លោក ហ៊ុន សែន តែងតែបញ្ជូនគណប្រតិភូ និងជួលក្រុមបញ្ចុះបញ្ចូល (Lobby) ដោយចំណាយលុយជាតិជាច្រើនដើម្បីធ្វើការបញ្ចុះបញ្ចូលរដ្ឋាភិបាលប្រទេសសេរី ជាពិសេសប្រទេសអាមេរិក និងសហគមន៍អឺរ៉ុប។
ការបញ្ចុះបញ្ចូលនោះ គឺដើម្បីទទួលបានទីផ្សារនាំទំនិញចូលពីប្រទេសកម្ពុជាដោយរួចព័ន្ធ និងការគាំទ្រផ្សេងៗទៀតពីបណ្តាប្រទេសទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមវាយប្រហារប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក ដោយលើកតម្កើងចិន។
ដូច្នេះ តើអ្វីទៅជាចេតនាពិតប្រាកដរបស់លោក ហ៊ុន សែន?
លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ និងក្រាញអំណាចយូរជាងគេមួយរូបក្នុងលោក។ លើសពីនេះទៅទៀត លោកធ្លាប់ជាមេបញ្ជាការយោធារបស់ខ្មែរក្រហមមួយរូប និងធ្លាប់ជាមេដឹកនាំក្នុងរដ្ឋាភិបាលកុម្មុយនីស្តនៃរបបរដ្ឋកម្ពុជា ក្រោមការគ្រប់គ្រងរបស់វៀតណាមក្នុងទសវត្សឆ្នាំ១៩៨០។
ដោយផ្អែកលើប្រវត្តិបែបនេះ គេងាយយល់ណាស់ថា លោក ហ៊ុន សែន គឺជាជនកុម្មុយនីស្តនិយមដ៏ឆ្អិនឆ្អៅមួយរូប។ ដូច្នេះ ការងាកចេញពីប្រទេសសេរីមកចាប់យកចិនកុម្មុយនីស្តជាដៃគូរបស់លោក ហាក់ដូចជារឿងធម្មតាប៉ុណ្ណោះ។
ប៉ុន្តែ អ្វីដែលគួរពិចារណានោះ តើលោក ហ៊ុន សែន ពិតជាត្រូវការចិន ជាងប្រទេសលោកសេរីមែន ឬយ៉ាងណា?
បណ្ដាញសារព័ត៌មាន និងមន្ត្រីនៃរដ្ឋាភិបាលរបស់លោកតែងឃោសនាលើកតម្កើងចិន និងបន្តុះបង្អាប់ប្រទេសលោកសេរី ជាពិសេសគឺអាមេរិក។ គេអាចលើកយកករណីសិក្សាជាច្រើនមកធ្វើការវិភាគដើម្បីឆ្លុះបញ្ចាំងអំពីចេតនានយោបាយរបស់មេដឹកនាំផ្ដាច់ការរូបនេះ។
លោក ហ៊ុន សែន ខំឃោសនាឲ្យពលរដ្ឋខ្មែរជឿ និងគាំទ្រចិន ដោយរួមទាំងគម្រោងអភិវឌ្ឍន៍នានា ផលិតផលប្រើប្រាស់ និងថ្នាំសង្កូវ ដូចជាវ៉ាក់សាំង និងថ្នាំបុរាណចិន ដើម្បីការពារ និងព្យាបាលមេរោគកូវីដ ជាដើម។
ប៉ុន្តែ បើគេក្រឡេកមើលការជ្រើសរើសរបស់លោក ហ៊ុន សែន វិញ លោកតែងតែគេចមុខចេញពីចិន។ ឧទាហរណ៍ លោក ហ៊ុន សែន ជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសលោកសេរីសម្រាប់ចាក់ខ្លួនលោក ការប្រើប្រាស់រថយន្តពីប្រទេសសេរី ការជ្រើសរើសប្រទេសសេរីសម្រាប់ជាកន្លែងនៃការសិក្សា ការធ្វើវិនិយោគទុន និងការរស់នៅរបស់សមាជិកក្រុមគ្រួសារ និងសាច់ញាតិត្រកូល ហ៊ុន ជាដើម។ ទាំងនេះជាភស្តុតាងជាក់ស្តែងមួយចំនួនដែលអាចបញ្ជាក់អំពីចេតនារបស់មេដឹកនាំផ្ដាច់ការរូបនេះ ដែលតែងតែមិនខ្វល់អំពីតម្រូវការពិតប្រាកដរបស់ពលរដ្ឋ និងរមែងព្យាយាមបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋឲ្យទទួលយកអ្វីដែលមិនពិត។
