គណបក្សសង្គ្រោះជាតិ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថាជាបក្សដ៏មានសក្ដានុពលមួយក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាចនៅកម្ពុជា។ ប៉ុន្តែគណបក្សប្រឆាំងមួយនេះបានទទួលការកម្ទេចចោលពីសំណាក់លោក ហ៊ុន សែន ផង និងថ្នាក់ដឹកនាំរបស់ខ្លួនខ្លះផង។
លោក ហ៊ុន សែន បានចាប់ប្រធាន និងរំលាយគណបក្សនេះនៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៨។ ថ្នាក់ដឹកនាំខ្លះរបស់គណបក្សនេះបានសម្ងំយករួចខ្លួន បំបែកក្រុមអ្នកគាំទ្រ បានដើរចេញពីបក្ស និងអូសទាញសមាជិកសមាជិកាឲ្យបោះបង់គណបក្សនេះដូចខ្លួនដែរ។
តើការបោះបង់ការប្រយុទ្ធរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខ្លះ គឺដើម្បីគណបក្សសង្គ្រោះជាតិ ឬដើម្បីខ្លួនឯង?
នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោក ហ៊ុន សែន ដែលពិភពលោកចាត់ទុកជាមេដឹកនាំផ្ដាច់ការនៅកម្ពុជានោះ បានធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងគាបសង្កត់គ្រប់បែបយ៉ាងទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែប្រហែលជាមិនទុកចិត្តចំពោះប្រសិទ្ធភាពនៃវិធីគំរាមកំហែងរបស់ខ្លួន លោក ហ៊ុន សែន បានសម្រេចចាប់ខ្លួនប្រធាន និងរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះចោលនៅចុងឆ្នាំ២០១៧ ដោយគ្មានមូលហេតុ និងមូលដ្ឋានច្បាប់អ្វីនោះឡើយ។ ការចាប់ប្រធានគណបក្ស លោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថាជាវិធានការទាល់ច្រករបស់លោក ហ៊ុន សែន ដែលមិនអាចប្រកួតជាមួយគណបក្សប្រឆាំងមួយនេះតាមរយៈការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ បាន។
គេហាក់ដូចជាមិនសូវមានការភ្ញាក់ផ្អើលប៉ុន្មានទេចំពោះហេតុការណ៍នៃការចាប់ខ្លួនប្រធាន និងរំលាយគណបក្សសង្គ្រោះជាតិនោះ ព្រោះគេសង្កេតឃើញលោក ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលគេអាចវិភាគដឹងជាមុន។ ប៉ុន្តែអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតនោះ គឺការបោះបង់ការប្រយុទ្ធរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខ្លះតែម្តង។
លោក អេង ឆៃអ៊ាង ដែលជាអនុប្រធាននៃគណបក្សនេះ ក៏ធ្លាប់សារភាពអំពីកំហុសឆ្គងបែបនោះ ដោយបានថ្លែងប្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ថា “នោះគឺជាកំហុសយុទ្ធសាស្ត្រ”។
គណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំងដ៏ធំ និងតែមួយគត់ដែលមានអាសនៈក្នុងរដ្ឋសភាតាមរយៈការបោះឆ្នោតដោយពលរដ្ឋជិតកន្លះនគរ កាលពីឆ្នាំ២០១៣។ តែនៅពេលដែលលោក កឹម សុខា ប្រធានគណបក្សនេះត្រូវបានលោក ហ៊ុន សែន ចាប់ខ្លួននៅគេហដ្ឋានទាំងកណ្តាលអាធ្រាត្រកាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ លោក យឹម សុវណ្ណ ដែលជាប្រធានគណៈកម្មការប្រតិបត្តិរបស់បក្សសង្គ្រោះជាតិ បានប្រកាសប្រាប់សាធារណជន និងអ្នកគាំទ្រតាមរយៈវិទ្យុក្នុងស្រុកមួយនៅព្រឹកបន្ទាប់នោះថា “គណបក្សនឹងមិនធ្វើអ្វីទាំងអស់” ដោយទុកបញ្ហានេះឱ្យអន្តរជាតិជាអ្នកដោះស្រាយ។
ក្នុងខណៈនោះ មេដឹកនាំសំខាន់ៗមួយចំនួនទៀតដូចជា លោក អេង ឆៃអ៊ាង លោក ញ៉ែម បុញ្ញឫទ្ធិ និងលោក សុន ឆ័យ ជាដើម កំពុងតែមានវត្តមាននៅក្រៅប្រទេស។
រីឯលោក ប៉ុល ហំម ដែលបានក្លាយជាប្រធានស្តីទីនៅពេលនោះ ក៏ពុំបានថ្លែងសារនយោបាយ និងមានចំណាត់ការអ្វីទាំងអស់ ហើយមានតែលោកម្នាក់ឯងគត់បែរជាទៅចូលរួមប្រជុំចុងក្រោយបង្អស់ក្នុងរដ្ឋសភាជាមួយសភាគណបក្សកាន់អំណាចទៅវិញ។ ជាមួយគ្នានេះ លោក សម រង្ស៊ី ដែលជាអតីតប្រធាននៃគណបក្សនេះ បានប្រកាសឲ្យមេដឹកនាំថ្នាក់ជាតិ និងមូលដ្ឋានចាកចេញពីប្រទេសកម្ពុជា។
បើគេពិនិត្យមើលព្រឹត្តិការណ៍ទាំងនេះ តើការសម្រេចចិត្តមិនប្រឆាំងតបតនឹងការចាប់ប្រធានបក្សរបស់ខ្លួននៅពេលនោះ ជាទង្វើដើម្បីគណបក្សសង្គ្រោះជាតិ ឬដើម្បីខ្លួនឯង? គេអាចលើកយកហេតុផលមួយចំនួនមកធ្វើការវិភាគលើសេចក្តីសម្រេចចិត្តរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនោះ។
ហេតុផលទី១ អាចជាការគិតរបស់ពួកគេអំពីសុវត្ថិភាពរបស់អ្នកគាំទ្រ។ ប៉ុន្តែហេតុផលនេះហាក់ដូចជាមិនត្រឹមត្រូវសោះ ព្រោះពួកគេពុំទាន់បានសួរយោបល់ថ្នាក់ដឹកនាំមូលដ្ឋាន ឬអ្នកគាំទ្រផង តែគេប្រកាសថាគណបក្សអត់មានធ្វើអ្វីទេ ឬក៏នៅស្ងៀមតែម្តង។
ម្យ៉ាងទៀត បើពួកគេចាត់ទុកថាចំណុចនេះជាហេតុផលសំខាន់ អ៊ីចឹងពួកគេបានផ្ញើសារប្រាប់លោក ហ៊ុន សែន យ៉ាងច្បាស់ថា លោក ហ៊ុន សែន ចង់ធ្វើអ្វីក៏បានដែរ គឺពួកគេមិនប្រឆាំង ឬតតាំងអ្វីនោះទេ។
ប្រសិនបើចំណុចនេះជាហេតុផលក្នុងការសម្រេចចិត្តមិនប្រឆាំងការចាប់ខ្លួនប្រធានបក្សរបស់ខ្លួន នោះមានន័យថា ពួកគេបានជួយបំពេញបំណងលោក ហ៊ុន សែន ទៅវិញទេ ជាជាងបំពេញបំណងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
ហេតុផលទី២ អាចជាការគិតរបស់ពួកគេអំពីអនាគតគណបក្សសង្គ្រោះជាតិ។ ជាក់ស្តែងពួកគេអាចគិតថា បើពួកគេតតាំង លោក ហ៊ុន សែន អាចរំលាយគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងការនៅស្ងៀមរបស់ពួកគេអាចជាការលះបង់ប្រធានរបស់ខ្លួន ដើម្បីដូរយកការរក្សាទុកភាពគង់វង្សរបស់គណបក្សសង្គ្រោះជាតិ។ តែបើគេគិតបែបនេះមែន នោះវាមិនគ្រាន់តែជាគំនិតអមនុស្សធម៌ចំពោះប្រធានខ្លួនឯងតែប៉ុណ្ណោះទេ តែអាចជាគំនិតរាក់ៗដែលមិនធ្លាប់ស្គាល់ពីចរិតទុច្ចរិតរបស់លោក ហ៊ុន សែន។
ជាងនេះទៅទៀត ក្រោយពីចាប់ប្រធានគណបក្សបានស្រួលៗហើយ លោក ហ៊ុន សែន ក៏ចាប់ផ្តើមដំណើរការរំលាយគណបក្សប្រឆាំងនេះចោលតែម្តង។ ដូច្នេះបើពួកគេយកចំណុចនេះធ្វើជាមូលហេតុនៃភាពស្ងាត់ស្ងៀម នោះវាក៏មានន័យថា ពួកគេធ្វើនយោបាយដោយផ្ញើវាសនាលើការសម្រេចចិត្តរបស់លោក ហ៊ុន សែន។
ហេតុផលទី៣ អាចជាការបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែបើចំណុចនេះពិតជាហេតុផលមែន ដូច្នេះការដែលពួកគេរិះគន់លោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការថាមិនធ្វើអ្វីសោះនោះ ហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ។
ឧបមាថា ក្រុមមេដឹកនាំដែលកំពុងរស់នៅក្រៅប្រទេសបច្ចុប្បន្ននេះក៏មានការបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរនាពេលនោះ ដូច្នេះមានន័យថា ការប្រកាសរបស់ពួកគេអំពីយុទ្ធនាការមាតុភូមិនិវត្តន៍ដើម្បីចាប់លោក ហ៊ុន សែន នោះគឺជារឿងភូតកុហក។ ប៉ុន្តែបើមេដឹកនាំដែលកំពុងរស់នៅក្នុងប្រទេសក្នុងពេលបច្ចុប្បន្ននេះមានការបារម្ភដូច្នេះមែននៅពេលនោះ អ៊ីចឹងវាមានន័យថា ការបន្តនយោបាយរបស់ពួកគេគឺជានយោបាយសុំតែម៉ារស់ ឬនយោបាយដើរតាមគំនូសផ្លូវដែលលោក ហ៊ុន សែន អនុញ្ញាត ឬគូសវាសឱ្យដើរ។
ដូចគ្នានឹងព្រឹត្តិការណ៍ចាប់ប្រធានបក្សដែរ ក្រុមមេដឹកនាំនៃគណបក្សប្រឆាំងទាំងនោះនៅតែបន្តមិនតតាំងដដែលនៅពេលដែលមានការរំលាយគណបក្សរបស់ខ្លួន និងព្រឹត្តិការណ៍បោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៨។
ក្នុងឆ្នាំ២០១៩ លោក អ៊ូ ច័ន្ទរ័ត្ន បានដឹកនាំមន្ត្រីគណបក្សសង្គ្រោះជាតិ មួយចំនួនដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបានអះអាងថា ការធ្វើដូច្នោះគឺដើម្បីជួយលោក កឹម សុខា និងដើម្បីបង្រួបបង្រួមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែក្រោយមក ក្រុមដែលលោក អ៊ូ ច័ន្ទរ័ត្ន ដឹកនាំទៅសុំសិទ្ធិនយោបាយនោះ បានបង្កើតគណបក្សមួយ។
