ក្រុមអ្នកឃ្លាំមើលសង្គមប្រតិកម្មថា នៅពេលដែលអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថាការជួលក្រុមហ៊ុនឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ គឺជារឿងល្អ នោះមានន័យថា លុយគឺអាចធ្វើឱ្យអាក្រក់ទៅជាល្អ ដោយប្រាសចាកភាពត្រឹមត្រូវយ៉ាងពិតប្រាកដ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះថា នៅពេលដែលពួកគេផ្តល់តម្លៃទៅលើលុយ ជាជាងភាពត្រឹមត្រូវទៅហើយនោះ ពួកគេនឹងប្រើលុយធ្វើរឿងខ្មៅឲ្យទៅជាស កែប្រែរឿងអាក្រក់ទៅជាល្អ ធ្វើខុសឱ្យទៅជាត្រូវ ថោកទាបទៅជាថ្លៃថ្នូរ ជាដើម។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា តាមការសង្កេតរបស់លោកលើទ្រឹស្ដីរបស់អ្នកប្រាជ្ញស្តីអំពីអំណាចទឹកលុយ គឺនៅតែមានមនុស្សយកទ្រឹស្ដីនោះមកប្រើដើម្បីផលប្រយោជន៍របស់ខ្លួន ដោយលែងគិតពីភាពត្រឹមត្រូវ យុត្តិធម៌ ឬភាពថ្លៃថ្នូររហូតដល់បច្ចុប្បន្ននេះ រួមទាំងរដ្ឋាភិបាលដែលកំពុងដឹកនាំកម្ពុជាសព្វថ្ងៃនេះផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីព័ត៌មានលេចធ្លាយដែលត្រូវគេលាតត្រដាងថា កម្ពុជាបានប្រើលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួលក្រុមហ៊ុនមេធាវីអាមេរិកាំងមួយ ដើម្បីស្ដារទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើងវិញសម្រាប់ឆ្នាំ២០២២ នេះ។
កិច្ចព្រមព្រៀងសម្ងាត់ក្នុងទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិកដែលលោក ហ៊ុន សែន បានចំណាយសម្រាប់ឆ្នាំ២០២២ ក្នុងការជួលក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងជាសាធារណៈកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ អះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនដើម្បីធ្វើកិច្ចការនេះមែននោះ គឺជារឿងល្អ ព្រោះថាការធ្វើបែបនេះគឺជាការបញ្ជាក់ពីទឹកចិត្តល្អរបស់រដ្ឋាភិបាលកម្ពុជាជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ មករា នេះថា ប្រសិនបើយកលុយជាតិជួលក្រុមហ៊ុនដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឱ្យទទួលស្គាល់ការដឹកនាំរបស់ខ្លួនស្របពេលដែលខ្លួនរឹតត្បិតសេរីភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ គឺមានន័យថាពួកគេកំពុងក្បត់ទៅនឹងឆន្ទៈរបស់ពលរដ្ឋទាំងស្រុង។
លោក មឿន តុលា បញ្ជាក់ថា ពួកគេអាចប្រើលុយជួលក្រុមហ៊ុនបញ្ចុះបញ្ចូលទាំងនោះបាន លុះត្រាតែក្នុងលក្ខខណ្ឌដែលពួកគេធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពដើម្បីពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអាចទាញផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ និងប្រទេសជាតិទាំងមូល ប៉ុន្តែបើគ្រាន់តែដើម្បីការបិទបាំងការដឹកនាំមិនល្អរបស់ខ្លួននោះ គឺជាការបំផ្លាញលុយជាតិតែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីឆ្នាំ២០១៨ លោក ហ៊ុន សែន បានចំណាយលុយប្រមាណជាង ១លាន ២សែនដុល្លារ និងឆ្នាំ២០២១ បានចំណាយទឹកប្រាក់ប្រមាណជា ៧ម៉ឺនដុល្លារអាមេរិកក្នុងមួយខែៗដោយគ្មានកាលកំណត់លើក្រុមហ៊ុន ខ័រវីស (Qorvis LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និងក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោកបន្តទៀត៕