ជាក់ស្តែង ក្នុងខណៈដែលពលរដ្ឋកំពុងត្រូវការអាហារ និងប្រាក់ចំណូលដើម្បីសងបំណុលគេ លោក ហ៊ុន សែន បែរជាឱ្យពលរដ្ឋគិតតែពីរឿងអរគុណសន្តិភាពរបស់លោកជារឿងសំខាន់។
ក្នុងគោលបំណងលើកតម្កើងរបបកុម្មុយនីស្តចិន លោក ហ៊ុន សែន តែងសរសើរចិន និងវាយប្រហារប្រទេសសេរី ជាពិសេសគឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនតែម្តង។ ក្នុងយុទ្ធនាការវាយប្រហារអាមេរិកនេះ រដ្ឋាភិបាលក្រុងភ្នំពេញបានផ្តល់ព័ត៌មានដោយលម្អៀងដល់ពលរដ្ឋ និងបានបិទបាំងចំណុចអាក្រក់របស់ចិន និងប្រទេសកុម្មុយនីស្តដទៃទៀត ដែលពាក់ព័ន្ធនឹងបញ្ហារបស់កម្ពុជា។
ថ្មីៗនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានលើកយកករណីអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដួលរលំនៃរបប លន់ ណុល មកធ្វើជាមូលដ្ឋាននៃការវាយប្រហារសហរដ្ឋអាមេរិក។ បុរសខ្លាំង និងមន្ត្រីរបស់លោក បានឃោសនាកុំឱ្យខ្មែរជឿលើសហរដ្ឋអាមេរិក ដោយថាអាមេរិកតែងតែបោះបង់ដៃគូចោល ដូចជាការបោះបង់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលនេះ និងរដ្ឋាភិបាល លន់ ណុល ក្នុងទសវត្សឆ្នាំ១៩៧០ ជាដើម។
ប៉ុន្តែលោក ហ៊ុន សែន មិនបាននិយាយអំពីប្រទេសសូវៀត ដែលបោះបង់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងសម័យអាណានិគមវៀតណាម នាចុងទសវត្សឆ្នាំ១៩៨០ និងបោះបង់រដ្ឋាភិបាលអាហ្វហ្គានីស្ថានមួយក្នុងឆ្នាំ១៩៨៩ នោះទេ។
ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏មិនដែលនិយាយអំពីប្រទេសចិន ដែលបោះបង់ក្រុមខ្មែរក្រហមចោលនាចុងទសវត្សឆ្នាំ១៩៩០ និងបោះបង់រដ្ឋាភិបាលលោក ហ្គាដាហ្វី នៃប្រទេសលីប៊ី ក្នុងឆ្នាំ២០១១ នោះដែរ។ ដោយសារតែការបោះបង់ចោលភ្លាមៗដោយប្រទេសចិន នេះហើយ ដែលនាំឲ្យ ប៉ុល ពត និង ហ្គាដាហ្វី ស្លាប់ស្ទើរតែគ្មានដីកប់។
ស្រដៀងគ្នានេះដែរ លោក ហ៊ុន សែន និងមន្ត្រីរបស់លោក តែងតែឃោសនាអំពីបញ្ហាវិនាសកម្ម និងការបាត់បង់ជីវិតរបស់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលលោក លន់ ណុល ក្រោមការគាំទ្រពីអាមេរិក។
តែលោក ហ៊ុន សែន មិនដែលនិយាយអំពីមូលហេតុនៃការទម្លាក់គ្រាប់បែកនោះទេ ហើយក៏មិនដែលនិយាយអំពីការគាំទ្ររបស់ប្រទេសចិន ចំពោះរបបខ្មែរក្រហមដែលសម្លាប់ពលរដ្ឋខ្មែរប្រមាណពីរលាននាក់យ៉ាងរង្គាលនាចុងទសវត្សឆ្នាំ១៩៧០ និងការបង្កសោកនាដកម្មផ្សេងៗទៀតឡើយ។
ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រនេះ រដ្ឋាភិបាលលោក លន់ ណុល បានធ្វើសង្គ្រាមនៅពេលនោះ គឺដើម្បីទប់ស្កាត់ការចូលលុកលុយក្នុងប្រទេសកម្ពុជាពីកងទ័ពកុម្មុយនីស្តវៀតណាមខាងជើង និងដើម្បីទប់ស្កាត់របបកុម្មុយនីស្តឃោរឃៅខ្មែរក្រហម ដែលមានការចូលរួមពីលោក ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរនាពេលនោះ។
ក្រៅតែពីការបំភាន់ពលរដ្ឋខ្មែរ រដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃក៏តែងតែលើករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកតាំងពីសម័យរដ្ឋាភិបាលលោក លន់ ណុល មកឃោសនាផងដែរ។ លោក ហ៊ុន សែន តែងទាមទារឱ្យអាមេរិកលុបបំណុលនោះចោល ដោយសំអាងថានោះជាបំណុលឈាម ព្រោះរដ្ឋាភិបាល លន់ ណុល ខ្ចីលុយពេលនោះគឺដើម្បីទិញអាវុធ និងគ្រាប់រំសេវមកធ្វើសង្គ្រាម។
ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន កម្រនិយាយអំពីបំណុលដែលរដ្ឋាភិបាលរបស់លោកក្នុងសម័យរដ្ឋកម្ពុជា បានខ្ចីពីប្រទេសរុស្ស៊ី យកមកធ្វើសង្គ្រាមជាមួយខ្មែរគ្នាឯងក្នុងទសវត្សឆ្នាំ១៩៨០ នោះណាស់ ហើយក៏មិនដែលចាត់ទុកបំណុលនោះថាជាបំណុលឈាមឡើយ។
បើយោងតាមប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន គឺ Fresh News បានចុះផ្សាយនាពាក់កណ្តាលឆ្នាំ២០២១ នេះថា បំណុលដែលកម្ពុជាជំពាក់អាមេរិកតាំងសម័យរដ្ឋាភិបាលលោក លន់ ណុល មកនោះបានកើនដល់ចំនួន ៧០០លានដុល្លារអាមេរិកហើយ។
ដូចគ្នានេះដែរ សារព័ត៌មាន RBTH របស់ប្រទេសរុស្ស៊ី បានចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៧ ថា បំណុលដែលកម្ពុជាជំពាក់ប្រទេសរុស្ស៊ី តាំងសម័យសង្គ្រាមស៊ីវិលក្នុងទសវត្សឆ្នាំ១៩៨០ នោះ មានចំនួន ១៥០០លានដុល្លារអាមេរិក។ ដូច្នេះបំណុលដែលក្រុមរបស់លោក ហ៊ុន សែន ជំពាក់ប្រទេសរុស្ស៊ី គឺមានទំហំធំជាងបំណុលរបស់លោក លន់ ណុល ដែលជំពាក់អាមេរិកដល់ទៅជាងពីរដងឯណោះ ហើយបំណុលទាំងពីរនេះសុទ្ធតែត្រូវបានខ្ចីដោយប្រទេសកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិលដូចគ្នា។
ផ្អែកលើអ្វីដែលបានលើកឡើងទាំងនេះ គេអាចមើលឃើញច្បាស់អំពីចេតនាមិនល្អរបស់លោក ហ៊ុន សែន ចំពោះប្រទេសលោកសេរីតែម្តង។ ដូច្នេះមានន័យថា លោក ហ៊ុន សែន កំពុងតែជំរុញឲ្យពលរដ្ឋស្អប់ប្រទេសលោកសេរី ឬរបបប្រជាធិបតេយ្យសេរី ដោយទទួលយកប្រទេសកុម្មុយនីស្ត ដូចជាចិន ជាដើម ឬរបបកុម្មុយនីស្តផ្ដាច់ការដូចអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើ និងព្យាយាមបន្ត។
តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែចោទជាសំណួរថា តើលោក ហ៊ុន សែន ពិតជាត្រូវការប្រទេសកុម្មុយនីស្តជាងប្រទេសលោកសេរីមែនដែរឬទេ?