លោក ច័ន្ទរ័ត្ន មិនបានចូលរួមជាមួយក្រុមរបស់គាត់ក្នុងគណបក្សថ្មីនោះទេ តែគាត់បានកៀរគរមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងៗទៀត ដើម្បីសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សថ្មីផ្សេងមួយទៀត។
ក្នុងចំណោមមន្ត្រីទាំងនោះ លោក ប៉ុល ហំម ដែលធ្លាប់ជាអនុប្រធាន និងប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ក៏បានចូលរួមក្នុងបេសកកម្មថ្មីរបស់លោក ច័ន្ទរ័ត្ន ដែរ។ ក្នុងពេលដំណាលគ្នានេះ មន្ត្រីជាន់ខ្ពស់ផ្សេងៗខ្លះទៀតរបស់គណបក្សប្រឆាំងមួយនេះ ក៏បាននិងកំពុងដើរតាមផ្លូវដែលលោក អ៊ូ ច័ន្ទរ័ត្ន កំពុងធ្វើនេះដែរ។
បើពិនិត្យមើលចំណុចខាងលើនេះ គេហាក់ពិបាកជឿលើហេតុផលដែលអះអាងថា ការសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សថ្មីៗនោះ គឺដើម្បីជួយលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិនោះណាស់។
ពួកគេអាចអះអាងថា បើពួកគេគ្មានសិទ្ធិធ្វើនយោបាយ ពួកគេមិនអាចធ្វើអ្វីកើតទេ។ តែបើពួកគេអះអាងដូច្នេះមែន អ៊ីចឹងគេអាចសួរត្រឡប់ទៅវិញថា ចុះពួកគេបានធ្វើអ្វីខ្លះក្រោយពីបានសិទ្ធិនយោបាយត្រឡប់មកវិញ ក្នុងខណៈដែលសកម្មជន និងប្រជាពលរដ្ឋកំពុងរងគ្រោះពីការបង្ក្រាបរបស់របបលោក ហ៊ុន សែន? ម្យ៉ាងទៀត តើនៅខណៈដែលពួកគេកំពុងមានសិទ្ធិធ្វើនយោបាយ និងមានតួនាទីនៅមុនពេលរំលាយគណបក្សសង្គ្រោះជាតិ ហេតុអ្វីក៏ពួកគេមិនដឹកនាំការប្រឆាំងនឹងទង្វើរបស់លោក ហ៊ុន សែន ដែលចាប់ប្រធានរបស់ខ្លួន គឺលោក កឹម សុខា?
ហេតុផលមួយទៀតដែលពួកគេអះអាងថា ការបង្កើតគណបក្សថ្មី គឺដើម្បីបង្រួបបង្រួមសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែហេតុផលនេះហាក់គ្មានភាពសមហេតុផលអ្វីបន្តិចសោះ ពីព្រោះពួកគេកំពុងតែបង្កើតបក្ស និងក្រុមរៀងៗខ្លួន។ បើពួកគេមិនអាចបង្រួបបង្រួមគ្នាគេក្នុងចំណោមថ្នាក់ដឹកនាំបានផង ហើយខំបង្កើតបក្ស ឬក្រុមផ្សេងៗនោះ តើពួកគេមានលទ្ធភាពទៅបង្រួបបង្រួមអ្នកគាំទ្រយ៉ាងម៉េចនឹងកើតទៅ? តើអ្វីទៅជាបេសកកម្ម ឬយុទ្ធសាស្ត្រពិតប្រាកដរបស់ពួកគេ?
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ នាចុងឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់បានអំពាវនាវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិនានាបង្កើតគណបក្សផ្សេងដើម្បីចូលរួមការបោះឆ្នោតជាមួយគណបក្សរបស់គាត់។ ដូច្នេះ តើអ្វីដែលក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងតែធ្វើ ដូចជាការបង្កើតបក្សថ្មីៗនេះ គឺការបំពេញបំណងលោក ហ៊ុន សែន ទេ?
