36 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា ការលើកឡើងពីការបញ្ចប់សង្គ្រាមរបស់លោកហ៊ុន សែន ដដែលៗដើម្បីបន្លំភ្នែកយុវជនជំនាន់ថ្មីប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតាមដានបញ្ហាសង្គមកម្ពុជា មើលឃើញថា ការលើកឡើងពីការបញ្ចប់សង្រ្គាម ឬនិយាយពីសន្តិភាពរបស់ខ្លួនដដែលៗ ពីសំណាក់លោក ហ៊ុន សែន គឺជាការបន្លំភ្នែកយុវជនជំនាន់ថ្មី មិនឱ្យឃើញពីទិដ្ឋភាពជាក់ស្តែងដែលមានបញ្ហាយ៉ាងច្រើនតែប៉ុណ្ណោះ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល សរសេរនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី២៩ខែធ្នូនេះថា លោក ហ៊ុន សែន លើកទ្បើងនូវសមិទ្ធិផលនៃការបញ្ចប់សង្គ្រាមដដែលៗក្នុងគោលបំណងបន្លំភ្នែកយុវជនជំនាន់ថ្មីប៉ុណ្ណោះ។ លោកបន្តថា ការបន្លំភ្នែកយុវជនជំនាន់ថ្មី គឺដើម្បីកុំឱ្យមជ្ឈដ្ឋាននានាយកចិត្តទុកដាក់ មើលភាពជាក់ស្តែងនៃជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរជាង៨លាននាក់ ដែលកំពុងរស់នៅក្បែរបន្ទាត់ភាពក្រីក្រ។

លើសពីនេះ ការបាត់បង់ធនធានធម្មជាតិ ការបាត់បង់ទឹកដីព្រំដែន អំពើពុករលួយជាប្រព័ន្ធ។ ជាពិសេស ការធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសារខ្លួន និងបក្សពួករបស់ខ្លួន ។ លើសនេះទៅទៀត ការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិជាដើម។

លោកទូច វិបុល យល់ឃើញថា មោទនភាពនៃសន្តិភាពរបស់លោកហ៊ុន សែន ពេលនេះ ជាមោទនភាពនៅខ្វះភាព«ថ្លៃថ្នូរ» ។

ការអះអាងនេះ ក្រោយពេលប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន នៅថ្ងៃទី២៩ខែធ្នូនេះ បានប្រកាសពីសមិទ្ធិផលនៃការបញ្ចប់សង្គ្រាមក្រោមស្នាដៃដឹកនាំរបស់លោក និងដោយសារសន្តិភាពនាពេលបច្ចុប្បន្នដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើន។ លោកថា ដោយសារសន្តិភាព ពីយុទ្ធសាស្រ្តឈ្នះៗរបស់លោក បានធ្វើឱ្យតំណក់ប្រេងលើកដំបូងនៅកម្ពុជា ត្រូវបានប្រកាសទទួលបាននៅថ្ងៃនេះផងដែរ។

បុរសដែលតែងនិយាយថាស្អប់សង្រ្គាម ប៉ុន្តែចូលចិត្តប្រកាសថានឹងមានសង្គ្រាមនៅពេលលោកចាញ់ឆ្នោតរូបនេះបន្តថា ការដែលលោកកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះជាថ្ងៃកម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនោះ ព្រោះវាចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។

លោកអះអាងថា  ប្រសិនបើគ្មានបញ្ចប់សង្គ្រាម វាក៏គ្មានឯកភាពជាតិហើយក៏គ្មានព្រឹត្តិការណ៍ដំណក់ប្រេងលើកដំបូង លើទឹកដីដ៏កម្សត់នេះឡើយ។

នេះមិនមែនជាលើកទី១ទេ ដែលប្រមុខរដ្ឋាភិបាលរូបនេះប្រកាសពីសមិទ្ធផលនៃការបញ្ចប់សង្គ្រាមរបស់លោក ពោលគឺលោកតែងនិយាយជារឿយៗ ពិសេសនៅពេលជិតដល់រដូវកាលបោះឆ្នោតចូលមកដល់។

ក្រុមសង្គមស៊ីវិលក្នុងស្រុក និងក្រៅស្រុកមួយចំនួនបធ្លាប់លើកឡើងថា កម្ពុជាមិនមានសង្រ្គាមក៏ពិតមែន ប៉ុន្តែនៅមានបញ្ហាជាច្រើនដែលបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមជាតិ។ បញ្ហាទាំងនោះ ដូចជាចោរកម្ម គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បញ្ហាសីលធម៌ធ្លាក់ចុះខ្លាំង ។ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្រោយស្លាកនៃការអភិវឌ្ឍន៍ ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាព ពិសេសការបំបាត់សំឡេងប្រឆាំងក្នុងសង្គមលទ្ធិប្រជាធិបតេយ្យជាដើម។

កាលពីខែកញ្ញា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថាសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរបន្តធ្លាក់ចុះ។ លើសពីនេះ ដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏កាន់តែដើរថយក្រោយ ព្រោះអំណាចទាំងស្រុងត្រូវបានធ្លាក់ទៅក្នុងដៃរបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខទាំងស្រុងនាពេលបច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស