លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៥ សីហា ប្រកាសអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង Covid-19 ដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ដោយចាប់ផ្តើមអនុវត្តពីខែសីហា ឆ្នាំ២០២១ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។
រដ្ឋាភិបាលចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំង Covid-19 ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារអាយុជីវិតពលរដ្ឋសំខាន់ជាងគេទី១ ដើម្បីរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។
លោក ហ៊ុន សែន អះអាងថា ការចាក់វ៉ាក់សាំងបានឆាប់រហ័ស និងទាន់ពេលវេលា បានជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែរជាច្រើនតាមរយៈការកាត់បន្ថយករណីឆ្លង និងអាចបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺ Covid-19 ព្រមទាំងធ្វើឲ្យសភាពការណ៍នៃការឆ្លងជំងឺនេះឲ្យស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបានផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង Covid-19 ដូសជំរុញនេះតាមគោលការណ៍មួយចំនួន ដូចជាគោលការណ៍ស្ម័គ្រចិត្ត គោលការណ៍ឥតគិតថ្លៃ ការធ្វើអាទិភាវូបនីយកម្ម (គឺការធ្វើឡើងឲ្យបានមុន) នៃការចាក់វ៉ាក់សាំងតាមក្រុមមនុស្ស និងតាមភូមិសាស្ត្រ និងគោលការណ៍មួយចំនួនទៀត។
ការប្រកាសអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង Covid-19 ដូសជំរុញនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងរលកទី៣ នៃមេរោគ Covid-19 បំប្លែងថ្មីប្រភេទ DELTA ជាប្រភេទវីរុសឆ្លងលឿនមានកម្រិតធ្ងន់ធ្ងរជាងមុន ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំងបានថែមទៀត។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានចំនួនជាង ១៣០០នាក់ហើយដែលបានកើតលើជនបរទេស កម្មកររោងចក្រ និងបុគ្គលិកធនាគារ ជាដើម។ ក្រសួងឲ្យដឹងថា នៅពេលនេះមានតែខេត្តពីរប៉ុណ្ណោះដែលជំងឺបំប្លែងថ្មីនេះនៅមិនទាន់រកឃើញនៅឡើយ គឺខេត្តកែប និងខេត្តក្រចេះ។
ទាក់ទិននឹងការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលបានអះអាងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនប្រជាពលរដ្ឋដូសទី១ បានចំនួនជាង ៩លាន ៩សែននាក់ហើយ រីឯដូសទី២ មានចំនួនជាង ៨លាន ៥ពាន់នាក់ ដោយឡែកអ្នកចាក់ដូសទី៣ មានចំនួនជាង ៥សែន ២ម៉ឺននាក់ ខណៈកុមារចាក់បាន ៥៩,០១ភាគរយផងដែរ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៤២៨នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៥៧២នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៤នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៩ម៉ឺននាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ៦ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៨០០នាក់គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ៕