ម្យ៉ាងទៀត ក្នុងខណៈដែលសហគមន៍អន្តរជាតិកំពុងផ្ដោតលើការជំរុញឱ្យលោក ហ៊ុន សែន ដោះស្រាយបញ្ហារបស់គណបក្សសង្គ្រោះជាតិ ដូចជាការដោះលែងប្រធានគណបក្សនេះ គឺលោក កឹម សុខា ជាដើម មន្ត្រីអតីតគណបក្សសង្គ្រោះជាតិខ្លះនោះបែរជាកំពុងបោះបង់គណបក្ស និងប្រធានរបស់ខ្លួនចោល ហើយថែមទាំងធ្វើសកម្មភាពអូសទាញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឱ្យបោះបង់ចោលគណបក្សនេះ ដើម្បីមកចូលរួមគណបក្សថ្មីៗដែលពួកគេកំពុងតែបង្កើតនោះ។
លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់ប្រាប់វិទ្យុបារាំង RFI ថា គោលដៅរបស់គណបក្សលោក គឺអូសទាញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ចំណែកលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្លាប់ថ្លែងនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ថា បើលោក អ៊ូ ច័ន្ទរ័ត្ន មានគោលដៅដូច្នោះមែន អ៊ីចឹងគោលដៅរបស់គាត់គឺប្រកួតនឹងគណបក្សសង្គ្រោះជាតិ មិនមែនប្រកួតជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលកំពុងកាន់អំណាចនោះឡើយ។
តើនេះជាទង្វើដើម្បីជួយគណបក្សសង្គ្រោះជាតិ ឬដើម្បីជួយលោក ហ៊ុន សែន?
ផ្ទុយទៅវិញ នៅពេលដែលមន្ត្រីអតីតគណបក្សសង្គ្រោះជាតិខ្លះនោះកំពុងបោះបង់ប្រធាន និងគណបក្សរបស់ខ្លួន សហគមន៍អន្តរជាតិកំពុងផ្តល់តម្លៃលើគណបក្សនេះទៅវិញ។ ឧទាហរណ៍ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកដែលមានពេលតែកន្លះថ្ងៃក្នុងការធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជានោះ ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយលោក កឹម សុខា និងបានហៅលោក កឹម សុខា ថាជាប្រធានគណបក្សសង្គ្រោះជាតិ ដោយមិនបានប្រើពាក្យអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។
បើផ្អែកលើហេតុផលដូចបានវិភាគខាងលើ គេអាចធ្វើការសំយោគនូវសេចក្តីសន្និដ្ឋានមួយចំនួន។ ទី១ ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមិនចាត់វិធានការ ឬប្រមូលផ្តុំអ្នកគាំទ្រ ប្រឆាំងនឹងការចាប់ខ្លួនប្រធាន និងការរំលាយបក្សរបស់ខ្លួន នោះអាចគិតថាការនៅស្ងៀមនោះ គឺដើម្បីសុវត្ថិភាពខ្លួនឯង និងសុវត្ថិភាពអ្នកគាំទ្រ តែពួកគេមិនបានគិតថាលទ្ធផលនៃការនៅស្ងៀមនោះ គឺជាការបំពេញបំណងរបស់លោក ហ៊ុន សែន ឡើយ។
ទី២ ពួកគេអាចគិតថា ពួកគេបោះបង់ចោលប្រធាន និងគណបក្សរបស់ខ្លួនដោយទៅបង្កើតបក្សថ្មីនោះ គឺជាផ្លូវថ្មីសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែពួកគេភ្លេចគិតថា នោះគឺជាផ្លូវដែលលោក ហ៊ុន សែន ចង់បានបំផុត។ បើទោះបីផ្លូវនេះដើម្បីបំណង ឬផលប្រយោជន៍ផ្ទាល់ខ្លួនក្តី តែលទ្ធផលចុងក្រោយ គឺបំពេញបំណងលោក ហ៊ុន សែន។
ដូច្នេះគេអាចវាយតម្លៃបានថា ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខ្លះដែលមិនបានតតាំងនឹងការចាប់ខ្លួនប្រធាន និងការរំលាយបក្សរបស់ខ្លួន ការប្រកាសអ្នកគាំទ្រចាកចេញពីប្រទេស និងការចាកចេញទៅបង្កើតគណបក្សថ្មីៗនោះ គឺជាការបោះបង់ការប្រយុទ្ធ។
បើទោះបីពួកគេអាចគិតថា ការបោះបង់ការប្រយុទ្ធបែបនេះ គឺដើម្បីគណបក្សសង្គ្រោះជាតិ ឬដើម្បីខ្លួនគេក្តី តែលទ្ធផលជាក់ស្តែង ទង្វើរបស់ពួកគេគឺដើម្បីបំពេញបំណងរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ៕