លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សមាជិកសភាត្រូវតែអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីទប់ស្កាត់មូលនិធិពីក្រុមភេរវជន ដូចជាក្រុមអាលកៃដា ជាដើម កុំឲ្យហូរចូលក្នុងប្រទេសនេះ។
បន្ទាប់ពីស្ងាត់ស្ងៀមជាច្រើនឆ្នាំស្តីពីច្បាប់នេះ ដែលអង្គការក្រៅរដ្ឋាភិបាលបារម្ភថា រដ្ឋាភិបាលអាចប្រើដើម្បីដាក់ទោសទណ្ឌចំពោះអ្នករិះគន់របស់ខ្លួននោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះនឹងទៅដល់គណៈរដ្ឋមន្ត្រី ដែលជាដំណាក់កាលចុងក្រោយមុនពេលទៅដល់សភាជាតិ ឲ្យបានឆាប់នៅដើមខែក្រោយនេះ។
ថ្លែងនៅក្នុងពិធីមួយនៅអង្គការគ្រួសារថ្មី ក្នុងរាជធានីភ្នំពេញ ដែលលោកបានទៅដើម្បីចែកអំណោយឲ្យក្មេងៗ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ត្រូវតែច្បាស់ថា ប្រាក់ចូលប្រទេសកម្ពុជារបៀបណា ហើយប្រាក់នោះបានមកពីណា”។
ដោយប្រើពាក្យកាត់សម្គាល់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម លោកបានមានប្រសាសន៍ថា “ប្រាក់អាចបានមកពីក្រុមអាល់កៃដា ឬ អាយស៊ីស (ISIS) ដែលអាចឲ្យយើងស្លាប់ និងមិនអាចគ្រប់គ្រងបាន។ យើងបានរំលាយអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវសង្ស័យថា មានការផ្តល់ប្រាក់ពីក្រុមភេរវជន និងមានអ្នកមួយចំនួនផ្សេងទៀតលាងលុយកខ្វក់”។
លោកនាយករដ្ឋមន្ត្រី មិនបាននិយាយឈ្មោះអង្គការ ឬឲ្យដឹងលម្អិតអំពីប្រភពសង្ស័យនៃប្រាក់កខ្វក់នោះទេ។
លោកបានបន្តទៀតថា “ប្រសិនបើនរណាម្នាក់ចំណាយប្រាក់ដើម្បីបង្កើតកម្លាំងយោធា តើយើងអាចថែរក្សាសន្តិសុខជាតិយ៉ាងម៉េចកើត? យើងមិនមែនកំពុងធ្វើច្បាប់រារាំងអង្គការក្រៅរដ្ឋាភិបាលនោះទេ យើងគ្រាន់តែចង់ឲ្យលោកឯងមានតម្លាភាព”។
បន្ទាប់ពីមានការរិះគន់ខ្លាំងខុសពីធម្មតាពីសហគមន៍អន្តរជាតិ ក្នុងនោះមានទាំងអង្គការសហប្រជាជាតិ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ លោក ហ៊ុន សែន កាលពីចុងឆ្នាំ២០១១បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនប្រញាប់ប្រញាល់ក្នុងការអនុម័តច្បាប់នេះទេ ហើយនឹងទុកបញ្ហានេះទៅឆ្នាំ២០១៤។
ច្បាប់នេះនឹងតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលនិងសមាគមចុះបញ្ជីការជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានឋានៈស្របច្បាប់ រៀបចំលក្ខខណ្ឌអប្បបរមាសម្រាប់អ្នកដែលអាចបង្កើតក្រុមបែបនេះ នឹងឲ្យពូកគេរៀបចំរបាយការណ៍ប្រចាំឆ្នាំអំពីសកម្មភាពនិងហិរញ្ញវត្ថុរបស់ខ្លូន។ អង្គការក្រៅរដ្ឋាភិបាលបារម្ភថា ការប្រើពាក្យពេចន៍មិនច្បាស់លាស់ក្នុងសេចក្តីព្រាងដែលពួកគេបានឃើញ នឹងឲ្យរដ្ឋាភិបាលបដិសេធពាក្យសុំពីក្រុមទាំងឡាយណាដែលខ្លួនមិនចូលចិត្ត។
