ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ បានប្រកាសសម្រេចដាក់ចេញនូវវិធានការដោះស្រាយជាផ្លូវការ ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ។
សរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនៅថ្ងៃទី២៧ ខែឧសភានេះ លោកហ៊ុន សែន បញ្ជាក់ថាវិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
យ៉ាងនេះក្តី លោកថា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ឬ ធ្វើចត្តាឡីស័ក រយៈចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើពួកគេមានរោគឆ្លងជំងឺកូវីស១៩ឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការរបស់ប្រមុខរដ្ឋាភិបាលចំពោះពលរដ្ឋខ្លួនឯង ដែលកំពុងជាប់នៅក្រៅប្រទេសនេះ ត្រូវបានគេមើលឃើញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់មិនសូវបានយកចិត្តទុកដាក់ ដូចពលរដ្ឋដទៃឬជាតិសាសន៍ដទៃនោះឡើយ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងដំបូង។
ជាក់ស្តែងពលរដ្ឋខ្មែរ និស្សិតខ្មែរជាច្រើនដែលជាប់នៅក្រៅប្រទេស ពិសេសជាប់នៅទីក្រុងវូហាន ប្រទេសចិន ជាទីផ្ទុះជំងឺកូវីដ១៩ដំបូងគេនោះ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានតម្រូវឱ្យពលរដ្ឋខ្មែរទាំងនោះនៅរួមសុខទុក្ខជាមួយចិន ដោយរដ្ឋាភិបាលគ្មានគោលការណ៍ជម្លៀសពួកគេមកស្រុកខ្មែរ ដូចបណ្តាប្រទេសមួយចំនួនបានធ្វើចំពោះជនជាតិគេនោះឡើយ។
ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុញ្ញាតឱ្យនាវាទេសចរណ៍សហរដ្ឋអាមេរិកដឹកអ្នកដំណើរជាង២ពាន់នាក់ចូលចតនៅក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ដោយអះអាងថាជារឿងមនុស្សធម៌ ខណៈប្រទេសនិងដែនកោះចំនួន៦បានបដិសេធមិនឱ្យនាវានេះចូលចតលើដែនដីគេដោយបារម្ភខ្លាចមានអ្នកដំណើរផ្ទុកជំងឺកូវីដ១៩។
លើសពីនេះរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យនាវាទេសចរណ៍វៀតណាម និងជនបរទេសផ្សេងៗ ពិសេសចិនអាចចូលមកកម្ពុជាជាហូរហែរ រហូតដល់បានរកឃើញជនបរទេសចំនួន៧១នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកជំងឺនេះសរុបចំនួន១២២នាក់ ដែលត្រូវបានរកឃើញនៅកម្ពុជា និងបានព្យាបាលឱ្យជាសះស្បើយអស់កាលពីដើមខែនេះ។
ផ្ទុយពីបរទេសទាំងនោះ ពលរដ្ឋខ្មែរចំនួនប្រមាណ១៥០នាក់ ត្រូវបានជាប់គាំងនៅប្រទេសម៉ាឡេស៊ី និងមានអ្នកខ្លះទ្រាំរស់នៅយ៉ាងវេទនារយៈពេលជាង១ខែមកនេះ ក្រោយពេលលោកហ៊ុនសែន សម្រេចកាលពីថ្ងៃទី៧ ខែមេសា ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងនោះ ចូលប្រទេសកម្ពុជាក្នុងអំឡុងពេលនេះឡើយ ព្រោះបារម្ភខ្លាចអ្នកទាំងនោះមានផ្ទុកជំងឺកូវីដ១៩៕