បើគេពិនិត្យមើលតួលេខពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ គេសង្កេតឃើញសហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់ គឺជាទីផ្សារធំបំផុតសម្រាប់ការនាំទំនិញចេញរបស់កម្ពុជា។ ផ្ទុយទៅវិញ កម្ពុជាទទួលការនាំទំនិញចូលច្រើនជាងគេពីប្រទេសចំនួនបីផ្សេងទៅវិញ គឺប្រទេសចិន ថៃ និងវៀតណាម។ ប៉ុន្តែដើម្បីងាយយល់ គេអាចធ្វើការប្រៀបធៀបជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលរបស់ប្រទេសកម្ពុជារវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) រដ្ឋាភិបាលអាមេរិក និងប្រភពមួយចំនួនទៀតសម្រាប់តួលេខក្នុងឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាបាននាំទំនិញទៅលក់នៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ប្រមាណ ៥៤០០លានដុល្លារអាមេរិក និងនាំចូលទំនិញពីប្រទេសនេះវិញប្រមាណ ៦០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ផ្ទុយទៅវិញ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំទំនិញទៅលក់នៅប្រទេសចិន ដែលជាមិត្តដែកថែបរបស់លោក ហ៊ុន សែន មានទំហំទឹកប្រាក់ប្រមាណ ១០១២លានដុល្លារអាមេរិក ហើយនាំចូលទំនិញពីចិន មកលក់ក្នុងប្រទេសកម្ពុជាវិញមានចំនួនប្រមាណ ៧៥៨៦លានដុល្លារអាមេរិក។
ដូច្នេះដើម្បីងាយស្រួលស្តាប់ គេអាចនិយាយម្យ៉ាងទៀតថា កម្ពុជាចំណេញប្រមាណ ៤៨០០លានដុល្លារអាមេរិកពីការធ្វើពាណិជ្ជកម្មជាមួយអាមេរិក និងខាត ៦៥៧៤លានដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន។ ដោយសារតែក្រុមហ៊ុនភាគច្រើនក្នុងប្រទេសកម្ពុជាសុទ្ធតែគ្រប់គ្រងដោយ ឬមានភាគហ៊ុនរបស់គ្រួសារត្រកូល ហ៊ុន ដូច្នេះទីផ្សារនៃប្រទេសសេរី គឺពិតជាមានផលប្រយោជន៍សម្រាប់ក្រុមគ្រួសាររបស់លោក។
ប៉ុន្តែបើគេពិនិត្យមើលលើការចំណាយសាធារណៈរបស់រដ្ឋាភិបាលវិញ មួយភាគធំនៃថវិកាជាតិប្រចាំឆ្នាំរបស់លោក ហ៊ុន សែន គឺពឹងផ្អែកលើបរទេស ជាពិសេសលុយកម្ចីបរទេស។ សារព័ត៌មាន Asia Times បានផ្សាយក្នុងខែកក្កដា ឆ្នាំ២០២១ នេះថា បំណុលដែលកម្ពុជាជំពាក់បរទេសមានចំនួន ៩៦០០លានដុល្លារអាមេរិក ហើយក្នុងនោះចិន ជាម្ចាស់បំណុលទ្វេភាគីធំជាងគេដែលមានចំនួនទឹកប្រាក់ប្រមាណ ៣៩០០លានដុល្លារអាមេរិក។
យោងតាមការផ្សាយរបស់សារព័ត៌មាន Phnom Post ក្នុងខែកញ្ញា នេះ កម្ពុជាបានសងបំណុលរហូតដល់ចំនួនជាង ២ពាន់លានដុល្លារទៅដល់ប្រទេសចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលបានទទួលចំណែកធំជាងគេ។ បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី អត្រាការប្រាក់នៃបំណុលរបស់កម្ពុជាជាមធ្យម គឺ ១,៣ដុល្លារអាមេរិក។
ដោយផ្អែកលើតួលេខបំណុលនេះ គេអាចយល់ថា ប្រទេសចិនមានឥទ្ធិពលខ្លាំងមកលើនយោបាយនៃប្រទេសកម្ពុជា ព្រោះជាប្រទេសម្ចាស់បំណុលធំជាងគេ។ តែបើគេនិយាយអំពីផលប្រយោជន៍សេដ្ឋកិច្ចវិញ ចិនក៏ជាប្រទេសដែលទទួលបានផលយោជន៍ពីកម្ពុជាច្រើនជាងគេដែរតាមរយៈអត្រាការប្រាក់នៃបំណុល និងការនាំទំនិញចិនចូលក្នុងទីផ្សារខ្មែរ។
ប៉ុន្តែគេអាចឆ្ងល់បានថា ហេតុអ្វីបានជាលោក ហ៊ុន សែន ខ្ចីលុយពីប្រទេសចិន ច្រើនជាងប្រទេសលោកសេរី?