ដោយលើកឡើងនូវការសន្ទនាដែលលោកធ្លាប់បានធ្វើជាមួយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការអធិប្បាយដែលលោកបានធ្វើចំពោះអ្នកកាន់ការមុនរបស់លោក បាន គីមូន កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានប្រាប់អ្នករិះគន់កុំឲ្យតវ៉ាច្រើនពេក និងបានចោទអង្គការក្រៅរដ្ឋាភិបាលថាធ្វើតាមបញ្ជាពីស្ថានទូតមួយចំនួន។ លោកបានមានប្រសាសន៍ថា ជំនួយបរទេសកំពុងជំរុញឲ្យពន្យារច្បាប់ដោយសារតែផលប្រយោជន៍ហិរញ្ញវត្ថុរបស់ខ្លួន។
“ខ្ញុំបាននិយាយទៅកាន់ឯកឧត្តម [លោក បាន] ‘ខ្ញុំបានប្រាប់ កូហ្វី អាណាន់ ថា ខ្ញុំមិនរំពឹងថា នឹងមានរបាយការណ៍ល្អអំពីសិទ្ធិមនុស្សនៅកម្ពុជាទេ បើរបាយការណ៍នោះរាយការណ៍ថា សិទ្ធិមនុស្សនៅកម្ពុជាល្អ អ្នកដែលធ្វើការផ្នែកសិទ្ធិមនុស្ស នឹងមិនមានការងារធ្វើនោះទេ’។ នេះជារឿងពិត”។
លោក ហ៊ុន សែន ក៏បានលើកឡើងនូវករណី ស្ថាបនិកអង្គការក្រៅរដ្ឋាភិបាលអបយស ម៉ម សុម៉ាលី ដោយផ្តល់យោបល់ថា ការអនុម័តច្បាប់អង្គការក្រៅរដ្ឋាភិបាលប្រហែលអាចទប់ស្កាត់បានករណីលោកស្រី។
លោកស្រី ម៉ម បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយដើម្បីសង្គ្រោះ ស្តារនីតិសម្បទាជនរងគ្រោះពីការជួញដូរផ្លូវភេទ ប៉ុន្តែបានលាលែងពីតំណែង បន្ទាប់ពីមានការលេចឡើងថា លោកស្រីបានប្រឌិតផ្នែកសំខាន់ៗនៃប្រវត្តិរបស់លោកស្រីថាជាជនរងគ្រោះ និងបានណែនាំក្មេងស្រីៗឲ្យកុហកប្រវត្តិរបស់ខ្លួន ដើម្បីទាក់ទាញជំនួយ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “លោកស្រីបានធ្វើពុតជាស្រីពេស្យាក្លែងក្លាយ។ លោកស្រីបាននិយាយថា លោកស្រីត្រូវគេចាប់រំលោភតាំងពីនៅក្មេង ហើយថា លោកស្រីជាជនរងគ្រោះម្នាក់ទទួលបានជំនួយបរទេស និងបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជា។ អ្នកដែលខូចឈ្មោះគឺខ្មែរ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ ជាមនុស្សម្នាក់ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលញឹកញាប់បំផុត បានច្រានចោលការលើកហេតុផលរបស់លោក ហ៊ុន សែន ដែលថា ច្បាប់អង្គការក្រៅរដ្ឋាភិបាលនឹងជួយកម្ចាត់ឫសគល់អ្នកផ្តល់ហិរញ្ញវត្ថុភេរវកម្ម។ លោកបានមានប្រសាសន៍ថា ច្បាប់ដែលត្រូវធ្វើដូច្នេះ មានស្រាប់រួចទៅហើយ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា យើងមានច្បាប់ព្រហ្មទណ្ឌច្បាស់លាស់មួយ។ អ្វីដែលគាត់និយាយ គឺគ្រាន់តែធ្វើឲ្យច្បាប់ [NGO] កើតឡើងប៉ុណ្ណោះ”៕ និត