34 C
Phnom Penh

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​៨​នាក់​ត្រូវ​បាន​ដោះលែង​ខណៈ​សមាជិក​៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ៨​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​សមាជិក ៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កន្លងមក។

ការ​ដោះលែង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៨​នាក់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា។

បើ​តាម​លិខិត​ចំនួន​៨ ដាច់ដោយឡែក​ពី​គ្នា តែ​មាន​អត្ថន័យ​ដូចៗ​គ្នា បញ្ជាក់​ថា បុគ្គលិក និង​កម្មករ​កំពុង​ធ្វើ​កូដកម្ម​មិនទាន់​បាន​ចូល​ធ្វើការ​វិញ សូម​ចូល​ធ្វើការ​ទាំងអស់​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ដោះស្រាយ​វិវាទ​តាម​ផ្លូវច្បាប់ ខណៈ​បុគ្គលិក​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ សូម​សម្រាក​នៅ​ផ្ទះ ឬ​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​ចរចា។

ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប​ដែល​ត្រូវ​បាន​ដោះលែង ក្នុង​នោះ​មាន​កញ្ញា ឈឹម ស៊ីថរ អ្នកនាង សុន ស្រីពេជ្រ លោក សុខ ណារិទ្ធ អ្នកស្រី ទូច សិរីមាស អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឃ្លាំង សុបិន្ដ អ្នកស្រី ឈឹម សុខន និង​អ្នកស្រី ហៃ សុភាព។

ចំណែក​សកម្មជន​សហជីព​ចំនួន ៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ ក្រោម​បទ​ចោទ​ថា «ល្មើស​បម្រាម​សុខាភិបាល» បន្ទាប់ពី​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ​ពួកគេ។

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍​ទាំង ៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មករា ឆ្នាំ​២០២២ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ចំណែក​ចំពោះ​បុគ្គលិក​ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​កន្លងមក សូម​ក្រុមហ៊ុន​កុំ​មាន​គំនុំ​គុំកួន ឬ​ដាក់​ទោស​ទណ្ឌ ឬ​បង្ខំ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ទៀត។ ក្នុង​លិខិត​នោះ ពួកគេ​ក៏​បាន​សន្យា​ថា​មិន​តវ៉ា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​ជាតិ​ឡើយ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោកស្រី ចក់ សុភាព បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ នា​ថ្ងៃ​ទី​១៤ ខែ​មីនា ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ការ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប​នេះ​ជា​ការ​វិវឌ្ឍ​ដ៏​ប្រសើរ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដល់​វិវាទ​ការងារ​ដែល​អូស​បន្លាយ​យូរ​ហើយ​នោះ។

យ៉ាងណា​ក៏ដោយ ការ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៨​រូប ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍។

នៅ​ថ្ងៃ​ទី​១៥ មីនា សមាជិក​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្រមាណ ១០០​នាក់​បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​អគារ​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​សមាជិក ៣​នាក់​ទៀត​ដែល​មិនទាន់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ។ ប៉ុន្តែ​ការ​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​មុខ​ក្រុមហ៊ុន​របស់​ក្រុម​សមាជិក​សហជីព​នេះ ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​បំបែក ខណៈ​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ចំនួន​បញ្ឈប់​ការ​ថតរូប ហើយ​ត្រូវ​ចាកចេញ​ពី​ទីកន្លែង​នោះ។

អាជ្ញាធរ​បាន​ឃាត់​សួរ​ដេញដោល និង​បង្ខំ​ឱ្យ​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ម្នាក់​ចាកចេញ ហើយ​អាជ្ញាធរ​នៅតែ​ប្រើ​ពាក្យ​សម្ដី​បំពារបំពាន និង​រុញច្រាន​កូដករ​ឱ្យ​ចូល​ទៅ​ក្នុង​ឡាន ដើម្បី​ដឹក​ពួកគេ​យក​ទៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ចូលរួម​ពិភាក្សា​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​កូដករ​ណាហ្គា​វើលដ៍​តាម​ផ្លូវច្បាប់ និង​បញ្ឈប់​ការ​រារាំង ធ្វើ​ទុក្ខបុកម្នេញ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ក្រោម​ហេតុផល​ទប់ស្កាត់​កូវីដ-១៩ បន្ត​ទៀត ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​វិល​ចូល​តុ​ចរចា​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស