នៅទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញ បុរសៗកម្ពុជាបាននិយាយថា ខ្លួនមិនភ្ញាក់ផ្អើលចំពោះស្ថិតិថ្មីគួរឲ្យតក់ស្លុត ដែលបង្ហាញថា ក្នុងចំណោមបុរសកម្ពុជាប្រាំនាក់មានម្នាក់ធ្លាប់ចាប់រំលោភយ៉ាងហោចណាស់ម្ដងនៅក្នុងជីវិតរបស់ពួកគេ ដោយបុរសជាច្រើននិយាយថា បញ្ហានេះច្រើនតែកើតមាននៅតាមបណ្ដាខេត្ត។
ការស្ទង់មតិមួយដឹកនាំដោយអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងអំពើហិង្សាលើរាងកាយ និងផ្លូវភេទនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានរកឃើញថា នៅក្នុងប្រទេសកម្ពុជា បុរស២០,៨ភាគរយបានសារភាពថា ធ្លាប់បានចាប់រំលោភ ដោយពាក់កណ្ដាលក្នុងចំណោមនោះធ្លាប់បានចាប់រំលោភលើកដំបូងនៅក្រោមអាយុ២០ឆ្នាំ រីឯការរំលោភបូកកើតមានញឹកញាប់ជាងគេនៅក្នុងប្រទេសកម្ពុជា និងញឹកញាប់ជាងគេបំផុតក្នុងចំណោមប្រទេសភាគច្រើនផ្សេងទៀតក្នុងតំបន់។
នៅពេលស្ដាប់ឮស្ថិតិនេះ លោក ស៊ីនួន សុភ័ណ អាយុ៤២ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី ដែលមានស្រុកកំណើតនៅខេត្តកណ្ដាល បានចង្អុលទៅមិត្តភក្ដិរបស់គាត់គ្រប់គ្នានៅខាងក្រៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញកាលពីម្សិលមិញ ហើយបានរាប់ពីមួយដល់ប្រាំ ពេលនោះពួកគេទាំងអស់ក៏សើច។
គាត់បាននិយាយថា “ខ្ញុំគិតថា ចំនួននេះមិនអាចទៅរួចឡើយនៅក្នុងក្រុង ប៉ុន្តែនៅតាមជនបទវាខុសគ្នាព្រោះពួកគេគ្មានការអប់រំ។ ប្រទេសកម្ពុជា កំពុងអភិវឌ្ឍយ៉ាងសន្សឹមៗនៅតាមបណ្ដាខេត្ត។ នៅស្រុករបស់ខ្ញុំ ពេលប្រុសៗផឹកស៊ី ពួកគេប្រើហិង្សា ហើយក្មេងៗធំដឹងក្ដីឃើញប្រុសៗប្រើអំពើហិង្សាលើប្រពន្ធ និងកូនរបស់ខ្លួន ដូច្នេះពួកគេក៏រៀនតាម”។
កម្ពុជា និងស្រីលង្កា ជាប្រទេសតែពីរគត់នៅក្នុងការស្ទង់មតិនេះ ដែលលទ្ធផលបង្ហាញជាទ្រង់ទ្រាយទូទាំងប្រទេស។ ហើយមានការលើកឡើងថា គ្រឿងស្រវឹងជាមូលហេតុតិចជាងគេបំផុតដែលនាំឲ្យមានការចាប់រំលោភ ពោលគឺមានត្រឹមតែ១៤ភាគរយប៉ុណ្ណោះបើប្រៀបធៀបទៅនឹង២៧ភាគរយ ដែលបានឆ្លើយថា ការសប្បាយ ឬភាពអផ្សុកជាមូលហេតុធ្វើឲ្យពួកគេចាប់រំលោភ។
លោក លី សុខហេង អាយុ៣០ឆ្នាំ ដែលជាគណនេយ្យករនិយាយថា គាត់មិនភ្ញាក់ផ្ដើលទេពេលដឹងថា បុរសកម្ពុជា៦៧ភាគរយគិតថា ស្ត្រីគួរតែស៊ូទ្រាំនឹងអំពើហិង្សា ដើម្បីឲ្យគ្រួសារបាននៅជួបជុំគ្នា ហើយបាននិយាយថា ស្ត្រីរៀបការរួចចំាបាច់ត្រូវទទួលបានការបណ្តុះបណ្តាលជាពិសេសឲ្យយល់ដឹងពីសិទ្ធិរបស់ខ្លួន។
លោកបាននិយាយថា “ ស្ត្រីចំាចាច់ត្រូវដឹងថា បុរសមិនអាចបង្ខំពួកគាត់រួមភេទបានឡើយ ហើយប្រសិនបើប្តីធ្វើបែបនោះ ពួកគាត់អាចលែងលះបាន។ ជាការពិតណាស់នៅតាមតំបន់ជនបទ ប្រសិនបើពួកគាត់ត្រូវបានចាប់បង្ខំឲ្យរៀបការដើម្បីប្រាក់ វានឹងពិបាក ពីព្រោះបុរសជាប្ដីប្រហែលជាខឹង បើប្រពន្ធរបស់ខ្លួនមិនចង់រួមភេទជាមួយខ្លួន”។
យុវជន មីង ចាន់ អាយុ១៧ឆ្នាំជាសិស្សរៀននៅមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE) បាននិយាយថា មានកត្តាជាច្រើនដែលជំរុញឲ្យបុរសកម្ពុជា ចាប់រំលោភ ឬប្រើអំពើហិង្សាលើស្ត្រី ដែលធ្វើឲ្យវាក្លាយជាបញ្ហាមួយពិបាកនឹងយល់ឲ្យស៊ីជម្រៅ។
យុវជនរូបនេះនិយាយទៀតថា “ខ្ញុំជឿថា ស្ថិតិនេះអាចពិត ប៉ុន្តែខ្ញុំគិតថា ភាគច្រើនវាកើតមាននៅតាមតំបន់ក្រីក្រក្នុងប្រទេស នៅក្នុងរាជធានីភ្នំពេញវាខុសគ្នា ដោយសារតែការអប់រំ”។
ពាក់ព័ន្ធនឹងអាយុតិចនៅពេលជនល្មើសធ្វើសកម្មភាពរំលោភជាលើកដំបូង និងនិន្នាការនាំឲ្យមានការចាប់រំលោភបូក យុវជន មីង ចាន់ បាននិយាយថា មានក្មេងទំនើងជាច្រើននៅតាមតំបន់ជនបទដែលបង្កអំពើហិង្សា ប៉ុន្តែបើនិយាយតែពីក្មេងទំនើងនោះវាមិនអាចឆ្លុះបញ្ចាំងពីវប្បធម៌នៃការចាប់រំលោភបានទេ។
យុវជនរូបនេះបានបន្ដទៀតថា “វីដេអូអាសអាភាសក៏ជាបញ្ហាដែរ ក្មេងខ្លះមានវ័យទើបតែ១០ឆ្នាំប៉ុណ្ណោះញៀននឹងវីដេអូអាសអាភាសទៅហើយ ហើយបន្ទាប់ពីពួកគេមើលវីដេអូអាសអាភាសរួច ពួកគេមើលឃើញពិភពលោកខុសប្លែកពីមុន ពោលគឺពួកគេគិតថា សិច សំខាន់ជាងអ្វីៗទាំងអស់”៕
ប្រែសម្រួលដោយ តែម សុខុម