អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងនៅថ្ងៃទី២៩ ខែតុលា ថា ស្ថានភាពទឹកជំនន់នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈទឹកស្ទឹងព្រែកត្នោត បានស្រកចុះវិញបណ្ដើរៗហើយ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ និងជាអភិបាលរងសាលារាជធានីភ្នំពេញ បានសរសេរលើបណ្ដាញសង្គមរបស់លោកថា តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ ធ្វើឱ្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងទាំងស្រុង។
លោកបន្ថែមទៀតថា ទឹកជំនន់នៅពេលនេះនឹងមិនមានវិសាលភាពលិចលង់ទ្រព្យសម្បត្តិ និងពលរដ្ឋទៀតឡើយ ប៉ុន្តែផ្ទុយមកវិញ ទីតាំងដែលបានលិចក៏កំពុងស្រកទឹកជាបណ្តើរៗ និងឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលដ៏ឆាប់ខាងមុខនេះ។
ក្រសួងធនធានទឹក បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមមន្ត្រីបច្ចេកទេសក្រសួង បានត្រួតពិនិត្យនៅចំណុចទំនប់បាក់លើដីសណ្ដស្ទឹងព្រែកត្នោត នៅតំបន់ភូមិកន្ទុយទឹក នៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងបេសកកម្មនេះ គឺក្រុមការងារបានជីកកាយទប់ដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដល់ពលរដ្ឋបន្ថែមទៀត ដូចជាការរៀបចំបាវខ្សាច់ពីភាគខាងលើសំណង់ទំនប់-ផ្លូវទឹកចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង ជាដើម។
ប្រភពដដែលបានឲ្យដឹងថា ផែនការដំណាក់កាលទី១ អនុវត្តបានជោគជ័យ គឺបន្ថយចរន្តទឹកខ្លាំងមិនមានសកម្មភាពបង្កការហូរបុកបាក់បន្ថែមទៀតនោះទេ។
ស្ថានភាពទឹកជំនន់ដែលបង្កដោយទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត ដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះ គឺបានធ្វើឲ្យទីតាំងមួយចំនួននៃភូមិសាស្ត្ររាជធានីភ្នំពេញជន់លិច មានដូចជាសង្កាត់គង់នយ សង្កាត់សាក់សំពៅ នៃខណ្ឌដង្កោ និងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង នៃខណ្ឌកំបូល ជាដើម។
ជំនន់នេះក៏បណ្តាលឱ្យវត្តអារាមជិត ១០វត្តហើយត្រូវបានលិចទាំងស្រុង រួមមានវត្តសាក់សំពៅ វត្តចំការខ្សាច់ វត្តព្រែកជ្រៃ វត្តហារាម វត្តទឹកថ្លា និងវត្តកំពុងក្តុល ជាដើម៕