តាមពិត លោក ហ៊ុន សែន ធ្លាប់បានផ្តល់ចម្លើយចំពោះសំណួរបែបនេះរួចមកហើយ។ ជាការឆ្លើយតបទៅនឹងការលើកឡើងថា បំណុលចិន គឺជាអន្ទាក់នោះ លោក ហ៊ុន សែន បានអះអាងថា ជំនួយចិនមានភាពងាយស្រួលជាងជំនួយផ្សេងដែលភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សស្មុគស្មាញ។
លោក ហ៊ុន សែន និយាយបែបនេះ គឺសំដៅដល់ជំនួយមកពីបណ្តាប្រទេសលោកសេរី។ ជាការពិត លុយកម្ចីពីចិន គឺងាយស្រួលមែនសម្រាប់លោក ហ៊ុន សែន ប្រព្រឹត្តអំពើពុករលួយ និងអនុវត្តអំណាចផ្ដាច់ការជិះជាន់ពលរដ្ឋខ្មែរស្រេចតែទំនើងចិត្ត។ ផ្ទុយទៅវិញ លុយរបស់ប្រទេសលោកសេរី គឺសំដៅពង្រឹងអំណាចពលរដ្ឋតាមរយៈការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
សារព័ត៌មាន NIKKEI Asia បានផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ថា កម្ពុជាបានទទួលជំនួយពីសហគមន៍អន្តរជាតិចំនួនជាង ២០ពាន់លានដុល្លារ ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មក ដើម្បីកសាងសង្គមប្រជាធិបតេយ្យមួយបន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិល។
ដោយផ្អែកលើតួលេខនេះ ជំនួយសម្រាប់អត្ថប្រយោជន៍ប្រជាធិបតេយ្យនេះ គឺមានទំហំធំជាងបំណុលរបស់កម្ពុជាបច្ចុប្បន្នដល់ទៅជាងពីរដង។ ប៉ុន្តែលទ្ធផលនៃដំណើរការកសាងប្រជាធិបតេយ្យដើម្បីកម្ពុជាក្លាយជាសង្គមស៊ីវិល័យទំនើបដូចបណ្តាប្រទេសសេរីដទៃទៀតនោះ ត្រូវបានបំផ្លាញដោយលោក ហ៊ុន សែន ជាពិសេសគឺការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ នាចុងឆ្នាំ២០១៧។
ដូច្នេះ គេអាចអាចធ្វើការសន្និដ្ឋានជារួមមួយថា លោក ហ៊ុន សែន ជ្រើសរើសយកប្រទេសសេរីសម្រាប់ជីវិតស៊ីវិល័យរបស់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោក ប៉ុន្តែជ្រើសរើសយកប្រទេសចិនសម្រាប់ឲ្យពលរដ្ឋខ្មែររស់នៅក្រោមរបបផ្ដាច់ការ និងក្នុងភាពក្រីក្រ៕