ក្រោយពីទទួលបានការយល់ព្រមពីសភាទាំងពីរថ្នាក់ រដ្ឋការលោក ចូ បៃដិន (Joe Biden) បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ មីនា ថា សហរដ្ឋអាមេរិកបានសម្រេចបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសរុស្ស៊ី ដែលជាវិធានការថ្មីមួយទៀត បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេសក្រុមបស្ចិមប្រទេសបានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់អ្នកជំនួញជនជាតិរុស្ស៊ី និងការបិទចរាចរប្រព័ន្ធធនាគាររបស់រុស្ស៊ី ដែលមាននៅអឺរ៉ុប នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
ចំណែកប្រទេសអង់គ្លេស រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Boris Johnson ក៏បានប្រកាសចូលរួមនឹងសហរដ្ឋអាមេរិកផងដែរ។ រដ្ឋាភិបាលលោក Boris Johnson ប្រកាសថា ជំហានដំបូងនឹងកាត់បន្ថយកាតនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីរុស្ស៊ី គឺ ២/៣ នៅក្នុងឆ្នាំ២០២២ នេះ ហើយអាចនឹងបន្ថែមទៀតរហូតដល់បិទទាំងស្រុង។ បើតាមសារព័ត៌មាន Financial Times ប្រទេសអង់គ្លេស នាំប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី មាន ១២%។
ចំណែកឯសហរដ្ឋអាមេរិក កាលពីឆ្នាំមុនបាននាំចូលប្រេងឆៅ និងផលិតផលប្រេងចម្រាញ់រួចជិត ៧០០ពាន់បារ៉ែលក្នុងមួយថ្ងៃពីរុស្ស៊ី។
ដោយឡែកប្រទេសអឺរ៉ុប បាននាំចូលប្រេងពីរុស្ស៊ី ប្រមាណ ៤,៥លានបារ៉ែលក្នុងមួយថ្ងៃ គឺស្មើនឹង ៦០%។ សម្រាប់ប្រទេសចិន នាំចូលគឺទាំងប្រេងឥន្ធនៈ និងឧស្ម័ន ២០% ពីរុស្ស៊ី។ រុស្ស៊ីគឺជាប្រភពផលិតប្រេងឥន្ធនៈ និងឧស្ម័នធំជាងគេមួយដែរនៃពិភពលោកជិត ៨លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA។
សម្រាប់សហភាពអឺរ៉ុប ដែលមាន ២៧ប្រទេស កំពុងពិភាក្សាក្នុងចំណោមសមាជិករបស់ខ្លួន ថាតើអាចអនុវត្តបានកម្រិតណានៃការដាក់ទណ្ឌកម្មលើវិស័យផលិតផលឧស្ម័ន និងប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ី។
អាល្លឺម៉ង់ជាប្រទេសនាំឧស្ម័នពីរុស្ស៊ី ច្រើនជាងគេ កំពុងស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរនៅឡើយ។ វិធានការបន្ថែមទៀតនេះ គឺជាការឆ្លើយតបការដែលប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ កុម្ភៈ បានលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលនាំឱ្យផ្ទុះសង្គ្រាមវាយប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសពីរនេះនៅពាសពេញប្រទេសអ៊ុយក្រែន។
គិតមកដល់ថ្ងៃនេះ សង្គ្រាមបានអូសបន្លាយ ១៤ថ្ងៃមកហើយ ដោយបណ្ដាលឱ្យមានជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅប្រទេសជិតខាងកើនឡើងជិត ២លាននាក់។ តែបើតាមប្រភពចារកម្មយោធាអង់គ្លេស ជនភៀសខ្លួនកើនឡើងជិត ៣លាននាក់។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ព្រមានថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រទេសរុស្ស៊ី ពីពួកបស្ចិមប្រទេសដែលមានលក្ខណៈធ្ងន់ធ្ងរ នឹងធ្វើឲ្យក្រុងមូស្គូ អាចរកវិធីសងសឹកតាមវិធីណាមួយដែលអាចធ្វើទៅបាន។
ការដាក់ទណ្ឌកម្មលើការនាំប្រេងឥន្ធនៈ និងឧស្ម័នពីរុស្ស៊ី បានធ្វើឱ្យទីផ្សារប្រេងអន្តរជាតិដំឡើងតម្លៃប្រេងឡើងដល់ ១៤០ដុល្លារក្នុងមួយបារ៉ែល ដែលពីមុនត្រឹម ១០០ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ។
រុស្ស៊ី គឺជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី៣ នៃពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប់រួមអ៊ីមេរ៉េត។ ក្នុងមួយថ្ងៃ រុស្ស៊ីផលិតប្រេងឆៅបានចំនួនជិត ៨លានបារ៉ែល។ ទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមប្រទេសលោកខាងលិចបានដាក់ទៅលើរុស្ស៊ី ដូចជាការដកធនាគាររុស្ស៊ី ប្រមាណ ៧០% ពីប្រព័ន្ធប្រតិបត្តិការធនាគារ SWIFT គឺអាចធ្វើឲ្យអ្នកទិញប្រេងមិនអាចទិញប្រេងពីរុស្ស៊ីបានទៀតទេ ព្រោះពិបាកនឹងទូទាត់ប្រាក់ ជាពិសេសសាច់ប្រាក់ដុល្លារ។
ដោយសារស្ថានភាពបែបនេះ រដ្ឋការរបស់លោក បៃដិន បានសម្រេចលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតប្រេងលំដាប់ទី៤ នៃពិភពលោក។
សហរដ្ឋអាមេរិកដែលជាប្រទេសប្រើប្រេងធំជាងគេនៅលើពិភពលោក បានសម្រេចទិញប្រេងពីប្រទេសវេណេហ្ស៊ុយអេឡាឡើងវិញ ក្រោយពីប្រទេសនេះរងទណ្ឌកម្មពីសហរដ្ឋអាមេរិកដ៏ធ្ងន់ធ្ងរជិត ៦ឆ្នាំមកហើយ។ រដ្ឋាភិបាលប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានសាទរការដែលអាមេរិកសម្រេចប្ដូរជំហរឡើងវិញ។ យ៉ាងនេះក្ដី រដ្ឋការលោក បៃដិន ក៏រងការរិះគន់ខ្លាំងដែរពីសមាជិកសភា និងព្រឹទ្ធសភាដែលសម្រេចលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ ដែលលោកខាងលិចហៅថាជាមេដឹកនាំផ្ដាច់ការ។
តែយ៉ាងណា អ្នកសង្កេតការណ៍យល់ថា បើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ យល់ព្រមផលិតប្រេងលក់ឱ្យអាមេរិក គឺជាការវាយសំពងលើរបបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលជាសម្ពន្ធភាពយុទ្ធសាស្ត្រនៃរបបលោក ម៉ាឌូរ៉ូ ហើយធ្វើឱ្យរុស្ស៊ីកាន់តែឯកា។
បែបនេះក្ដី រដ្ឋការលោក បៃដិន ក៏បានសម្រេចបញ្ចេញប្រេងដែលសហរដ្ឋអាមេរិកស្តុកទុកដើម្បីជួយបំពេញបន្ថែមតម្រូវការនៃការប្រើប្រាស់ថាមពលនៅសហរដ្ឋអាមេរិក៕