នៅក្នុងការជួបប្រជុំកាលពីម្សិលមិញ ក្នុងខេត្តសៀមរាបជាមួយមន្ត្រីខេត្តនិងសមាជិកគណបក្សសង្គ្រោះជាតិចំនួន២៧០នាក់នោះ លោក សម រង្ស៊ី ប្រធានគណបក្សបានសន្យាស្វែងរក “ដំណោះស្រាយ ឈ្នះ-ឈ្នះ” ចំពោះការទាមទាររបស់សមាជិកដែលអំពាវនាវឲ្យដកប្រធានគណបក្សសង្គ្រោះជាតិក្នុងខេត្តនេះចេញពីតួនាទី។
កាលពីថ្ងៃច័ន្ទ មន្ត្រីគណបក្សសង្គ្រោះជាតិជាង៥០នាក់បានធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ អំពាវនាវឲ្យបណ្តេញលោកស្រី កែ
សុវណ្ណារតន៍ សមាជិកសភា និងជាប្រធានគណបក្សខេត្តសៀមរាប ដែលជាភរិយារបស់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនេះ។
លោក គង់ សឿន អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តសៀមរាប បានមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា ក្រុមមន្ត្រីបានអំពាវនាវឲ្យដកលោកស្រីចេញ ពីព្រោះលោកស្រីប្រកាន់បក្ខពួកនិយម និង”ចាយវាយថវិកាខុសប្រក្រតី” តែលោកបដិសេធមិននិយាយលម្អិតពីការចោទប្រកាន់នេះទេ។
កាលពីម្សិលមិញ លោក គង់ សឿន ដែលបានចូលរួមក្នុងការប្រជុំនោះបានមានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានជួបប្រជុំជាមួយសមាជិក និងក្រុមមន្ត្រីគណបក្សក្នុងមូលដ្ឋានប្រហែល២៧០នាក់នៅទីស្នាក់ការគណបក្សក្នុងខេត្តសៀមរាប។
លោក គង់ សឿន បានមានប្រសាសន៍ថា “លោក សម រង្ស៊ី បានពិភាក្សាពីបញ្ហានេះ។ លោកគ្រាន់តែចុះមកស្ទាបស្ទង់មតិយោបល់របស់ភាគីទាំងពីរ ពិចារណាពីបញ្ហានេះ ហើយបានលើកឡើងថា លោកនឹងស្វែងរកដំណោះស្រាយ ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ”។
លោកបានបន្ថែមថា ក្រុមមន្ត្រីដែលបានអំពាវឲ្យដកលោកស្រី សុវណ្ណារតន៍ ចេញនោះ មិនចង់ឲ្យប៉ះពាល់ដល់គណបក្ស ប៉ុន្តែគ្រាន់តែចង់ឲ្យដកលោកស្រី ចេញពីប្រធានគណបក្សខេត្តសៀមរាបប៉ុណ្ណោះ។
លោក គង់ សឿន បានមានប្រសាសន៍ថា “ខ្ញុំគិតថា ប្រសិនបើលោកស្រី សុវណ្ណារតន៍ទៅធ្វើការនៅខេត្តផ្សេង នោះនឹងជាដំណោះស្រាយឈ្នះ- ឈ្នះ”។
បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សនឹងបង្កើតគណៈកម្មការមួយរួមមានតំណាងសមាជិក តំណាងលោកស្រី សុវណ្ណារតន៍ និងមេដឹក នាំគណបក្សដើម្បីស៊ើបអង្កេតការអះអាងពីបទពុករលួយ បក្ខពួកនិយម និងអសមត្ថភាព។
លោកបានមានប្រសាសន៍ថា “យើងនឹងបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតការចោទប្រកាន់នេះ។ ខ្ញុំត្រូវផ្អែកការវិនិច្ឆ័យរបស់ខ្ញុំលើការពិត”។
ប៉ុន្តែលោក សម រង្ស៊ី បានមានប្រសាសន៍ថា បើទោះជាគណបក្សរកឃើញថា លោកស្រី សុវណ្ណារតន៍មិនបានធ្វើអ្វីខុសក៏ដោយ ក៏មានការពិចារណាពីការផ្លាស់ប្តូរនៅឡើយដែរ។
លោកបានមានប្រសាសន៍ថា “បើទោះជាមិនមានមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្មក៏ដោយ ប៉ុន្តែសម្រាប់ហេតុផលចិត្តសាស្ត្រវិញ ភាពជាអ្នកដឹកនាំត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ នេះគឺជាដំណោះស្រាយឈ្ន-ឈ្នះ”។
ទោះជាយ៉ាងណា លោក ឈួន វិទ្យា សមាជិកក្រុមសម្របសម្រួលគណបក្សសង្គ្រោះជាតិក្នុងស្រុកក្រឡាញ់ បានមានប្រសាសន៍ថា ការតវ៉ានឹងបន្តរហូតដល់លោកស្រី សុវណ្ណា
រតន៍ ត្រូវបានដាក់ជំនួស។
លោកបានមានប្រសាសន៍ថា “ប្រសិនបើលោកស្រី កែ សុវណ្ណារតន៍ មិនត្រូវបានដកទេនោះ យើងនឹងតវ៉ាកាន់តែខ្លាំងក្លាថែមទៀត”។
លោកស្រី សុវណ្ណារតន៍ បានសង្កត់ធ្ងន់កាលពីម្សិលមិញថា អ្នកដែលចោទប្រកាន់លោកស្រី មិនមានភ័ស្តុតាងពីការប្រព្រឹត្តខុសណាមួយឡើយ។
លោកស្រីបានមានប្រសាសន៍ថា “តើពួកគេមានឯកសារ ឬភ័ស្តុតាងដែលបង្ហាញពីកំហុសរបស់ខ្ញុំទេ?។ ប្រសិនបើពួកគេមានភ័ស្តុតាង ឬឯកសារ សូមបង្ហាញយើងមក”៕សារុន (រាយការណ៍បន្ថែមដោយ Colin Meyn)