី និងបានចោទគាត់ពីបទបណ្តោយឲ្យលោក ស៊ុន ចំណាន ប្រធានការិយាល័យបុគ្គលិក ប្រមូលសំណូកពីមន្ត្រីប៉ូលិស ហើយគ្មាននរណាហ៊ានឮមាត់ឡើយ”។
“មន្ត្រីប៉ូលិសមួយចំនួនមានសតិអារម្មណ៍យ៉ាងខ្លាំងចំពោះលោក សត ណាឌី ដែលបើកដៃឲ្យលោក ស៊ុន ចំណាន ធ្វើតាមទំនើងចិត្ត ដែលនឹងធ្វើឲ្យគណបក្សប្រជាជនធ្លាក់សន្លឹកឆ្នោតយ៉ាងគំហ៊ុកក្នុងខេត្តសៀមរាប ព្រោះតែគ្មានភាពយុត្តិធម៌។
ពាក្យបណ្តឹង ដែលសរសេរដោយមន្ត្រីអនាមិកក្នុងជួរប៉ូលិសខេត្ត និយាយថា តំណែងភាគច្រើនបំផុតក្នុងកងកម្លាំងគឺបានដោយការទិញ ដោយអ្នកទិញតំណែងទាំងនោះមិនចាំបាច់មកកន្លែងធ្វើការទេ។
បណ្តឹងឲ្យដឹងទៀតថា “មន្ត្រីប៉ូលិសខ្លះសក្តិ៣-៤ទៅធ្វើការនៅក្រៅអង្គភាព និងបើកអាជីវកម្មកន្លែងផ្សេងទៀត នៅពេលពិនិត្យក្របខណ្ឌ លោក ស៊ុន ចំណាន ហៅមកពិនិត្យគ្មានបាត់មុខមួយ”។
បណ្តឹងនោះក៏បានចោទថា ប្អូនប្រុសរបស់លោក ចំណាន ដែលមិនមានមុខមកធ្វើការ ស្ងាត់ៗស្រាប់តែប្រកាសឡើងប្រធានផ្នែក និងថាការដំឡើងបុណ្យសក្តិត្រូវចំណាយប្រាក់។
បណ្តឹងមានខ្លឹមសារថា “ពេលប្រធានប៉ុស្តិ៍ដល់អាយុចូលនិវត្តន៍ មិនដែលឲ្យអនុប្រធានឡើងជាប្រធានទេ ទាល់តែមានលុយប្រហែល៤.000ដុល្លារទៅ៥.០០០ដុល្លារទើបអាចឡើងបាន។ បើមិនដូច្នោះទេ លោក ស៊ុន ចំណាន នឹងយកមន្ត្រីនៅអង្គភាពផ្សេងដែលជាបក្ខពួករបស់គេ មកធ្វើជាប្រធានប៉ុស្តិ៍វិញ”។
៉ហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយមើលមិនឃើញទង្វើរបស់លោក ស៊ុន ចំណាន ឬមួយលោក ស៊ុន ចំណាន យកលុយបិទមាត់អង្គភាពប្រឆាំងអំពើពុករលួយបាត់ទៅហើយ””។
លោក សំបូរ ប្រធានផ្នែកស៊ើបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍កាលពីថ្ងៃពុធថា ការផ្សព្វផ្សាយពាក្យបណ្តឹងនេះដើម្បីព្រមានលោក ណាឌី និងលោក ចំណាន ឲ្យកែប្រែទង្វើរបស់ពួកគេ។
លោកបាននិយាយថា “យើងចង់ឲ្យពួកគេឈប់ធ្វើរឿងខុសឆ្គងភ្លាមៗ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងនោះហើយ ប៉ុន្តែប្រសិនបើយើងទទួលបានពាក្យបណ្តឹងថ្មី បន្ទាប់ពីការព្រមានលើកទី១តាមវិបសាយ យើងនឹងកោះហៅ[លោក ចំណាន] មកសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ”។
លោក ណាឌី មិនអាចទាក់ទងបានទេកាលពីថ្ងៃពុធ ប៉ុន្តែលោក ចំណាន បានបដិសេធការចោទប្រកាន់ទាំងនោះ ដោយនិយាយថា លោកមិនមានអំណាចដំឡើងឋានៈបុគ្គលិកបានទេ ហើយលោកជឿថា ពាក្យបណ្តឹងនោះត្រូវបានធ្វើឡើងដោយមន្ត្រីដែលមិនបានឡើងតំណែង។
លោកបាននិយាយថា “ខ្ញុំមិនដែលយកលុយពីមន្ត្រីណាម្នាក់ជាថ្នូរនឹងការផ្តល់ការងារដូចការចោទប្រកាន់ឡើយ ពីព្រោះយើងមានគណៈកម្មាធិការមួយមកពីក្រសួងមហាផ្ទៃដែលធ្វើការនេះ ពេលដែលយើងត្រូវដំឡើងឋានៈនរណាម្នាក់។ យើងគ្រាន់តែរៀបចំកិច្ចការបច្ចេកទេសសម្រាប់ការដំឡើងតំណែងប៉ុណ្ណោះ ប៉ុន្តែគណៈកម្មាធិការនេះទទួលខុសត្រូវចំពោះការតែងតាំង”។
លោកបាននិយាយថា “ខ្ញុំយល់ថា នេះជាបញ្ហាបុគ្គល ពីព្រោះមនុស្សមួយចំនួនតូចមិនសប្បាយចិត្តនឹងខ្ញុំ ហើយពួកគេប្តឹងខ្ញុំក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះ[ខ្ញុំ]។ ខ្ញុំបានរាយការណ៍រឿងនេះទៅស្នងការប៉ូលិសខេត្ត ប៉ុន្តែខ្ញុំមិនដឹងថាគាត់ចាត់វិធានការអ្វីនោះទេ”។
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃពុធថា អង្គភាពប្រឆាំងអំពើពុករលួយអនុញ្ញាតដោយច្បាប់ដើម្បីចេញការព្រមាន ប៉ុន្តែលោកបានបញ្ជាក់ថា វិធានការផ្សេងទៀតរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះនឹងមានប្រសិទ្ធភាពថែមទៀត។
លោក កុល បាននិយាយថា “ម្យ៉ាងវិញទៀតពួកគេធ្វើការរបស់ខ្លួនតាមអាណត្តិ ប៉ុន្តែក្រឡេកមើលប្រសិទ្ធភាពវិញ ការព្រមានមនុស្សនិងការឲ្យគេកែខ្លួន គឺវាមិនស្របគ្នានឹងគោលនយោបាយគ្មានការយោគយល់នោះទេ។ លោក កុល បាននិយាយបន្ថែមថា “យុទ្ធសាស្ត្របច្ចុប្បន្នរបស់រដ្ឋាភិបាលត្រង់ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងអនុវត្តគោលនយោបាយគ្មានការយោគយល់ ហើយនេះជាការយោគយល់។ ការមិនយោគយល់មានន័យថា ប្រសិនបើគេទទួលបានពាក្យបណ្តឹងហើយរកឃើញភ័ស្តុតាង ឬស៊ើបអង្កេត ហើយរកឃើញភ័ស្តុតាង គឺគេត្រូវផ្តន្ទាទោស៕និត (រាយការណ៍បន្ថែមដោយ Alex Willemyns)