ក្នុងស្ថានភាពជម្លោះព្រំដែននៅតែតានតឹងជាមួយនឹងចិន ឥណ្ឌាបានសម្រេចដាក់ពង្រាយកាំភ្លើងធំ និងទិញយន្តហោះចម្បាំងជាង៣០គ្រឿងថែមទៀត ពីប្រទេសរុស្ស៊ី ដែលជាមហាមិត្តចិន។សារព័ត៌មានឥណ្ឌាឈ្មោះ Indiatoday.in បានចុះផ្សាយថា ប្រទេសឥណ្ឌាបានសម្រេចដាក់ពង្រាយ កាំភ្លើងធំខ្នាតយក្ស ដែលយកមកពីសហរដ្ឋអាមេរិក។
បើតាមប្រភពដដែលនេះ កាំភ្លើងធំនេះ មានឈ្មោះថា M-777 Howitzer ។ប្រភពពីក្រសួងការពារជាតិឥណ្ឌា បានឲ្យបណ្ដាញទូរទស្សន៍ India Today TV ដឹងថា ការដាក់ពង្រាយកាំភ្លើងយក្សដ៏ធំនេះគឺជាការបង្កើន កម្លាំងការពារប្រទេស។ ប៉ុន្តែ Indiatoday.in បានរាយការណ៍ថា កាំភ្លើងធំនេះ បានដាក់ពង្រាយនៅតាមព្រំដែន ជាប់នឹងប្រទេសចិន បន្ទាប់ពីមានការពើបប្រយុទ្ធគ្នា កាលពីពាក់កណ្ដាល ខែមិថុនានេះ ដែលបណ្ដាលអោយកងទ័ពស្លាប់២០នាក់ និងកងទ័ពចិនស្លាប់ជាង៤០នាក់។
តាមប្រភពដដែលនេះឲ្យដឹងថា កាំភ្លើងធំខ្នាតយក្សនេះ អាចបាញ់ដល់គោលដៅ ពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ ដែលជាកាំភ្លើងបាញ់អមកាំភ្លើងត្បាល Artillery ។អ្នកសង្កេតការណ៍ មើលឃើញថា ការដែលឥណ្ឌាសម្រេចដាក់ពង្រាយកាំភ្លើងធំ ខ្នាតយក្ស នៅតាមព្រំដែនជាមួយចិន នៅចំណុចដែលបានប៉ះទង្គិចគ្នានោះ នៅច្រលងភ្នំGalwan កាលពី
ថ្ងៃទី១៥មិថុនា គឺជាការបង្ហាញពីភាពប្រុងប្រៀមនៃវាយប្រហារលើប្រទេសចិន បើស្ថានភាពអាចកើតមានជាថ្មីម្ដងទៀត។ស្របពេលគ្នានេះដែរ សារព័ត៌មាន The times now បានចុះផ្សាយ ថាក្រសួងការពារជាតិ ឥណ្ឌាបានរុញឱ្យមានសំណើរមួយយ៉ាងបន្ទាន់ទៅកាន់រដ្ឋាភិបាលដើម្បី ទិញយន្ដហោះចម្បាំង៣៣គ្រឿងពីប្រទេសរុស្ស៊ី ។ យន្ដហោះចម្បាំងទាំង៣៣គ្រឿងដែលឥណ្ឌាបានស្នើទិញពីរុស្សី នោះរួមមានយន្ដហោះ MiG-29s ២១គ្រឿង និងយន្ដហោះ Su-30MKIsចំនួន១២គ្រឿង។
តាមប្រភពរបស់រដ្ឋាភិបាលឥណ្ឌាឲ្យដឹងថា ក្រសួងការពារជាតិមានយុទ្ធភ័ណ្ឌ បែបនេះយូរមកហើយ ប៉ុន្ដែទើបត្រូវការដំណើរការនៅពេលនេះយ៉ាងបន្ទាន់ ហើយរំពឹងថានឹងយកមកប្រើប្រាស់ដើម្បីការពារដែនអធិបតេយ្យឥណ្ឌា។បើតាមសេចក្ដីថ្លែងរបស់រដ្ឋាភិបាល តម្រូវការរបស់កងទ័ព គឺការជំនួសយន្ដហោះដែលបានខូចនិងបាត់បង់ក្នុងសង្គ្រាម។
ក្នុងរយៈពេលពី១០ ទៅ១៥ឆ្នាំហើយ ដែលឥណ្ឌាបានទិញយន្តហោះ២៧២គ្រឿងប្រភេទ SU-30 ពីរុស្ស៊ី។រុស្ស៊ីមិនដែលយល់ព្រមលក់យន្តហោះឱ្យឥណ្ដាទេ ប៉ុន្ដែម្ដងនេះឥណ្ឌាបែរជាដាក់សំណើចំពេលដែលមានភាពតានតឹងនៅតំបន់ព្រំដែនជាមួយនឹងមហាមិត្តរុស្ស៊ីតែម្ដង គឺចិនដែលនៅពេលមិនទាន់មានភាពធូរស្រាលនៅឡើយ។ ករណីនេះ នាំអោយមានចម្ងល់ថាតើរុស្ស៊ីព្រមលក់អាវុធឱ្យឥណ្ឌា ឬទេ ដែលឥណ្ឌាចង់មានប្រៀបលើចិន។ទាំងឥណ្ឌានឹងចិន គឺជាប្រទេសមានប្រជាជនច្រើនជាងគេបង្អស់នៅលើពិភលោក។
ប្រទេសនេះ មានអាវុធនុយក្លែអ៊ែរដូចគ្នា។ ឥណ្ឌាជាប្រទេស សម្ព័ន្ធភាព ស៊ីចម្រៅជាមួយ សហរដ្ឋអាមេរិក។ឥណ្ឌាជាប្រទេសទប់ស្កាត់បានជោគជ័យ នៃការមនោគមន៍វិជ្ញាកុម្មុយនិស្តចិនម៉ៅសេងទុង។ កងទ័ពនៃ ប្រទេសធំ២នេះធ្លាប់វាយប្រយុទ្ធ គ្នាតាមព្រំដែន ជាញឹកញាប់ ប៉ុន្តែមានជាទ្រង់ទ្រាយធំម្ដងនៅឆ្នាំ ១៩៦២ ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់រាប់ពាន់នាក់។ តែសង្រ្គាមពេលនោះ ចិនលុកលុយច្រើនគីឡូម៉ែត្រ មកខាងក្នុងប្រទេសឥណ្ឌា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់គ្នានិងសម្រួលស្ថានការណ៍តាមព្រំដែនឡើងវិញ។ សង្រ្គាមពេលនោះ បានផ្ទុះឡើងនៅតំបន់ ជួរភ្នំហិម៉ាឡៃពីរវាងថ្ងៃទី២១ តុលាដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦២៕